រក​ស៊ីចិត្ត​ឆៅ ទាស់តិច​សម្លាប់​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​ហិង្សា​មួយ​រហូត​ឈាន​ដល់​ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្នុង​ជម្លោះ​រវាង​អ្នក​រកស៊ី​លក់​ដូរ​ក្បែរ​គ្នា ដោយ​ត្រូវ​ជន​ដៃដល់​គប់​កាំបិតចំ​លើ​ស្ត្រី​រង​គ្រោះ ហើយ​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​បាន​ស្លាប់ ​កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល ព្រោះ​ស្ថានភាព​របួស​ធ្ងន់​​ពេក ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង​ជិត​រោងចក្រ LA ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឈួ​ន ចាន់​ថា អាយុ​៣៣​ឆ្នាំ ជា​អ្នក​បាយ ស្នាក់​នៅ​ក្នុងភូមិ​ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី​ស្រុក​កោះធំ ខេត្តកណ្តាល ។ ចំណែក​ជន​ដៃដល់​ គឺជា​ប្តី​ប្រពន្ធ​នឹង​គ្នា ប្តី​ឈ្មោះ​ឡឹ​ង សុខា អាយុ​៣៧​ឆ្នាំ ជា​អ្នកលក់​ទឹកអំពៅ និង​ប្រពន្ធ​ឈ្មោះ​ឆោម ណៃ អាយុ​៣៥​ឆ្នាំ ជា​លក់​ចេកចៀន (ទាំង៣នាក់​រកស៊ីក្បែរគ្នា) ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ខាង​លក់​ចេកចៀន​ បាន​បាញ់​ទឹក​សម្អាត​មុខ​កន្លែង​របស់​​ខ្លួន តែ​ត្រូវ​ទឹក​នោះ​ហូរ​ទៅ​ដល់​កន្លែង​​លក់​​បាយ ក៏​កើត​ទៅ​ជា​រឿង​ជេរ​បញ្ចោរ​គ្នា រហូត​​ស្ត្រី​លក់​ចេកចៀន​ទ្រាំលែងបាន យក​កាំបិត​គប់​ទៅ​ស្ត្រី​រង​គ្រោះ បណ្តាល​ឱ្យ​កាំបិត​ជុង​ជាប់​ទ្រូង​ខាងស្តាំ ។ ពេល​នោះ មិន​ព្រម​ឈប់​ទៀត គេ​ឃើញ​បុរស​ជា​ប្តី​លោត​ទៅ​វាយ​ប្រតប់​លើ​ស្ត្រី​រង​គ្រោះ​បន្ថែម​ ។ លុះ​សមត្ថកិច្ច​មក​ដល់ ​ទើប​នាំ​គ្នា​ឈប់ តែ​ពេល​នោះ​ក៏​ត្រូវ​ឃាត់ខ្លួន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​​​តែម្តង​​។