ព្រឹត្តិការណ៍បង្ហូរឈាមកាលពីជិត២០ឆ្នាំមុនត្រូវបានរំលឹកឡើងវិញ

ថ្ងៃនេះជាខួបលើកទី១៩ឆ្នាំនៃព្រឹត្តិការណ៍បង្ហូឈាមមួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលកើតឡើងដោយសារការប៉ះទង្គិចគ្នាដោយអាវុធ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។

នៅថ្ងៃនេះ គណបក្ស សង្រ្គោះជាតិ បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលស្លាប់ក្នុងព្រឹត្តិការណ៍នោះ ដោយមានវត្តមាន លោក កឹម សុខា ចូលរួម បើទោះជាគណបក្សនេះមិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះក៏ដោយ។

ចំណែក លោក ញឹក ប៊ុនឆៃ អតីតមេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើពិធីនេះដែរ នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅក្នុងវត្តចំបក់មាស ខេត្តកណ្ដាល។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលជាអតីតគូរជម្លោះ នឹងគណបក្សរាជានិយមនោះ មិនដែលឃើញរំលឹកព្រឹត្តិការណ៍បង្ហូរឈាមនោះឡើយ។

ឯកសារជាច្រើនបានអះអាងថា ព្រឹត្តិការណ៍បង្ហូឈាម ថ្ងៃ៥-៦ កក្កដាឆ្នាំ១៩៩៧ ដែលអ្នកខ្លះហៅថាជា«រដ្ឋប្រហារ»នោះ បានសម្លាប់អ្នកដែលស្មោះត្រង់នឹងសម្តេចក្រុមព្រះ ជានាយករដ្ឋមន្រ្តីទី១ ជាង ១០០ នាក់ ទាំងនៅក្នុងព្រឹត្តិការណ៍និងនៅក្រោយព្រឹត្តិការណ៍ ខណៈសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ កាលណោះ៕

ប្រភពៈ VOD


Related Posts