ផលិតកម្ម​របស់​បទ “ទាល់​តែ​យូរ​ទើប​ស៊ីអូន​បាន” សម្រេច​ផ្លាស់​ប្ដូរ​ចំណង​ជើង​ និង​ខ្លឹម​សារ

ក្រោយ​ពី​ទទួល​រង​ការ​រិះ​គន់​ខ្លាំង​ពី​សំណាក់​បងប្អូន​នៅ​ក្នុង​​បណ្តាញ​សង្គម​​ ពាក់​ព័ន្ធ​ចំណង​ជើងបទ​ចម្រៀង​​ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង​ខ្លឹម​សារដែល​ទស្សនិកជន​យល់​ថា ប៉ះពាល់​ដល់​សីលធម៌ និងតម្លៃ​នៃ​ស្ត្រី​ខ្មែរ ពេល​នេះ លោក​ ហង្ស រដ្ឋា ម្ចាស់​ផលិត​កម្ម U Production ប្រាប់​ថា ​មាន​ការ​សោក​ស្ដាយ​ ដូច្នេះ​​លោក​ នឹង​ធ្វើ​ការ​កែ​ប្រែ​ចំណង​ជើង​រួម​ទាំង​អត្ថន័យខ្លះ​ក្នុង​​បទ​ចម្រៀង​សា​ជា​ថ្មី​​មុន​នឹង​ចេញ​លក់​លើ​ទីផ្សារ​។

 ផលិតកម្ម​របស់​បទ “ទាល់​តែ​យូរ​ទើប​ស៊ីអូន​បាន” សម្រេច​ផ្លាស់​ប្ដូរ​ចំណង​ជើង​ និង​ខ្លឹម​សារ

ការ​សម្ដែង​របស់ កុល ដាវី ក្នុង​បទ “ទាល់​តែ​យូរ ទើប​ស៊ី​អូន​បាន”

 

តាម​ការ​បញ្ជាក់​របស់​លោក រដ្ឋា បទ​ចម្រៀង​ខាង​លើ​ ទើប​តែ​ចាប់​ផ្ដើម​ថត​​សម្លេង​ មិន​ទាន់​បាន​ស្រេច​បាច់​ និង​មិន​ទាន់់​ចេញ​ជា​ CD លក់​នៅ​លើ​ទីផ្សារ​នៅ​ឡើយ​។ យ៉ាង​ណា ដោយ​សារ​មាន​ការ​រិះគន់​ពី​មហាជនខ្លាំុង​ លោក​​​​រួម​ទាំង​ក្រុម​ការងារ​ នឹង​កែ​ប្រែ​ចំណង​ជើង​សាជាថ្មី​។ លោ​កថា ក្រោយ​ប្រជុំ​គ្នា​ក្នុង​ក្រុម​ការងារ  នឹង​​ដូរ​ពី​ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” ទៅ​ជា “ទាល់​តែ​យូរ​ទើប​ញ៉ែ​អូន​បាន” វិញ​។ ចាងហ្វាង​ផលិតកម្ម​ដែល​បញ្ជាក់​ទៀត​ថា អត្ថន័យ​នៅ​ក្នុង​បទ​ចម្រៀង​ទៀត​សោត ក៏​នឹង​​​ផ្លាស់​ប្ដូរ​ខ្លះៗ​ផង​ដែរ។

 

ម្ចាស់​ផលិតកម្ម​ខាង​លើ​ថ្លែង៖ “ខ្ញុំ​បាន​ឃើញ​ពី​បញ្ហា​ហ្នឹង ខ្ញុំ​មាន​ការ​សោកស្តាយ​ ដោយសារ​តែ​ខាង​ខ្ញុំ​ មិន​ទាន់​បាន​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​ពាក់​ព័ន្ធ​នឹង​បទ​ហ្នឹង​ ខ្ញុំ​មិន​ដឹង​ថា​បទ​នេះ ទទួល​បាន​ការ​រិះ​គន់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ប៉ុន្តែ​ខ្ញុំ​បាន​​ប្រាប់​ទៅ​ក្រុម​ការងារ​ ក៏​ដូចជា​ កញ្ញា ម៉ាលីស រួច​ហើយ​ថា ​ពួក​យើង​នឹង​រៀប​ចំ​កែ​ប្រែ​បទ​ចម្រៀង​ហ្នឹង​សា​ជា​ថ្មី​ មុន​នឹង​ចេញ​ជា​ CD លក់​លើ​ទីផ្សារ​”។

