ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?

ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប៉ះវែល ក្នុងការប្រកួត Euro 2016 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាន Parc OL ទីក្រុង Lyon ប្រទេសបារាំង នាវេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រយប់នេះ។

ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?Cristiano Ronaldo (លេខ៧, ឆ្វេង) និង Gareth Bale តារាឆ្នើមរបស់វែល

ព័រទុយហ្គាល់ ដែលទម្លាក់ប៉ូឡូញ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី កាលវគ្គ៨ក្រុម ជាក្រុមខ្លាំងមួយ ដោយធ្លាប់ឡើងដល់វគ្គ Semi-Final ៥ដងហើយទាំងលើកនេះ ខណៈដែលវែល ដែលទម្លាក់បែលហ្សិក ដោយលទ្ធផល ៣-១ កាលវគ្គ៨ក្រុម ទើបតែឡើងដល់វគ្គនេះជាលើកដំបូងប៉ុណ្ណោះ។ ដូច្នេះចាំមើលថា យប់នេះព័រទុយហ្គាល់ អាចធ្វើស៊ីក្រុមក្មេងខ្ចីបានអត់?

ប្រវត្តិជួបគ្នា និងស្ថិតិ៖

– ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នាតែ៣ដងប៉ុណ្ណោះ ហើយមិត្តភាពទាំង៣ប្រកួត ដោយក្នុងនោះព័រទុយហ្គាល់ឈ្នះ២ វែលឈ្នះ១។ ជួបគ្នាលើកចុងក្រោយកាលឆ្នាំ២០០០ ព័រទុយហ្គាល់ ឈ្នះ ៣-០។

– ព័រទុយហ្គាល់ មិនដែលចាញ់ទេ ក្នុងការប្រកួត១២ដងចុងក្រោយ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Fernando Santos (ឈ្នះ៨, ស្មើ៤)។

– ៦ប្រកួតចុងក្រោយរបស់ព័រទុយហ្គាល់ នៅ Euro ស្មើទាំង៦ប្រកួត គិតត្រឹម៩០នាទី ដោយក្នុងនោះ៥ប្រកួត នៅ Euro 2016 តែម្ដង និង១ប្រកួតទៀត កាលស្មើ ០-០ ទល់នឹងអេស្ប៉ាញ នៅ Euro 2012 ប៉ុន្តែពេលនោះចាញ់អេស្ប៉ាញ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។

– វែល ស៊ុតបាន១០គ្រាប់នៅ Euro 2016 ហើយមានតែក្រុមម្ចាស់ផ្ទះបារាំងប៉ុណ្ណោះ ដែលស៊ុតបានច្រើនជាងពួកគេ (១១គ្រាប់)។

– Gareth Bale របស់វែល ស៊ុតចំគោលដៅ១៤ជើងនៅ Euro 2016 ច្រើនជាងកីឡាករណាៗទាំងអស់។

សម្ដីគ្រូបង្វឹក៖

ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់

Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់៖ “ប្រកួតនេះ មិនមែន Ronaldo ប្រកួតជាមួយ Bale ទេ។ ក្រុមទាំង៤ឈានដល់វគ្គនេះ គ្រប់កីឡាករទាំងអស់ ស៊ុតតែមានគោលដៅដូចគ្នា។ វែលជាក្រុមល្អ មានបច្ចេកទេសល្អ។ វែល លេងបានយ៉ាងល្អនៅព្រឹត្តិការណ៍នេះ ពួកគេបានឡើងផុតពូល ដែលជាពូលដ៏តានតឹង និងអាចឈ្នះបែលហ្សិក ដែលជាក្រុមខ្លាំងបំផុតលើលោកទៀត”។

ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?Chris Coleman គ្រូបង្វឹកវែល

Chris Coleman គ្រូបង្វឹកវែល៖ “ខ្ញុំមិនដែលគិតថា យើងអាចឡើងដល់វគ្គ Semi-Final ទេ មុនពេល Euro 2016 ចាប់ផ្ដើម។ ពេលខ្ញុំមើលទៅក្នុងពូល ខ្ញុំគិតថាយើងអាចនឹងធ្លាក់ត្រឹមវគ្គចែកពូលហ្នឹង។ ព័រទុយហ្គាល់ ជាក្រុមមានប្រៀបជាង ប៉ុន្តែកីឡាកររបស់យើង នឹងបង្ហាញសមត្ថភាពទាំងអស់ឲ្យឃើញនៅលើទីលាន”។

ជើងកីឡាករ៖

ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?សកម្មភាពហ្វឹកហាត់របស់ក្រុមព័រទុយហ្គាល់

ព័រទុយហ្គាល់ ខ្សែការពារ Pepe កំពុងស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពីខកខានហ្វឹកហាត់កាលថ្ងៃច័ន្ទ ដោយសាររបួសសាច់ដុំភ្លៅ ខណៈដែលខ្សែបម្រើ William Carvalho ជាប់បម្រាម (កាតលឿង២ដង) ដូច្នេះ Danilo Pereira របស់ក្រុម Porto អាចនឹងជំនួសតំណែងនេះ។ ១១នាក់ដំបូងរបស់ព័រទុយហ្គាល់ អាចជា៖ Rui Patrício; Cédric, Fonte, Ricardo Carvalho, Guerreiro; Danilo, João Mário, Adrien Silva, Sanches; Nani, Ronaldo។

ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?សកម្មភាពហ្វឹកហាត់របស់ក្រុមវែល

រីឯវែល នឹងអវត្តមានខ្សែបម្រើឆ្នើម Aaron Ramsey ជាប់បម្រាម (កាតលឿង២ដង) និងខ្សែការពារ Ben Davies ក៏ដូចគ្នា។ ដូច្នេះ១១នាក់ដំបូងរបស់វែល អាចជា៖ Hennessey; Chester, Ashley Williams, Collins; Gunter, Allen, Ledley, Jonathan Williams, Taylor; Bale, Robson-Kanu៕

ព្យាករណ៍៖ ព័រទុយហ្គាល់ ១-១ វែល , ព័រទុយហ្គាល់ឡើងវគ្គផ្ដាច់ព្រ័ត្រ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ sabay

  • ព័រទុយហ្គាល់​ ឬ​ វែល ឡើង​ផ្ដាច់ព្រ័ត្រ Euro 2016 យប់​នេះ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កំសាន្ត
Tags: