អាមេរិកនិងអង់គ្លេសនឹងមានមេដឹកនាំជាស្ត្រីមែនទេ?

នៅពេលនេះលោកស្រី Theresa May កំពុងតែនាំមុខនៅក្នុងចំណោមបេក្ខភាពដែលអាចក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសក្នុងពេលអនាគត។

កាលពីថ្ងៃទី៥ ខែកក្កដា គណបក្សកាន់អំណាចបានជ្រើសរើសមេដឹកនាំថ្មីសម្រាប់ ជំនួសតំណែងលោក ដេវីដ កាមេរូន ហើយ បុគ្គលដែលលេចធ្លោជាងគេនាពេលនេះគឺជាស្ត្រី។ បេក្ខភាពពីររូបដែលលេចធ្លោនោះ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Theresa May និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Andrea Leadsom ។ ប៉ុន្តែនៅពេលនេះបេក្ខ ភាពដែលអាចកាន់តំណែងជានាយករដ្ឋ មន្ត្រីគឺត្រូវឆ្លងកាតការបោះឆ្នោតជ្រើសរើស ពីគណបក្ស និងការបោះឆ្នោតនៅក្នុងសភា ជាបឋមសិន។ ការបោះឆ្នោតនោះមានបេក្ខ ភាព៥រូបដែលបានធ្វើនៅថ្ងៃទី៥ ខែកក្កដា ហើយលទ្ធផលនឹងត្រូវបានប្រកាសក្រោយ បញ្ចប់ការបោះឆ្នោត៨ម៉ោង។ បេក្ខភាពណាទទួលបានសំឡេងគាំទ្រតិចបំផុតនោះ ត្រូវចាកចេញដោយស្វ័យប្រវត្ត។

ការបោះឆ្នោតលើកទី២នឹងត្រូវធ្វើឡើង នាថ្ងៃទី៧ ខែកក្កដា នៅក្នុងមហាសន្និបាត បក្សដែលសមាជិកបក្សជាអ្នកបោះឆ្នោតគាំទ្រ។នៅពេលនេះឃើញថា លោកស្រី Theresa May មានសំឡេងគាំទ្រខ្ពស់ជាងគូ ប្រជែងនានា ទាំងនោះហើយដែលបង្ហាញ ឲ្យឃើញថា អង់គ្លេសនឹងមានស្ត្រីដឹកនាំនា ពេលអនាគត។

ចំណែកអាមេរិកវិញក៏ដូចគ្នាដែរ លោក ស្រី ហ៊ីលឡារី គ្លីនតុន អាចនឹងជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក។ លោកស្រីមានបទពិសោធន៍ ខ្ពស់នៅក្នុងការដឹកនាំនាពេលកន្លងមកធ្វើឲ្យពលរដ្ឋអាមេរិកមានទំនុកចិត្តខ្ពស់ជាងលោក ដូណាល់ ត្រាំ ដែលមិនមានបទ ពិសោធន៍ក្នុងការដឹកនាំនយោបាយពីមុន មក។

មួយវិញទៀតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏នឹងចូលរួមជួយ ឃោសនាបោះឆ្នោតជូនលោកស្រី ហ៊ីល ឡារី គ្លីនតុនផងដែរ។ នេះជាលើកទី១ ដែលលោក អូបាម៉ា ចូលរួមឃោសនាបោះ ឆ្នោតជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន នៅសប្តាហ៍ក្រោយដើម្បីស្វែងរកការគាំទ្រដល់បេក្ខភាពរបស់គណបក្សប្រជាធិប តេយ្យ។

តាមការប្រកាសរបស់ប្រធានាធិបតី អូបាម៉ា នេះជាលើកទី១ហើយដែលលោកចូលរួមឃោសនាបោះឆ្នោតជាមួយលោក ស្រី ហ៊ីលឡារី គ្លីនតុន ក្រោយពេលលោកបានគាំទ្រលោកស្រីឲ្យធ្វើជាតំណាងគណបក្សប្រជែងចូលកាន់សេតវិមានជំនួសរូបលោកនៅខែវិច្ឆិកាខាងមុខ។

គណៈកម្មការឃោសនាបោះឆ្នោតរបស់ លោកស្រី ហ៊ីលឡារី គ្លីនតុន បានឲ្យដឹង ថា លោក អូបាម៉ា និងអតីតរដ្ឋមន្ត្រីការបរ ទេសនឹងបង្ហាញវត្តមាននៅក្នុងការឃោសនា ដំបូងបង្អស់នៅក្នុងទីក្រុង Charlotte រដ្ឋ Carolina នាថ្ងៃទី៥ ខែកក្កដា ក្រោយពេលលោកស្រីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្លាយជាតំណាងឲ្យបក្សក្នុងការបោះឆ្នោតប្រធានាធិបតី។

នៅទីនោះលោកស្រី គ្លីនតុន នឹងថ្លែង សុន្ទរកថា ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនក្នុងនោះមានការសាមគ្គីដើម្បីធ្វើឲ្យទឹកដី អាមេរិកកាន់តែខ្លាំងក្លាជាងមុន។ តាមអ្នក វិភាគទីក្រុង Carolina គឺជាទីតាំងដែល សម្រេចដល់ការបោះឆ្នោតអាមេរិកនៅខែ វិច្ឆិកាខាងមុខ។

