ក្តៅៗទើបទទួលបាន! ​​អ៊ំប្រុសនិស្សិតឆ្នាំទី៥ដែល​ស្លាប់​ជា​អ្នកណា​ហើយ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា គិតត្រឹម​វេលាម៉ោង​០៣ និង​២៥​នាទីរសៀលថ្ងៃទី​០៦ កក្កដា ២០១៦ នេះ ពាក់​ព័ន្ធ​​ករណី​ស្លាប់​និស្សិត​ឆ្នាំទី៥ បើ​ទោះបីជា​មិនទាន់​មាន​ការឆ្លើយ​​សារភាព​ណា​មួយ ​​ពី​បុរស​ជាអ៊ំប្រុស​​​ឈ្មោះ​កែ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ ​យ៉ាងណាក៏ដោយ ​តែ​ត្រូវ​​សមត្ថកិច្ច​​​ទទួល​ដំណឹង​មួយ​ទៀត​ ដែលមិន​នឹក​ស្មានដល់ ។

ប្រភពឱ្យ​ដឹងថា ការពិត​បុរស​ជា​អ៊ំប្រុសនិស្សិត​ឆ្នាំទី៥នោះ គឺជា​ឪពុកបង្កើត​របស់ជនសង្ស័យ​​ជាឃាតករ​​​​ឈ្មោះ​​ម៉ី គឹ​ម​ហេង​ (ហៅ​ដំ) អាយុ២១ឆ្នាំ គឺ​ជា​និស្សិត​ឆ្នាំ​ទី​១​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ផ្នែក​គណិត​វិទ្យា​) និង​ជា​និស្សិត​ពេទ្យផង​ដែរ​​ ដែលបាន​ចាក់​សម្លាប់ចាក់​សម្លាប់​​នារី ​ជា​មន្ត្រី​យោធា​​​​នៅ​ខាងលិច​ផ្សារ​ដេប៉ូ ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦ កន្លង​មក ស្ថិត​នៅ​ខាងលិច​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

ប្រភពបន្តថា រឿងរ៉ាវ​ទំនាស់​​​រវាងអ៊ំប្រុស និង​និស្សិត​ឆ្នាំទី៥ជាក្មួយ​នេះ គឺ​កន្លងមក ពេលសមត្ថកិច្ច​កំពុង​ស្រាវជ្រាវសួរ​រកឃាតករ​សម្លាប់​នារី​នោះ ត្រូវ​ស្រាវជ្រាវ​តាម​​រក​រហូត​ដល់​ផ្ទះ ដោយបាន​សួរ​រក​​ឈ្មោះ​​ម៉ី គឹ​ម​ហេង (ឃាតករ) នោះ ហើយ​ត្រូវជនរងគ្រោះ​​ដែល​ស្លាប់ បាន​បង្ហាញប្រាប់​​សមត្ថកិច្ច ទើប​​ឃាត់ខ្លួន​បា​ន ។

ក្រោយ​មក ត្រូវ​អ៊ំប្រុសរូបនោះខឹង​សម្បារជាមួយ​ជនរងគ្រោះ​ថា ពេល​សមត្ថកិច្ច​មក​សួរ​នាំ​​ ហេតុ​អ្វី​មិន​ព្រម​​​ជួយ​​លាក់បាំង​អ៊ីចឹង? រួច​ក៏អន់ចិត្ត​តាំងពីពេលនោះមក ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុងសួរនាំ​បុរស​ជាអ៊ំប្រុស​តាម​ជំនាញ ខណៈ​ដែលមិនទាន់​ឆ្លើយ​សារភាពក៏ដោយ ។​

