ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ចិន​ស្លាប់​128​នាក់

យោង​តាម​តួលេខ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៥ កក្កដា ដោយ​ក្រសួង​កិច្ចការ​ស៊ី​វិល​ចិន​ថា ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២៨​នាក់ និង​បាត់​ខ្លួន​៤២​នាក់ ក្នុង​តំបន់​១១​នៃ​ប្រទេស​ចិន​រយៈពេល​៥​ថ្ងៃ ។

ក្រសួង​នេះ​និយាយ​ថា ភ្លៀង​ដែល​នៅ​បន្ត​ធ្លាក់​ចាប់តាំងពី​ថ្ងៃ​ទី​៣០ មិថុនា មក បណ្តាល​ឱ្យ​បាក់​ផ្ទះ​៤១.០០០​ខ្នង និង​បង្ខំ​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ជាង​១,៣៤​លាន​នាក់​ក្នុង​តំបន់​១១​នេះ ដែល​ភាគច្រើន​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ​យ៉ង់​សេ និង​បណ្តា​ដៃទន្លេ​នេះ​ដែល​មាន​ខេត្ត​ស៊ី​ឈួ​ន ចុង​គិញ ហ្គី​ហ្សូ ហ៊ូ​បី និង​ជាំ​ង​ស៊ូ​។ មនុស្ស​ប្រមាណ​ជា​៦០០.០០០​នាក់ ត្រូវការ​ជំនួយ​បន្ទាន់ ខណៈ​មនុស្ស​២៣,៣៣​លាន​នាក់ រង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់ ។ ទឹកជំនន់​ក៏​បំផ្លាញ​ផ្ទៃដី​ដាំ​ដុះ​២៩៥.២០០​ហិ​កតា ។ ទឹកជំនន់ និង​ការ​បាក់​ដី​ប៉ះពាល់​ម្យ៉ាងទៀត ដល់​ទូរគមនាគមន៍ និង​បណ្តា​ទីតាំង​អគ្គិសនី​ដោយ​កាត់​ផ្តាច់​ចរាចរណ៍​ក្នុង​តំបន់​មួយ​ចំនួន ។ ក្រសួង​កិច្ចការ​ស៊ី​វិល​វាយតម្លៃ​ថា ការ​ខូចខាត​ខាង​សេដ្ឋ​កិច្ច​​សរុប​មាន​ប្រមាណ​ជា​៣៨,១៦​ពាន់​លាន​យន់ (៥,៧៣​ពាន់​លាន​ដុល្លារ​) ៕