ក្នុងពេលជាមួយគ្នានោះគណបក្សសាធារណរដ្ឋបានបង្ហាញនូវការព្រួយបារម្ភ ចំពោះបេក្ខភាពតែមួយគត់របស់គណបក្សគឺលោក ដូណាល់ ត្រាំ ដែលរងការរិះគន់យ៉ាង ខ្លាំងពីគ្រប់មជ្ឈដ្ឋានក៏ដូចជាការិយាល័យ ពាណិជ្ជកម្មអាមេរិកUSCC បានថ្កោល ទោសដល់កម្មវិធីឃោសនារបស់លោកត្រាំ។ កន្លងមក USCC បានថ្កោលទោស ទៅលើគោលនយោបាយសេរីរបស់លោក ត្រាំ ដោយចាត់ទុកថា ទាំងនោះជាគោល នយោបាយដែលបង្កគ្រោះថ្នាក់ដល់ទឹកដីអាមេរិក។

ប៉ុន្តែនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅ Bangor លោក ត្រាំ បានបញ្ជាក់ ថា ការដែល USCC ចាត់ទុកកម្មវិធីប្រកួតប្រជែងរបស់លោកអាចបង្កឲ្យមានសង្គ្រាម ពាណិជ្ជកម្មគឺជារឿងមិនពិត។

នៅក្នុងការស្ទង់មតិ២ផ្សេងគ្នានៅទូទាំង សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងមកបង្ហាញឲ្យឃើញថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន មានប្រៀបទៅលើមហាសេដ្ឋី ដូណាល់ ត្រាំ នៅក្នុងការប្រជែងចូលកាន់តំណែងនៅសេតវិមាន។

តាមលទ្ធផលស្ទង់មតិរបស់បណ្តាញ ព័ត៌មាន Washington Post /ABC news បានប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនាថា លោកស្រី គ្លីនតុន ទទួលបានការគាំទ្រ ច្រើនជាងលោក ត្រាំ រហូតដល់ទៅ១២ ភាគរយគឺ៥១ភាគរយ ចំណែកលោក ត្រាំ វិញមានតែ៣៩ភាគរយប៉ុណ្ណោះ។ ដោយឡែកការស្ទង់មតិរបស់បណ្តាញព័ត៌មាន Wall Street Journal/NBCnews poll បង្ហាញឲ្យឃើញថា លោកស្រី គ្លីនតុន ទទួលបានការគាំទ្រ៤៦ភាគរយ និងលោក ត្រាំ ទទួលបាន៤១ភាគរយ។

តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន ទាំង២ខាងលើបានបង្ហាញឲ្យឃើញថា លោក ត្រាំ កំពុងតែជួបផលលំបាកយ៉ាងខ្លាំងនៅក្នុងការយកឈ្នះលោកស្រី ហ៊ីល ឡារី គ្លីនតុន ដែលមានបទពិសោធន៍ នៅក្នុងការដឹកនាំអាមេរិក។ មួយវិញទៀត លោក ត្រាំ បានថ្លែងសុន្ទរកថា ប៉ះពាល់ ដល់ជាតិសាសន៍ និងជនអន្តោប្រវេសន៍ នៅអាមេរិកដែលទាំងនោះហើយជាដើមហេតុអាចធ្វើឲ្យលោកបរាជ័យនៅក្នុងការបោះឆ្នោតខាងមុខ។

នៅក្នុងគម្លាត១២ភាគរយរបស់ Wa- shington Post /ABC news បង្ហាញឲ្យ ឃើញថា លោក ត្រាំ ពិតជាជួបផលលំបាក យ៉ាងខ្លាំង ចំណែកគម្លាត៥ភាគរយរបស់ Wall Street Journal/NBCnews poll បង្ហាញថា លោក ត្រាំ អាចនៅប្រកួតប្រជែង បានជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន។

តាមការស្ទង់មតិលោកស្រី គ្លីនតុន ទទួល បានការគាំទ្រពីជនជាតិភាគតិចនៅអាមេរិក ដោយក្នុងនោះមានរហូតដល់ទៅ៨៧ភាគរយបានគាំទ្រលោកស្រី ចំណែកលោក ត្រាំ វិញមានតែ៥ភាគរយប៉ុណ្ណោះ។ ចំណែក ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកវិញមាន៦៩ភាគរយគាំទ្រលោកស្រី គ្លីនតុន និង២២ភាគរយគាំទ្រលោក ត្រាំ ។

មិនមែនលោកស្រី គ្លីនតុន ទទួលបាន ការគាំទ្រច្រើនទាំងអស់នោះឡើយនៅក្នុងសហគមន៍ជនជាតិអាមេរិកស្បែកសក៏ បានគាំទ្រលោក ត្រាំ ភាគច្រើនដែរ ក្នុងនោះ លោក ត្រាំ ទទួលបាន៤៩ភាគរយ ចំណែក លោកស្រី គ្លីន តុន វិញទទួលបានតែ៣៧ ភាគរយប៉ុណ្ណោះ ៕

អាមេរិកនិងអង់គ្លេសនឹងមានមេដឹកនាំជាស្ត្រីមែនទេ?

ប្រភព៖ nokorwatnews

  • អាមេរិកនិងអង់គ្លេសនឹងមានមេដឹកនាំជាស្ត្រីមែនទេ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: