ប្រធានក្លិប AC Milan ទើបចេញពីពេទ្យថា នឹងលក់ក្លិបឲ្យវិនិយោគចិន

លោក Silvio Berlusconi ប្រធានក្លិប Milan បានបញ្ជាក់ថា លោកនឹងលក់ក្លិបដែលធ្លាប់ឈ្នះជើងឯកអឺរ៉ុប ៧ដង ទៅអ្នកវិនិយោគជនជាតិចិន និងរំពឹងថា នឹងទទួលបានប្រាក់ ៤០០លានអឺរ៉ូ (៣៣៨លានផោន) ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
Berlusconi ដែលបានទិញក្លិបនេះក្នុងឆ្នាំ ១៩៨៦ បានធ្វើការចរចាជាងមួយឆ្នាំ ជាមួយភាគីចាប់អារម្មណ៍ដទៃ ប៉ុន្តែបច្ចុប្បន្ន មានការជឿជាក់ថា កិច្ចព្រមព្រៀង នឹងត្រូវបានបញ្ចប់ បន្ទាប់ពីលោកបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញ ក្រោយវះកាត់បេះដូង។

Silvio-Berlusconi-ft16

លោកថ្លែងថា «ខ្ញុំបានចំណាយពេល ២៦ឆ្នាំ ដែលក្រោយមកបាន ៣០ឆ្នាំនេះ។ ក្តីបារម្ភនោះគឺថា អំឡុងពេល ៤ឆ្នាំចុងក្រោយ ខ្ញុំមិនបានគ្រប់គ្រងធ្វើអ្វីសោះ ដូចដែលខ្ញុំបានធ្វើកាលពីអតីតកាល»។
លោកបន្តថា «ជម្រើសដែលខ្ញុំបានធ្វើការសម្រេចចិត្តនោះ គឺជារឿងសំខាន់មួយ។ ខ្ញុំចង់ប្រគល់ AC Milan ទៅមនុស្ស ដែលអាចធ្វើឲ្យក្លិបជាកម្លាំងមួយយ៉ាងខ្លាំងម្តងទៀត មិនត្រឹមតែនៅក្នុងអ៊ីតាលីទេ ប៉ុន្តែ ទាំងអឺរ៉ុប និងពិភពលោកផងដែរ»។
Milan ត្រូវបានរាយការណ៍ពីការខាតបង់ ៩៣លានអឺរ៉ូកាលពីឆ្នាំមុន និងទើបតែងតាំងលោក Vincenzo Montella ជាគ្រូបង្វឹកថ្មីកាលពីសប្តាហ៍មុន។ ពួកគេបញ្ចប់រដូវកាល ត្រឹមលេខ ៧ និងមិនបានចូលលេងក្នុងពានទ្វីបអឺរ៉ុប ៣ដងជាប់ៗគ្នា។
លោក Robin Li ស្ថាបនិកនៃ គេហទំព័ររុករក Baidu និងជាមហាសេដ្ឋីទី ៦ប្រចាំប្រទេសចិន ត្រូវបានគេជឿថានឹងក្លាយជាបេក្ខភាពនាំមុខក្នុងទិញយក ដែលនឹងទិញ ភាគហ៊ុន ៧០%នៅក្នុងក្លិប៕