ប្តេជ្ញា​ហើយ​ថា​រក​ឲ្យ​ឃើញ ឥឡូវ​ចាប់​បាន​មែន

ខេត្តកំពត ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​មន្ត្រី​យោធា​នៅ​ក្នុង​ក្លិប​ដ្រា​ហ្គ្រិ​ន ដូច​អ្វី​ដែលមន្ទីរ​​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បានប្តេជ្ញា​មែន ​។

លោក​វរសេនីយ៍ឯក សៀ​ក អាង មេបញ្ជាការ​រង​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ តូច សុ​ភ័​គ្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ពី​ករណី​ហិង្សា​ដោយ​ចេតនា​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ ។ កម្លាំង​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​២​នាក់​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

លោក​មេបញ្ជាការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ឃាត់ខ្លួន​មាន ១-​ឈ្មោះ គី​ម តោន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត មុខរបរ​លក់ដូរ និង ២-​ឈ្មោះ ឆេ​ង មិ​នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត មុខរបរ​លក់ដូរ ។

ប​ច្ចប្ប​ន្ន​ជន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​មួយ​បាន​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​វាយ​មន្ត្រី​យោធា​ជើង​ទឹក​ម្នាក់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​ក្លិប​ដ្រា​ហ្គ្រិ​ន​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ជន​បង្ក​បាន​រត់គេច​ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​លើ​ជន​រង​គ្រោះ ហើយ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ពេល​នេះ​តែ​ម្តង ៕