រក​ឃើញ​​ជយលាភី​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​១២រូប វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កម្មវិធី​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (CYEA) 2016 បាន​រក​ឃើញជយ​លាភី​សហគ្រិន​វ័យ​ក្មេងឆ្នើម​ទាំង១២រូបហើយ ​  ដែល​ក្នុង​នោះ​រួម​មាន​ស្រី៦រូប និងបុរស​៦​រូប។

 

សមាស​ភាព​សហគ្រិន​ឆ្នើម​ទាំង១២ ដែល​បាន​ឈាន​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ​មក​ពី​ក្រុម​ហ៊ុនល្បីៗ​ក្នុងស្រុក​ ​រួម​មាន​ក្រុមហ៊ុន​សន្តិសុខ  ក្រុមហ៊ុន​បច្ចេក​វិទ្យា​   ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ  ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ  ក្រុមហ៊ុន​ទេសចរណ៍  ក្រុមហ៊ុន​ផ្តត់​ផ្គង់​បរិក្ខារប្រេង​និង​ឧស្ម័ន និង​ក្រុមហ៊ុន​ហាង​កាហ្វេ។​

 

រក​ឃើញ​​ជយលាភី​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​១២រូប វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

 

ជយលាភី​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​១២​រូប នឹង​មានរ​យៈពេល​10​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​ត​ទៅ  ក្នុងការ​ត្រៀម​ខ្លួន​ធ្វើ​បទបង្ហាញ​ពីចំ​ណុច​ខ្លាំង​របស់​អាជីវកម្ម​ខ្លួន ដើម្បី​ឲ្យ​គណកម្មការ​វាយ​តម្លៃ​ និង​ប្រៀប​ធៀប។

 

រក​ឃើញ​​ជយលាភី​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​១២រូប វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

 

ថ្លែងក្នុងពិធីប្រកាសហគ្រិនវ័យក្មេងឆ្នើមទាំង១២រូប កាល​ពី​រសៀល​ម្សិលមិញ នៅសណ្ឋាគារភ្នំពេញ ​លោក​ស្រី ប៉ោ ជូ ប្រធាន​គម្រោង និង​ជា​ប្រធាន​ទទួល​បន្ទុក​ផ្នែក​​ពាណិជ្ជកម្ម​ នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​មេគង្គ​ឆ្នាំ 2016  បានឲ្យ​ដឹង​ថា គណកម្មការ​ នឹង​ផ្តល់​ពិន្ទុ​បន្ថែម៥%លើ​បទបង្ហាញ​នៅ​ថ្ងៃទី១៥ ខែ​កក្កដា​ខាង​មុខ​នេះ និង ៥%​ទៀត​ពី​ការ​បោះ​ឆ្នោត​លើ​បណ្តាញ​សង្គម ​Facebook ​Page  របស់​ CYEA 2016 ។ ដូច្នេះ​ពួក​គេ​ត្រូវ​​ផ្សព្វផ្សាយ​ពីអាជីវកម្មរបស់​ខ្លួន​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​បោះឆ្នោត​ពី​មហាជន។

 

 សហគ្រិន​វ័យក្មេង​ឆ្នើម​កម្ពុជា​ទាំង១២​ រូប រួម​មាន ៖
1.     លោក ឆាង ប៊ុនលាង​​ នាយក​ប្រតិបត្តិ Brown Coffee Co.,Ltd
2.    លោក ឡូវ​ ឆៃហេង ប្រធាន​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ  Ecamshopping
3.    លោកស្រី ឌិត នីតា នាយិកា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ Camma Microfinance Limited
4.    លោក​ ហេង​ ម៉េងហូ ប្រធាន​ក្រុមហ៊ុន​សន្តិសុខ Libra Private Security Co., Ltd.
5.    លោក  អ៊ឺម ភិនសារិទ្ធ ប្រធាន​ក្រុមហ៊ុន​សន្តិសុខ IPS Security Service Co., Ltd
6.    លោក​ស្រី គង់ សូរីតា នាយិកា​ក្រុមហ៊ុន​សេវាកម្ម GPS , Ocean Technology Co., Ltd
7. លោក​ ឡាយ គីមសួរ ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ និងបដិសណ្ឋារកិច្ចSUORKEAR INVESTMENT Co., Ltd
8.    លោកស្រី នីវ នារីបញ្ជពិសី នាយិកា​ក្រុមហ៊ុន ទេសចរណ៍ All Dreams (Cambodia) Co. Ltd.
9.    លោកស្រី  ពុធ​ ធីតា នាយិកា​ក្រុមហ៊ុន​ផ្តត់ផ្គង់​បរិក្ខារ​ ប្រេង និង ឧស្ម័នOil & Gas Equipment Supply Co., Ltd
10.  លោកស្រី សុខ គន្ធា នាយិកា​ក្រុមហ៊ុន​ ទេសចរណ៍ Sky King
11.  លោក​ សុខ សុភមង្គល  ប្រធាន​​ក្រុមហ៊ុន បច្ចេកវិទ្យា​កុំព្យូទ័រ​Codingate
12.  លោកស្រី  ឧកញ្ញា ស្រ៊ាត​ មុំសុភា ​នាយិកាក្រុមហ៊ុន ទេសចរណ៍  SOPHIYA Travel & Tours

 

​លទ្ធផល​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​​ការប្រកួត​ពាន​រង្វាន់​សហគ្រិនវ័យ​ក្មេង​ឆ្នាំ ២០១៦ ដែល​រៀបចំ​ឡើង​ដោយសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា(JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា(YEAC) នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ ដោយ​​ជ្រើសរើស​សហគ្រិនឆ្នើម​ចំនួន​៤  សម្រាប់ពាន​រង្វាន់ ដូចជា  ​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦, ​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម, សហគ្រិន​ឆ្នើម​ស្ត្រី និង​ សហ​គ្រិន​វ័យ​ឆ្លាត​ផ្នែក​បច្ចេក​វិទ្យា៕

 

អត្ថបទៈ លីដា