លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ចេញ​ជួយ​ឃោសនា​លោកស្រី​គ្លី​ន​តុ​ន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញ​ជួយ​ឃោសនាបោះឆ្នោត​រួម​ជាមួយ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៥ កក្កដា ។

ក្នុង​អង្គ​មី​ទ្ទីង​ឃោសនា​មួយ​នាទី​ក្រុង CHARLOTTE រដ្ឋ​ការ៉ូ​លី​ន​ខាងជើង លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ថា ហ៊ី​ល​ឡា​រី ! ហ៊ី​ល​ឡា​រី​! ហ៊ី​ល​ឡា​រី​! តើ​លោក​អ្នក​មានការ​កក់ក្តៅ​ដែរ​ទេ? ហេតុ​អី​ក៏​ខ្ញុំ​មក​ជាមួយ​លោកស្រី​ហ៊ី​ល​ឡា​រី? នេះ​ក៏​មក​ពី​យើង​មានការ​ជឿជាក់​លើ​លោកស្រី​។ លោក​បាន​សរសើរ​ថាមពល និង​ភាព​ក្លាហាន​របស់​លោកស្រី​គ្លី​ន​តុ​ន ដែល​ធ្លាប់​ជា​គូប្រកួត​ជាមួយ​លោក​ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០០៨ ។ លោក​ថ្លែង​ទៀត​ថា ពុំ​មាន​បុរស ឬ​នារី​ណា​ដែល​មានគុណ​សម្បត្តិ​ល្អ​ដូច​លោកស្រី​សម្រាប់​កាន់​តំណែង​ប្រធានាធិបតី​ឡើយ ។ ប្រាកដ​ណាស់ លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន នឹង​ជា​នារី​រដ្ឋ​ដែល​នឹង​នាំ​ឱ្យ​យើង​មាន​មោទនភាព​លើ​ពិភពលោក ។

នៅ​លើ​វេទិកា ប្រធានាធិបតី​អា​េ​ម​រិ​កបាន​លើក​ឡើង​យ៉ាង​វែង​ពី​សកម្មភាព​រយៈពេល​៤​ឆ្នាំ ដែល​លោកស្រី​គ្លី​ន​តុ​ន ធ្វើ​រដ្ឋមន្ត្រី​ការ​បរទេស​ពោល​គឺ​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក ។ ពេល​នោះ​លោកស្រី​បង្ហាញ​ពី​កម្លាំង និង​ភាព​ជា​អ្នកដឹកនាំ ។

មុន​នេះ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បាន​លើក​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​របស់​លោកស្រី​ជាមួយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោកស្រី​ថា លោក​អូ​បា​ម៉ា ជា​គូប្រជែង​ខាង​នយោបាយ បន្ទាប់​មក​ជា​ដៃគូ រួច​ក្លាយជា​មិត្ត ។ លោកស្រី​បន្ត​ថា ជឿ​ខ្ញុំ​ចុះ ខ្ញុំ​ដឹង​ពី​របស់​២​ឬ​៣​ស្តី​ពី​វិធី​យកឈ្នះ​ការ​បោះ​ឆ្នោត ។

ទាក់ទិន​រឿង​អីុ​ម៉ែ​ល​ឯកជន​របស់​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន នាយក​របស់​ភ្នាក់ងារ FBI អា​េ​ម​រិ​ក លោក JAMES COMEY ប្រកាស​នា​ថ្ងៃ​ទី​៥ កក្កដា ថា ភ្នាក់ងារ​របស់​លោក​នឹង​ពុំ​ធ្វើ​អនុសាសន៍​ណាមួយ​ឱ្យ​មានការ​កាត់ក្តី​របស់​តុលាការ​ប្រឆាំង​លោកស្រី​គ្លី​ន​តុ​ន ទាក់ទិន​នឹង​ការ​ស៊ើបអង្កេត​លើ​អីុម៉ែ​ល​ឯកជន​របស់​លោកស្រី​ឡើយ ៕