ឈឺចិត្តចង់ស្លាប់​​ ព្រោះ​​កើត​ជា​​កូន​បំផ្លាញ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​​ធ្វើ​ឱ្យ​ផ្អើល​គេ​ផ្អើល​ឯង នាំ​គ្នា​ទៅ​ជួយ​ស្រង់​ចេញពី​ទឹក​ទន្លេ​មក​ដាក់​លើគោក បន្ទាប់​ពី​លោត​ចុះ​ពីលើ​ស្ពាន​លី​យ៉ុ​ង​ផាត់​សម្លាប់​ខ្លួន តែ​មិន​​សម្រេច ​ព្រោះ​​ឃើញ​​ទាន់​ ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃ​ទី​០៦ កក្កដា ២០១៦ នេះ ស្ថិត​ត្រង់​ចំណុច​លើ​ស្ពាន​លី​យ៉ុ​ង​ផាត់ ក្នុងភូមិ​កណ្តាល សង្កាត់​ស្វាយប៉ាក ខណ្ឌ​ព្រែក​ព្នៅ ។

បើ​តាម​ប្រភព​ពី​​ជន​រង​គ្រោះ​រៀបរាប់​ថា ខ្លួន​គេ​ឈ្មោះ​សេង វីរ​ទូ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​មួយក្បែរ​សំរោង​អណ្តែត​ ផ្ទះ​លេខ​៤ ផ្លូវ​ច្រក​C ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ។ ជន​រង​គ្រោះ​ឱ្យ​ដឹង​ទៀត​ថា រូបគេ​តូចចិត្ត​ណាស់ ដោយ​ត្រូវ​ម្តាយ​មិនព្រម​​ឱ្យ​គេ​ចូល​ផ្ទះទេ ព្រោះ​គាត់​ខឹង​នឹង​​ខ្លួនថា ​ជា​កូន​​បំផ្លាញ ទើប​ខ្លួន​តូច​ចិត្ត​​សម្រេច​បញ្ចប់ជីវិត​តែ​ម្តង​ទៅ ។

​តែ​បើ​​តាម​ដឹង យុវជនខាងលើ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិអស់ច្រើន ដោយ​​លក់​ម៉ូតូ​របស់​ម្តាយ​អស់​៥​គ្រឿង​​ហើយ ។ ក្រោយ​កើត​ហេតុ សមត្ថកិច្ចបានឱ្យម៉ូតូឌុប​ជូនទៅផ្ទះវិញ ព្រោះ​មិន​ឃើញ​ក្រុមសាច់ញាតិ​មក​ទទួលនោះទេ​ ។