ឃាត់​ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ដែល​មាន​អាវុធ​ខ្លី​ប្រើ​ហ្គាស៍​

ឃាត់​ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ដែល​មាន​អាវុធ​ខ្លី​ប្រើ​ហ្គាស៍​



បាត់ដំបង ៖ ថ្នាំញៀន​ប្រមាណ​ជាង​មួយ​រយ​គ្រាប់ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ធ្វើការ​ដកហូត ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ផង ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង ដោយ​ក្នុង​នោះ​សមត្ថកិច្ច​បាន​រកឃើញ​អាវុធ​ខ្លី​មួយ​ដើម បាញ់​ដោយ​ប្រើប្រាស់​ថាមពល​ហ្គាស៍ ​ដែល​ជនសង្ស័យ​លាក់ទុក​នៅជាប់​នឹង​ខ្លួន​ផង។

កិច្ចប្រតិបត្តិការ​នេះ​ដែរ គឺ​កម្លាំង​បាន​ទទួល​នូវ​ព័ត៌មាន​ស្ដីពី​ករណី​ចែកចាយ​គ្រឿងញៀន ដែល​កំពុង​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី នា​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​នៅពេល​នោះដែរ​ កម្លាំង​បាន​ចុះទៅ​ឃាត់ខ្លួន​មុខ​សញ្ញា​បាន​ម្នាក់​ដើម្បី​នាំខ្លួន​យកមក​សាកសួរ។

ជនសង្ស័យ​នោះ​មានឈ្មោះ ផុន យ៉ា​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​នៅ​ក្នុងខណៈ​នោះដែរ កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ និង​ធ្វើ​ការ​ដកហូត​នូវ​សារធាតុ​ញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៣០​គ្រាប់ ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់ ទម្ងន់​១០,៦៩​ក្រាម កាំភ្លើងខ្លី ប្រភេទ​វិល​ដុំ​(​បាញ់​ហ្គាស់​)​ចំនួន ១​ដើម មាន​គ្រាប់​ចំនួន​០៦​គ្រាប់ គ្រាប់កាំភ្លើង​ខ្លី​ពិត​ម៉ាក​K៥៤ ចំនួន​២​គ្រាប់ និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ ប៉ៃលិន 1C.1499។

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​សាកសួរ​នៅ មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំរៀង ដើម្បី​ត្រៀម​បញ្ជូន​ទៅកាន់​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
ឃាត់​ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ដែល​មាន​អាវុធ​ខ្លី​ប្រើ​ហ្គាស៍​