គួររំលឹកថា គិត​ត្រឹម​វេលា​ម៉ោង​០១ និង​៥២​នាទី​រសៀល​ថ្ងៃ​ទី​០៦ កក្កដា ២០១៦ នេះ ករណី​​​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ អារ​.​ក​សម្លាប់​ខ្លួនឯង​នោះ ត្រូវ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា មិន​អាច​ជា​ករណី​ធ្វើ​អត្តឃាត​ខ្លួនឯង​នោះ​ទេ ដោយ​ដាក់​ការ​សង្ស័យ​ទៅ​លើ​បុរស​ជា​អ៊ំ​ប្រុស​របស់​ជន​រង​គ្រោះ​តែ​ម្តង ព្រោះ​មាន​កត្តា​សង្ស័យ​ជា​ច្រើន​ចំណុច ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​អ៊ំ​ប្រុស​ជន​រង​គ្រោះ​ឈ្មោះ​កែ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ផ្ទះ​កើតហេតុ​) ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​កែ វុ​ទ្ធី អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ បាន​រស់នៅ​ជាមួយ​អ៊ំ​ប្រុស​តាំងពី​តូច​មក​ម្ល៉េះ ។

ប្រភព​បន្ត​ថា មូលហេតុ​ដែល​សមត្ថកិច្ច​សង្ស័យ​នោះ​គឺ​ចំណុច​ទី​១-​មុន​ពេល​កើ​ហេតុ​នៅ​ ក្នុងផ្ទះ​នោះ គឺ​មាន​មនុស្ស​តែ​២​នាក់​គត់ គឺ​ជន​រង​គ្រោះ​និង​អ៊ំ​ប្រុស​ខាងលើ ។ ហើយ​ខណៈ​ដែល​ផ្អើល​នោះ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ត្រូវ​បុរស​អ៊ំ​ប្រុស​និយាយ​ប្រាប់​សមត្ថកិច្ច​មុន ដោយ​មិន​ទាន់​បាន​សួរនាំ​ផង ដោយ​និយាយ​ថា «​គាត់​ឡើង​ទៅ​ឡៅតឿ​មើល បន្ទាប់​ពី​បងប្អូន​ទូរស័ព្ទ​មក តែ​ក្មួយ​មិន​លើក ទើប​ប្រទះ​ឃើញ​ស្លាប់ ។ ខ្ញុំ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ ព្រោះ​ខ្ញុំ​ជា​អ្នក​ចិញ្ចឹម​វា (​ជន​រង​គ្រោះ​) តាំងពី​បាតជើង​ក្រហម ។ចំណុច​ទី​២-​អ៊ំ​ប្រុស​រូប​នោះ​និយាយ​ថា ជន​រង​គ្រោះ​បាន​យក​កាំបិត​អារ​.​ក​ខ្លួនឯង តែ​សមត្ថកិច្ច​រក​មិនឃើញ​កាំបិត​នោះ​ទេ ។ចំណុច​ទី​៣-​ត្រូវ​គេ​ដឹង​ថា បុរស​ជា​អ៊ំ​ប្រុស ធ្លាប់​អន់ចិត្ត​ជាមួយ​ជន​រង​គ្រោះ រឿង​មិន​ការពារ​កូនប្រុស​របស់​គាត់ និង​ចំណុច​ទី​៤-ដែល​សង្ស័យ​បំផុត​នោះ នៅលើខោ​បុរសអ៊ំប្រុសមានប្រឡាក់​ឈាម ហើយ​​ប្រសិនបើ​ជន​រង​គ្រោះ​អារ​.​ក​សម្លាប់​ខ្លួន​មែន គឺ​មិន​អាច​ស្លាប់​ភ្លាម​ៗ​នោះ​ទេ ព្រោះ​​អាច​ឈឺ​ហើយ​ត្រូវ​មាន​ដង្ហើម​តិច​ៗ តែ​ដោយ​ឡែក ពេល​ភ្ញាក់ផ្អើល​នោះ​ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ទៅ​ហើយ និង​មាន​ឈាម​បាញ់​ពេញ​ជញ្ជាំង​ផ្ទះ​ទៀត ហាក់ដូច​មាន​មនុស្ស​ធ្វើ​សកម្មភាព​សម្លាប់​ទៅ​វិញ  ។ បច្ចុប្បន្ន បុរស​ជា​អ៊ំ​ប្រុស​ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​បន្ថែម​នៅ​ប៉ុស្តិ៍​កាកាប ។