 

ផលិតកម្ម​របស់​បទ “ទាល់​តែ​យូរ​ទើប​ស៊ីអូន​បាន” សម្រេច​ផ្លាស់​ប្ដូរ​ចំណង​ជើង​ និង​ខ្លឹម​សារ

​កញ្ញា ចាន់ ម៉ាលីស ​ឡើង​ច្រៀងបទ “ទាល់​តែ​យូរ ទើប​ស៊ី​អូន​បាន” ​ក្នុង​តន្ត្រី​ថ្ងៃ​អាទិត្យ​កាល​ថ្ងៃ​ទី​៣ ខែកក្កដា

​​
ត្រឡប់​មក​ ចាន់ ម៉ាលីស តារាចម្រៀង​ច្រៀង​បទ​​ខាង​លើ​វិញ សម្ដែង​ការ​សោក​ស្ដាយ និង​​សុំ​ទោស​​ ចំពោះ​​បទ​ចម្រៀង​ដែល​នាង​​បាន​លើក​យក​ទៅ​ច្រៀង​ក្នុង​កម្ម​វីធី​ការ​ប្រគំ​តន្ត្រី​ថ្ងៃ​អាទិត្យ ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​ MyTv ហើយ​ត្រូវ​បាន​ទស្សនិកជន​រិះ​គន់​​ខ្លាំង​យ៉ាង​នោះ។

 

ម៉ាលីស​ថ្លែង៖ “ចាស​បង​ គ្រាន់​តែ​ចេញ​បទ​នេះ​ភ្លាម​ ទៅ​ណា​មក​ណា​ ក៏​មាន​គេ​សួរ​ខ្ញុំ​ដែរ និយាយ​រួម​ទៅ​ ខ្ញុំ​សោក​ស្តាយ​ ដែល​ទើប​តែ​ចេញ​ច្រៀង​បែរ​ជា​ទទួល​បាន​រិះ​គន់​យ៉ាង​ខ្លាំង​​បែប​នេះ​ ហើយ​ខ្ញុំ​រួម​ទាំង​ម្ចាស់​ផលិតកម្ម​ បាន​សម្រេច​គ្នា​ថា​នឹង​ដូរ​ចំណង​ជើង ​រួម​ទាំង​អត្ថន័យ​ខ្លះ​ឡើង​វិញ​​ហើយ​បង​ ទាន់​បទ​នឹង​មិន​ទាន់​ចេញ​លក់​លើ​ទី​ផ្សារ”។

 

យ៉ាង​ណា​ក្តី​ ម៉ាលីស ​អះអាង​ថា​ ដោយសារ​ការ​ប្រញាប់​ប្រញាល់​មិន​បាន​គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ទើប​ធ្វើ​ឲ្យ​មាន​កំហុស។ ដូច្នេះ នាង​សុំ​អភ័យ​ទោស​ចំពោះ​ទស្សនិកជន ចំពោះ​ករណី​នេះ​ផង។

 

ទន្ទឹម​គ្នា​នេះ ​តារា​ចម្រៀង​វ័យ​២០ឆ្នាំ​រូប​នេះ ​បញ្ជាក់​ថា​ នាង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ផ្ទុយ​ទៅ​វិញ ​នាង​នឹង​ខិត​ខំ​បញ្ចេញ​ស្នាដៃ​ថ្មី​ ជា​ពិសេស​បទ​ Original  ដើម្បី​តប​ស្នង​ និង​ បំពេញ​ចិត្ត​ទស្សនិកជន ក៏​ដូច​ជា​លុប​លាង​កំហុស​ដែល​កើត​ឡើង​កន្លង​មក​នេះ៕

 

អត្ថបទ៖ ថា ម៉ាលីដា