ពូទីន បញ្ចេញ​នាវា​ចម្បាំងដ៏​សម្បើម ដើម្បី​តាម​ប្រមាញ់ ISIS

ប្រទេសរ៉ូស្ស៊ី នឹងបញ្ជូននាវាចម្បាំងដ៏ធំជាងគេបង្អស់ ដែលមានបំពាក់ដោយ​​យន្ដហោះ​ប្រដេញដ៏ទំនើបៗ និង​ឧទ្ធម្ភាគ​ចក្រ​​បាញ់មិនឆេះ ដើម្បីសំដៅធ្វើយ៉ាងណា តាមកំទេចក្រុមភេរវនិយម រដ្ឋអ៊ីស្លាម ឲ្យដល់​ឫសគល់។
ពូទីន បញ្ចេញ​នាវា​ចម្បាំងដ៏​សម្បើម ដើម្បី​តាម​ប្រមាញ់ ISIS

មហានាវាចម្បាំង ដែលមានទំហំបណ្ដោយជាង៣០០ម៉ែត្រ ឈ្មោះ «Amiral Kuznetsov» របស់ប្រទេសរ៉ូស្ស៊ី។ (រូបថត ឯកសារ)

បន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្ម ដែលចេះតែបន្តមាន មិនចេះចប់ ជាពិសេស ភេរវកម្មថ្មីបំផុត​នៅក្នុង​ប្រទេស​បង់ក្លាដេស (ស្លាប់២០នាក់) និងនៅក្នុងប្រទេសអ៊ីរ៉ាក់ (ស្លាប់១២៥នាក់) ក្រោមការទទួលខុសត្រូវ របស់​អង្គការ​​ភេរវនិយម រដ្ឋអ៊ីស្លាម នោះមក ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បាន​សម្រេច​ចិត្ត​​ប្រកាស​សង្គ្រាមថ្មីមួយ ដែលមានលក្ខណៈបន្ទាន់ និងចាំបាច់ ដើម្បីប្រឆាំង​នឹង​ចលនា​ភេរវនិយម។

សារព័ត៌មានអង់គ្លេស «Daily Mail» បានរាយការណ៍ថា ប្រធានាធិបតីរ៉ូស្ស៊ី នឹងបញ្ចេញ​នាវា​ចម្បាំង​ផ្ទុក​យន្ដហោះ​ដ៏​ធំ​ជាង​គេ​បំផុត ដើម្បីតាមប្រមាញ់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) ឲ្យដល់ឫសគល់។

រីឯទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Tass» វិញ បានបញ្ជាក់កាន់តែច្បាស់ទៀតថា ប្រទេសរ៉ូស្ស៊ី នឹងដាក់ពង្រាយ​នាវា​ចម្បាំង ឈ្មោះ «Amiral Kuznetsov» របស់ខ្លួន នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ចាប់ពីខែតុលាក្រោយនេះទៅ។ មហានាវាចម្បាំង ដែលមានទំងន់ដល់ទៅ ៤៣ ០០០តោន និងមានបណ្ដោយប្រវែង ៣០៥ម៉ែត្រ បាន​ផ្ទុក​នូវ​យន្ដហោះ​ប្រដេញ និងឧទ្ធម្ភាគចក្របាញ់មិនឆេះ ទៅជាមួយផង។ មហានាវាចម្បាំងនេះ មានសមត្ថភាព អាច​ទទួលយន្ដហោះប្រដេញ បានរហូតដល់ចំនួន៤១គ្រឿង និងឧទ្ធម្ភាគចក្រ បានរហូតដល់១៨គ្រឿង។

ពូទីន បញ្ចេញ​នាវា​ចម្បាំងដ៏​សម្បើម ដើម្បី​តាម​ប្រមាញ់ ISIS

គោលដៅសំខាន់...

បើតាមប្រភពមួយ​ស្និតនឹងកងទ័ពរ៉ូស្ស៊ី ដែលត្រូវបាន​ទីភ្នាក់ងារព័ត៌មានដដែល​ដកស្រង់សំដីនោះ បាន​បញ្ចាក់​ថា នាវាចម្បាំង​«Amiral Kuznetsov» នឹងធ្វើដំណើរទៅក្បែរឆ្នេរសមុទ្រ នៃប្រទេសស៊ីរី ដើម្បីអាចឲ្យ​កងទ័ព​រ៉ូស្ស៊ី អាច​បំពេញ​បេសកកម្ម​របស់ពួកគេ និងអាចផ្ដល់ជាប្រេងឥន្ទនៈគ្រប់គ្រាន់ សម្រាប់រាល់យុទ្ធនាការ​នានា នៅក្នុង​ប្រទេស​នេះ។ កងទ័ព​ដែលកំពុង​កាន់កាប់​មូលដ្ឋានយោធា ក្នុងតំបន់​«Latakia» នៃប្រទេសស៊ីរី នឹង​ជា​កម្លាំង​​ជំនួយ​​ដ៏​​សំខាន់​​មួយ​បន្ថែមទៀត សម្រាប់កងទ័ពរ៉ូស្ស៊ី។

ប្រភពនោះបានអះអាងថា៖ «គោលដៅសំខាន់ គឺត្រូវសម្រេចឲ្យបាន នូវការវាយប្រហារតាមផ្លូវអាកាស ប្រឆាំង​នឹង​ក្រុមភេរវនិយម»៕

» វីដេអូបង្ហាញពីសកម្មភាព នៅលើនាវាចម្បាំង «Amiral Kuznetsov» របស់កងទ័ពរ៉ូស្ស៊ី៖