​កម្ពុជា​នាំ​កីឡាករ​៥​នាក់​ទៅ​ប្រកួត Homeless World Cup ​ឆ្នាំ​នេះ

ក្រុម​ហ៊ុន​ទូរសព្ទ Smart ​បាន​ឧបត្ថម្ភ​ទាំង​ស្រង់​ចំពោះ​ក្រុម​កីឡាករ​កម្ពុជា​ចំនួន​៥​នាក់​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Homeless Word Cup 2016 ​ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង Glasgow ប្រទេស​ស្កុតឡែន​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​១៦​ខែ​កក្កដា​ឆ្នាំ​២០១៦​នេះ។

 

​កម្ពុជា​នាំ​កីឡាករ​៥​នាក់​ទៅ​ប្រកួត Homeless World Cup ​ឆ្នាំ​នេះ

 

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​សម្រាប់​ជន​អនាថា​រដូវ​កាល​ឆ្នាំ​២០១៦ ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ទៀត​ហើយ​នៅ​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ខាង​កម្ពុជា​វិញ​ក៏​បាន​ត្រៀម​បញ្ចូល​កីឡាករ​ទៅ​ប្រកួត​រួច​រាល់​អស់​ហើយ​ដែរ។ ដោយ​កីឡាករ​ទាំង​៥​នាក់​តំណាង​ឱ្យ​កម្ពុជា​ចូល​រួម​ប្រកួត​នោះ មាន​ការ​ជ្រោមជ្រែង​ទាំង​ស្រង់​ពី​សំណាក់​ក្រុមហ៊ុន​ទូរសព្ទ​ Smart ​ហើយ​ក្រុម​ដែល​ទៅ​នោះ​ក៏​មាន​ឈ្មោះ​ថា ក្រុម​ស្មាត​កម្ពុជា។

 

ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ បង្កើត​ឡើង​ដើម្បី​បញ្ចប់​នៅ​ភាព​អនាថា ​និង​មាន​​គោល​បំណង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ជនអនាថា​ទាំង​អស់ ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ។ Homeless World Cup ​ដំណើរ​ការ​តាម​រយៈ​បណ្ដាញ​នៃ​ដៃ​គូ​ជាង​៧០​ប្រទេស ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​១៤​ហើយ។

 

ចំពោះ​រូបមន្ត​ការ​ប្រកួត​វិញ ត្រូវ​បាន​ផ្អែក​ទៅ​លើ​ច្បាស់​របស់ FIFA ​ប៉ុន្តែ​ត្រូវ​បាន​លេង​លើ​ទីលាន​តួច​ជាង​ទីលាន​ធម្មតា ដែល​មាន​ទំហំ​ជិត​ស្មើ​នឹង​ទំហំ​ទីលាន​បាល់ទាត់​ហ្វូតសាល។ ការ​ប្រកួត​មាន​រយៈ​ពេល​១៤​នាទី ដោយ​មួយ​តង់​ៗ​មាន​៧​នាទី អាច​សម្រាក​បាន​១​នាទី។ ក្រុម​នីមួយ​ៗ​ដែល​ចុះ​ឈ្មោះ​ប្រកួត អាច​ដាក់​កីឡាករ​ច្រើន​បំផុត​៨​នាក់ ហើយ​ការ​ប្រកួត​មាន​កីឡាករ​ក្នុង​ទីលាន​៤​នាក់ ៤​នាក់​ទៀត​នៅ​ក្រៅ​ទី​លាន អាច​ផ្លាស់ប្ដូរ​បាន​តាម​ចិត្ត។

 

​កម្ពុជា​នាំ​កីឡាករ​៥​នាក់​ទៅ​ប្រកួត Homeless World Cup ​ឆ្នាំ​នេះ

លោក ចៅ វិបុល ​អ្នក​ដឹក​នាំ​ក្រុម​កីឡាករ​

 

ចំពោះ​កម្ពុជា​វិញ​ក្នុង​ពាន​រង្វាន់​ខាង​លើ​១៤​រដូវ​កាល កម្ពុជា​បាន​ទៅ​ចូល​រួម​៩​ដង​ទាំង​លើក​នេះ​ហើយ ដោយ​រដូវ​កាល​មុន​មាន​ក្រុម​ចូល​រួម​ចំនួន​៤០​ក្រុម កម្ពុជា​ទទួល​បាន​លេខ​៣៦។ ខណៈ​ដែល​ឆ្នាំ​នេះ លោក ចៅ វិបុល ​អ្នក​ដឹក​នាំ​ក្រុម​កីឡាករ​ទៅ​ប្រកួត សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ឆ្នាំ​មុន៕

 

អត្ថបទ៖ មុន្នី រម្យ