ប៉ូលិស​ក្រុង Rio ធ្វើបាតុកម្ម​ព្រោះ​មិនបាន​បើក​ប្រាក់ខែ ខណៈ​អូឡាំពិក​កាន់តែ​ជិត​ដល់​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-06-2016, 2:48 pm         110

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ូលិស​ក្រុង Rio ធ្វើបាតុកម្ម​ព្រោះ​មិនបាន​បើក​ប្រាក់ខែ ខណៈ​អូឡាំពិក​កាន់តែ​ជិត​ដល់​​នៅសល់តែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ ដែល​ប្រេ​ស៊ី​ល​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​មកដល់​។ ប៉ុន្តែ​នៅឯ​ទីក្រុង Rio de Janeiro ដែល​កន្លែង​ប្រារព្ធ​ពិធី​ដ៏​ធំ​នេះ កំពុងតែ​រង​វិបត្តិ​យ៉ាងខ្លាំង ដ្បិត​មន្ត្រីប៉ូលិស និង​អ្នក​សង្គ្រោះបន្ទាន់ ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល ក្រោយ​ពួកគេ មិនបាន​បើក​ប្រាក់ខែ​នោះទេ​។ 

​អំពើហិង្សា ហាក់ដូចជា​កើតឡើង​ខ្លាំង នៅឯ​ទីក្រុង Rio de Janeiro ដែលជា​ម្ចាស់ផ្ទះ​នៃ​កីឡា អូ​ឡា​ពិ​ក​រដូវក្ដៅ​ឆ្នាំ​២០១៦ ខណៈដែល​ក្រុម​មន្ត្រីប៉ូលិស កំពុង​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល​រដ្ឋ Rio ដោយ​តវ៉ា​ថា ពួកគេ​មិនបាន​បើកប្រាក់​ខែ​យូរ​មកហើយ​។ មន្ត្រីប៉ូលិស​ទាំងនោះ បាន​ផ្ញើ​សារ​ច្បាស់ៗ​ទៅ​ឲ្យ​ភ្ញៀវទេសចរ​ថា ប៉ូលិស​មិនអាច​ការពារ​ភ្ញៀវទេសចរ​បានទេ​។​

​នៅ​ថ្ងៃទី​៤ ខែកក្កដា ប៉ូលិស​នៅ​រដ្ឋ Rio បានធ្វើ​បាតុកម្ម​នៅ​ព្រលានយន្តហោះ ដោយ​លើក​បដា​ថា «​ស្វាគមន៍​មកកាន់​នរក​»​។ ក្រៅពីនោះ បដា​ខ្លះទៀត​ត្រូវបាន​សរសេរថា «​ប៉ូលិស និង​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ មិនបាន​បើកប្រាក់​ទេ ហើយ​អ្នកណា​ដែល​មកលេង Rio de Janeiro នឹង​មិនមាន​សុវត្ថិភាព​ទេ​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN​។

​តាមពិតទៅ ការភ័យខ្លាច ឬ​គ្រោះថ្នាក់ មិន​ត្រឹមតែ​កើតឡើង​ចំពោះ​ភ្ញៀវទេសចរ ដែល​មកកាន់​ទីក្រុង​នេះនោះ​ទេ សូម្បីតែ​ប្រជាជន​ក្នុងស្រុក​ក៏​រង​ផលប៉ះពាល់​ផងដែរ​។ ប្រជាជន​ក្នុងស្រុក ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​ប៉ូលិស ដែលមាន​លក្ខណៈ​កាច​សាហាវ​ខ្លាំង​។ លោក Higor da Silva ដែល​រស់នៅក្នុង Rio និយាយថា ពួកគេ​មិន​ខ្វល់​ថា មាន​ក្មេង​នៅ​កណ្ដាល​ឬ​អត់​ទេ តែ​ពួកគេ​ដឹង​តែ​បាញ់​គោលដៅ​ប៉ុណ្ណោះ​។

​យ៉ាងណាក្ដី មន្ត្រី​សន្តិសុខ​ប្រចាំ​រដ្ឋ Rio បាន​ប្រាប់ CNN ថា នាពេល​កន្លងមក ពួកគេ​បាន​ចាត់វិធានការ​បណ្ដេញ​ប៉ូលិស ដែល​ប្រើ​អំណាច​ហួសហេតុ និង​បាន​បន្ថយ​ការប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ផងដែរ​។ ចំណែក​អភិបាលរដ្ឋ Rio លោក Eduardo Paes និយាយ​ដែរ​ថា រដ្ឋបាល​របស់លោក មិនបាន​បំពេញការងារ​ត្រឹមត្រូវ លើ​ការងារ​សន្តិសុខ​ទេ ខណៈដែល​កីឡា​អូឡាំពិក នឹង​ចាប់ផ្ដើម​នៅ​ខែសីហា​ខាងមុខ​។    

​ជាមួយគ្នានេះ បើទោះជា​មាន​បញ្ហា​ក៏ដោយ អ្នករៀបចំ​កីឡា​អូ​ឡា​ពិ​ក ក៏​ធានាថា ខ្លូន​ត្រៀម​រួចស្រេច​ដើម្បី​ដំណើការ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។ ក្នុង​សន្និសីទ នៅ​ថ្ងៃទី​៥ ខែកក្កដា លោក Carlos Arthur Nuzman ប្រធាន​គណៈកម្មាធិការ​រៀបចំ​អូឡាំពិក​២០១៦ និយាយថា ៖«​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​។ កម្មវិធី​អាច​ធ្វ​ឡើង​ថ្ងៃនេះ​ក៏បាន​ដែរ​»​។

​ទន្ទឹមនឹងនេះ លោក​អភិបាល Paes បាន​ឯកភាព​នឹង​ការលើកឡើង​របស់​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ផងដែរ​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា អ្នកទេសចរ មិនត្រូវ​រំពឹងថា អ្វីៗ​នឹង​ដូច​នៅ ឈី​កា​ហ្គោ ក្រុង​ឡុង​ដ៍ ឬ​ក្រុង​ញូវយ៉ក នោះឡើយ​។ លោក​បញ្ជាក់ថា កម្រិត​នៃ​ការអភិវឌ្ឍ គឺ​ខុសគ្នា​៕