លោក​សម រង្ស៊ី៖ យុទ្ធសាស្ត្រ​បំបែក​៣​ចំណុច​របស់​លោក​ហ៊ុន សែន​បរាជ័យ

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់សមាជិករបស់ខ្លួនកាលពីថ្ងៃទី២៩ មិថុនាប៉ុន្តែទើបតែផ្សព្វផ្សាយបានលើកឡើងថា យុទ្ធសាស្ត្របីចំណុចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងប្រើ បានបរាជ័យ។ គណបក្សប្រជាជនបានលើកឡើងថាលោក សម រង្ស៊ី កំពុងនិយាយយកត្រូវខ្លួនឯងប៉ុណ្ណោះ។

យុទ្ធសាស្ត្របំបែកបំបាក់បីចំណុច ដែលលោក សម រង្ស៊ី ចោទលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទី១គឺការបំបែកលោក សម រង្ស៊ី-លោកកឹម សុខា ទី២ ការបំភិតបំភ័យប្រជាពលរដ្ឋឱ្យឈប់គាំទ្រគណបក្សប្រឆាំង និងទី៣ គឺការបំភ័ន្តសហគមន៍អន្តរជាតិ និងចង់បំផ្លាញដំណើរការបោះឆ្នោត។ គណបក្សប្រជាជនបានច្រានចោលការចោទកាន់នេះ ហើយថាការបែកមិនបែក គឺជារឿងប្រធានគណបក្សទាំងពីរតែប៉ុណ្ណោះ។

ក្នុងខ្លីបវីឌេអូប្រមាណជិត៨នាទី លោកសម រង្ស៊ី បានអះអាងថាយុទ្ធសាស្ត្រទាំង៣ចំណុចនេះសុទ្ធតែបរាជ័យព្រោះថា មេដឹកនាំបក្សប្រឆាំងគឺលោកសម រង្ស៊ីនិងកឹម សុខា មិនបែកគ្នានោះទេ បើទោះបីជាមានការព្យាយាមពីប្រធានគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ទី២ ការចោទមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ ដែលដឹកនាំដោយគណបក្សប្រជាជន ថាបានបំភិតបំភ័យដល់សមាជិកគណបក្សខ្លួនតាំងពីសមាជិករដ្ឋសភា ដល់សមាជិកក្រុមប្រឹក្សាឃុំ ក្រៅពីនេះ ការបំភិតបំភ័យក៏បានរាលដាលដល់សង្គមស៊ីវិលផងដែរ។ នេះគឺគម្រោងដើម្បីបំបែកសំឡេងគាំទ្ររបស់គណបក្ស។ និងទី៣ គឺការគាបសង្កត់មកលើបក្សប្រឆាំង និងស្ថាប័នបោះឆ្នោត ដែលសហគមន៍អន្តរជាតិកំពុងតាមដាន និងថ្កោលទោស។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សបានអះអាងថា លោកសម រង្ស៊ី និយាយចេះតែរកត្រូវដាក់ខ្លួន។ ហើយលោកថា បច្ចុប្បន្ននេះ គឺអ្នកណាម្នាក់អាចទៅបំភិតបំភ័យពលរដ្ឋមិនឱ្យដើរតាមបក្សនេះ ឬដើរតាមបក្សណាមួយបានឡើយ។ ការបញ្ចេញវីឌេអូវាយប្រហារធ្ងន់ៗមកលើ គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺខណៈដែលជម្លោះនយោបាយរវាងបក្សទាំងពីរនៅបន្តអូសបន្លាយអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ គណបក្សប្រជាជនកម្ពុជាមិនព្រមចរចាជាមួយបក្សសង្គ្រោះជាតិលើរបៀបវារៈអ្នកប្រឈមនឹងប្រព័ន្ធធនាគារជាដាច់ខាតព្រោះថានោះគឺជាការអនុវត្តច្បាប់ បើទោះបីជាសង្គ្រោះជាតិ និងអន្តរជាតិបានអំពាវនាវក៏ដោយ។

ក្រុមអ្នកវិភាគបានមើលឃើញថាការវាយប្រហារ ឬការរិះគន់រវាងប្រធានគណបក្សទាំងពីរ គឺជារឿងធម្មតាទៅហើយរបស់អ្នកនយោបាយខ្មែរ។ ហើយយុទ្ធសាស្រ្តបំបែកបំបាក់ និងទិញទឹកចិត្ត គឺអ្នកនយោបាយខ្មែរក៏តែងប្រើដើម្បីផ្តួលគូរប្រជែងនោះក៏ជារឿងសាមញ្ញផងដែរ។ យ៉ាងណាក៏ដោយ ការបើកយុទ្ធនាការរិះគន់ ឬវាយប្រហារខ្លាំងៗមកលើរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី គឺជានយោបាយបិទផ្លូវចរចាព្រោះថានឹងធ្វើឱ្យបក្សទាំងពីរបែរខ្នងដាក់គ្នាកាន់តែខ្លាំង៕

ប្រភពៈ RFI


Related Posts