រឿង​ក្តី​គ្រូ​បៀតបៀន​កេរ្តិ៍ខ្មាស​សិស្ស​ស្រី​៤​នាក់ ៣​ឆ្នាំ​ហើយ​ស្ងាត់ឈឹង

រឿង​ក្តី​គ្រូ​បៀតបៀន​កេរ្តិ៍ខ្មាស​សិស្ស​ស្រី​៤​នាក់ ៣​ឆ្នាំ​ហើយ​ស្ងាត់ឈឹង



ខេត្ដកំពង់ឆ្នាំង ៖ ក្រុម​គ្រួសារ​ជា​អាណាព្យាបាល​កុមារី​សិស្សសាលា​៤​នាក់​ជា​ជន​រង​គ្រោះ និង​លោក​មេ​ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ បាន​ជួបជុំ​គ្នា​លើក​បដា​ស្នើ​សុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ជួយ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌​ដល់​កូនចៅ​និង​ក្មួយ​ពួក​គាត់​ចំនួន​៤​នាក់ ជា​សិស្សសាលា​បឋម​សិក្សា​ថ្មកែវ ។

កូនក្មួយ​ពួក​គាត់​បាន​រង​គ្រោះ​ពី​សំណាក់​គ្រូបង្រៀន​ប្រចាំ​ថ្នាក់​ម្នាក់ ក្នុង​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស និង​ការ​ចាប់រំលោភ​មិន​សម្រេច​កាលពី​ជាង​៣​ឆ្នាំ​មុន ហើយ​ពួក​គាត់​បាន​ដាក់​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​៣​ឆ្នាំ​ហើយ តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ចំណាត់់ការ​នៅឡើយ ។

ពួក​គាត់​បាន​លើកយក​សំណុំរឿង​ពី​ជាង​៣​ឆ្នាំ​មុន មក​បង្ហាញ​ថា រឿងអាស្រូវ​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៣ ដោយ​លោកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ថ្មកែវ​ម្នាក់ ឈ្មោះ កែម ចាន់​ឆេ​ន តែងតែ​ឆ្លៀតឱកាស​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​កូនសិស្ស​៤​នាក់ នៅ​ក្នុង​ថ្នាក់រៀន ខណៈ​សិស្ស​ចេញ​ធ្វើ​ពលកម្ម ម្តង​ៗ ។

លោកគ្រូ​ខាងលើ​នេះ​ជា​ញឹកញាប់​តែងតែ​ចាប់​ថើប​និង​ច្របាច់​សុដន់​កូនសិស្ស​ខ្លួនឯង ក្នុង​នោះ កុមារី​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ត្រូវ​លោកគ្រូ​បង្រៀន​រូប​នោះ​បាន​ចាប់​សម្រាត​សំពត់​ប្រុង​ចាប់រំលោភ​នាង តែ​មិន​បាន​សម្រេច​ព្រោះ​នាង​បាន​រើបម្រះ និង​ទាត់​ចំ​ពងស្វាស​គ្រូ និង​បាន​រើ​រំដោះខ្លួន​រួច ។ ក្រោយ​ពេល​កើ​តុ​ហេតុ​ពួក​គាត់​បាន​មក​ដាក់​បណ្តឹង​នៅ​សាលាដំបូង​ខេត្ត តែ​សាលាដំបូង​ខេត្ត​បាន​តម្កល់​រឿង​ទុក​មិន​ចាត់ការ ។

ក្រោយមក ពួក​គាត់​បាន​ប្តឹង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ និង​លោក​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២៥ ចុះ​ថ្ងៃ​ទី​០២ ខែសីហា​ឆ្នាំ​២០១៣ ហើយ​លោក សុង ប៊ុ​ណ្ណ​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ចោទប្រកាន់​លោកគ្រូ កែម ចាន់​ឆេ​ន ជា​ផ្លូវការ​តាម​លិខិត​លេខ​៣៩៤/១៥(​ត​) ចុះ​ថ្ងៃ​ទី​២៧ ខែតុលា​ឆ្នាំ​២០១៥ ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ នៅ​ពេល​ពួក​គាត់​ដាក់​ពាក្យសុំ​ឱ្យ​លោក​ចៅក្រម​ព​ន្លឿ​ន​ដំណើរការ​សំណុំរឿង​នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​និយាយ​ប្រាប់​ថា លោក​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​៣៩៤/១៥(​ត​) ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៥ ស្តី​ពី​ការ​ចោទប្រកាន់​លើ​ឈ្មោះ កែម ចាន់​ឆេ​ន ជា​ផ្លូវការ ទៅ​រដ្ឋមន្ត្រីក្រសួង​អប់រំ​រួច​ហើយ តែ​មក​ដល់​ថ្ងៃនេះ​ក្រសួង​អប់រំ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ ។

ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល​សិស្ស​រង​គ្រោះ បានឱ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ច្បាប់​មិន​មាន​ចំណាត់ការ​លើ​ជនល្មើស ហើយ​ថែម​ទាំង​ជនល្មើស​ត្រូវ​បាន​គេ​ដំឡើង​បុណ្យស័ក្តិ​ឱ្យមក​នៅ​ធ្វើការ​ក្នុង​ការិយាល័យ​អប់រំ​ស្រុក​ទៀត​នោះ ធ្វើ​ឱ្យ​កុមារី​រង​គ្រោះ​៣​នាក់ ក្នុង​ចំណោម​៤​នាក់​មាន​ភាព​អៀនខ្មាស​ដោយសារ​ការ​រិះគន់​បង្អាប់​ពី​សិស្ស​នៅ​ក្នុង​សាលា​ក៏​បាន​សម្រេចចិត្ត​ឈប់​រៀន​ទៀត​ផង ។

ករណី​នេះ ពួក​គាត់​ជា​អាណាព្យាបាល​សិស្ស​រង​គ្រោះ ពិសេស​លោក ខៀវ ឃុ​យ ដែល​ជា​ឪពុក​កុមារី​ម្នាក់ ក្នុង​ចំណោម​៤​នាក់ បាន​សំណូមពរ​ដ៏​ទទូច​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា សូម​ជួយ​អន្តរាគមន៍​បើកផ្លូវ​ឲ្យ​តុលាការ​បាន​ចាត់ការ​រឿង​នេះ​ដោយ​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ​ផង ព្រោះ​រឿង​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ហើយ​កប់​បាត់​មិន​ដោះស្រាយ​ទេ ។

ដោយឡែក លោក សោម ឈឿ​ន មេ​ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ ពេល​មាន​បណ្តឹង​ពី​ឪពុក​ម្តាយ​សិស្ស​រង​គ្រោះ​ទាំង​៤​នាក់ លោក​បាន​ហៅ​សិស្ស​ជា​សាក្សី​ដែល​បានឃើញ​លោកគ្រូ កែម ចាន់​ឆេ​ន ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស និង​សិស្ស​រង​គ្រោះ​ទាំង​៤​នាក់​មក​សាកសួរ​ផ្ទាល់ នៅ​ចំពោះ​មុខ​លោក​មេ​ភូមិ និង​ចំពោះ​មុខ​អាណាព្យាបាល​សិស្ស ។ ពេល​នោះ​ជន​រង​គ្រោះ​និង​សិស្ស​ជា​សាក្សី​ចំនួន​១៤​នាក់ បាន​ឆ្លើយ​ដូច​ៗ​គ្នា​ថា លោក​លោកគ្រូ កែម ចាន់​ឆេ​ន ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​មក​លើ​សិស្ស​រង​គ្រោះ​ដូច​បាន​រៀបរាប់​ខាងលើ​មែន ។ ជាមួយ​នេះ ថែម​ទាំង​បាន​ផ្តិត​មេដៃ​ទទួលខុសត្រូវ​នៅ​លើ​ចម្លើយ​នៅ​ក្នុង​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ ជា​ភ័ស្តុតាង​តាម​ច្បាប់​ផង​ដែរ ដែល​មាន​លោក យី ភួ​ន មេឃុំ​ស្វាយ​ជ្រំំ ចុះហត្ថលេខា​ដឹង​ឮ​ទៀត​ផង ។

ចំពោះ​រឿងរ៉ាវ​នេះ លោក​មេ​ភូមិ​សំណូមពរ​ដល់​ក្រសួង​អប់រំ ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ដល់​សិស្ស​ក្រីក្រ​ទន់ខ្សោយ និង​ក្រុម​គ្រួសារ​នាង​ឲ្យ​មាន​កិត្តិយស​វិញ​ផង ៕