លំ​ហាត់​យោធា​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​រឿង​ចៃដន្យ​? និពន្ធដោយ : ទេព អ៊ីវិសាល       July-06-2016, 4:11 pm         111

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លំ​ហាត់​យោធា​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​រឿង​ចៃដន្យ​?​មកទល់​ថ្ងៃនេះ គឺជា​ថ្ងៃទី​ពីរ​ហើយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាននិងកំពុង​តែ​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់​ដែល​កំពុង​តែមាន​ជម្លោះ គឺ​សមុទ្រ​ចិន​ខាងត្បូង​។ លំ​ហាត់​យោធា​នេះ បាន​ធ្វើឡើង​ស្របពេល ដែល​តុលាការអន្តរជាតិ​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់ ត្រៀម​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​ផងដែរ​។ វា ក្លាយជា​សំណួរ​មួយ​ថា​តើ​សមយុទ្ធ​យោធា​នេះ​គឺជា​រឿង​ចៃដន្យ​ឬ​យ៉ាងណា​?

​នាវាចម្បាំង​ជាច្រើន​គ្រឿង បាន​មាន​វត្តមាន​នៅក្នុង​សមយុទ្ធ​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​០៥ និង​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែកក្កដា​ខាងមុខនេះ​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ចិន CCTV នាវាចម្បាំង​ទាំងនោះ ក៏​រួមមាន​នាវា​ពិឃាដ​នាំ​ផ្លូវ​ដែល​បំពាក់​ដោយ​មី​ស៊ី​លពីរ​គ្រឿង​ប្រភេទ Shenyang និង Ningbo និង​នាវាចម្បាំង​មួយគ្រឿង​ប្រភេទ Chaozhou ដែល​បំពាក់​ដោយ​មី​ស៊ី​ល​ផងដែរ​។

​បើតាម​រយៈ​សេចក្តីថ្លែងការណ៍​អន​ឡាញ រដ្ឋបាល​សុវត្ថិភាព​ដែនសមុទ្រ​ចិន នៅ​ថ្ងៃទី​០៣​ខែកក្កដា​កន្លងទៅ សមយុទ្ធ ដែល​ត្រូវធ្វើឡើង​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា​ខាង​គ្របដណ្តប់​ពី​ភាគ​ខាងកើត​នៃ​កោះ Hainan របស់​ចិន រហូតដល់​តំបន់​ក្បែរ​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​ផងដែរ​។ នាវា​ផ្សេងៗ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ដែនទឹក​នោះទេ ក្នុងអំឡុងពេល​នៃ​ការធ្វើ​សមយុទ្ធ​រយៈពេល​មួយ​សប្តាហ៍​នោះ​។

​មតិ​រិះគន់​មួយចំនួន បាន​យល់ឃើញថា​សមយុទ្ធ​រប​ស់​យោធា​ចិន គឺជា​ការ​សម្ញែង​យោធា និង​ផ្គើន​ទៅកាន់​ក្រសែភ្នែក​អន្តរជាតិ​ដែល​កំពុងតែ​តាមដាន​ឥរិយាបថ​របស់​ចិន ខណៈពេលដែល​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ ត្រៀម​នឹង​ប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា ខាងមុខនេះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ នឹង​ប្រកាស​សាលក្រម​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​ហើយ​។ បើទោះបីជា​លទ្ធផល​មិនដឹងថា​ភាគី​ណា ឈ្នះ​ក៏ដោយ មតិ​ភាគច្រើន មើលឃើញថា ហ្វីលីពីន អាចមាន​ប្រៀប​ច្រើនជាង​ក្នុង​នីតិវិធី​ច្បាប់​ជា​លក្ខណៈ​ឯកតោភាគី​មួយ​នេះ​។

​ចិន ក្រៅពី​បាន​បដិសេធ​មិន​ចូលរួម​ដោះស្រាយ​តាម​នីតិវីធី​ច្បាប់​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣​នោះ ជារឿយៗ​ក៏បាន​ប្រកាស​ដែរ​ថា មិន​ទទួលស្គាល់​លើ​សេចក្តីសម្រេច​នោះឡើយ​ដោយ​។ ក្នុងនោះ ក្រុង​ប៉េកាំង បាន​ចោទថា សាលាក្តី​នោះ មិនមាន​យុត្តាធិការ​ដោះស្រាយ​។​

​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន​នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃទី​០៥ ខែកក្កដា ម្សិលមិញ ដែល​បាន​សួរថា​តើ​មានការ​ជំរុញ​អ្វីខ្លះ​ពីក្រោយ​នៃ​សមយុទ្ធ​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​បកស្រាយ​យ៉ាងខ្លី​ថា « លំ​ហាត់​យោធា​ពាក់ព័ន្ធ​ទាំងអស់ គឺជា​លំ​ហាត់​ជាប្រចាំ​ដោយ​យោងតាម​ផែនការ​ប្រចាំឆ្នាំ​របស់​កងទ័ពជើងទឹក​ចិន​ប៉ុណ្ណោះ​»​។

​យ៉ាងណា​ក៏ដោយចុះ សមយុទ្ធ​យោធា​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រទេសជិតខាង ជាពិសេស​ភាគី​ពាក់ព័ន្ធ​នឹង​តំបន់​ជម្លោះ​ដែល​ចិន បាននិងកំពុង​តែ​ធ្វើ​សមយុទ្ធ​យោធា​នោះទេ​។ ក្នុងនោះ រដ្ឋាភិបាល​វៀតណាម បាន​ប្រតិកម្ម និង​តវ៉ា​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ដែល​កំពុង​តែមាន​ស្ថានភាព​តានតឹង​ស្រាប់​នោះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​ បាន​ថ្លែង​ប្រតិកម្ម​មុនពេល​ថ្ងៃ​សមយុទ្ធ​មួយថ្ងៃ​ថា សមយុទ្ធ​យោធា​របស់​ចិន​ដែល​ស្ថិត​ក្បែរ​តំបន់​ជម្លោះ​ប៉ា​រ៉ា​សែ​ល​នៃ​សមុទ្រ​ចិន​ខាងត្បូង បាន​បំពាន​សិទ្ធិ​អធិបតេយ្យ​របស់​វៀតណាម​យ៉ាងធ្ងន់ធ្ងរ​ម្តងទៀត​លើ​បណ្តុំ​កោះ​នោះ​។

​បន្ថែម​ពីនេះ វៀតណាម ក៏បាន​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​សមយុទ្ធ​នោះ និង​ទាមទារ​ឲ្យ​ចិន គោរព​អធិបតេយ្យ​របស់​វៀតណាម ក្នុង​ឥរិយាបថ​ទទួលខុសត្រូវ និង​បញ្ឈប់​ជាបន្ទាន់ និង​ចៀសវាង​សកម្មភាព​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ដែនសមុទ្រ និង​សុវត្ថិភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​លើ​បណ្តុំ​កោះធំ​ពីរ គឺ​បណ្តុំ​កោះ​ស្ព្រា​ត​លី (Spratly Islands) និង​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​។ បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល មាន​ភាគី​ទាមទារ​ដូចជា​វៀតណាម តៃវ៉ាន់ និង​ចិន​។ ភាគី​ជម្លោះ​ទាំងអស់​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម តៃវ៉ាន់ និង​ចិន​៕