ក្រុមអូស្រ្តាលី ប្រកួតជាមួយយុវជនភ្នំពេញក្រោន បន្តិចទៀតនេះ

ខណៈក្រុមយុវជនអាយុក្រោម១៦ឆ្នាំរបស់កម្ពុជា និងក្រុមU16មីយ៉ាន់ម៉ា ត្រូវប្រកួតដកស្រងបច្ចេកទេសគ្នា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៧ថ្ងៃពុធនេះ ដើម្បីត្រៀមការប្រកួត AFF U16 Championship 2016 នោះ ក្រុមU16អូស្រ្តាលី ក៏បានចាប់យកក្រុមU16ភ្នំពេញក្រោន ដើម្បីប្រកួតមិត្តភាពដកស្រងបច្ចេកទេស ដើម្បីត្រៀមការប្រកួតនេះដូចគ្នា។

mm2

ក្រុមU16អូស្រ្តាលី នឹងត្រូវប្រកួតជាមួយក្រុមU16ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ បន្ទាប់ពីពួកគេបានធ្វើការហ្វឹកហាត់អស់រយៈពេល២ថ្ងៃ នៅកីឡដ្ឋាន RSN នេះ ហើយការប្រកួតនេះមិនមានការលក់សំបុត្រ ដូចការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមU16កម្ពុជា និងក្រុមU16មីយ៉ាន់ម៉ា នោះឡើយ។

mm3

សម្រាប់ការប្រកួត ពានរង្វាន់ AFF U16 Championship 2015 ក្រុមU16អូស្រ្តាលី បានទទួលចំណាត់ថ្នាក់លេខ៣ ខណៈពួកគេបានភ្លាត់ចេញក្រុមU16ជម្រើសជាតិថៃ ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលពួកគេលត់ក្រុមU16ជម្រើសជាតិឡាវ ១០-២ ក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤នោះ។
ចំណែកក្រុម U16ភ្នំពេញក្រោន ក៏មានបទពិសោធប្រកួតច្រើននៅក្រៅប្រទេស និងក្នុងប្រទេសផងដែរ ហេតុនេះការប្រកួតនេះអាចនឹងមានភាពស្វិតស្វាញខ្លាំង។

គួរបញ្ជាក់ថា ការប្រកួត AFF U16 Championship 2016 ដែលនឹងធ្វើនៅពហុកីឡដ្ឋានជាតិ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី២៣ ខែកក្កដានោះ ក្រុមU16អូស្រ្តាលី បានឈរនៅពូលAជាមួយក្រុមមីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី ខណៈពូលBមានក្រុមម្ចាស់ផ្ទះកម្ពុជា ថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ៕