ជីវិត​តស៊ូ​របស់​យាយ​តា​វ័យ​ជិត​៨០​ឆ្នាំ​ក្នុង​ការ​ប្រកប​មុខ​របរ​ធ្វើ​ក្អម​ឆ្នាំង​នៅ​ខេត្ត​កំពង់ឆ្នាំង

ក្អម​ឆ្នាំង គឺ​ជា​អត្តសញ្ញាណ​របស់​ខេត្ត​កំពង់ឆ្នាំង។ អ្នក​ភូមិ​អណ្ដូងឫស្សី ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៤០​គ្រួសារ នៅ​តែ​បន្ត​ស្មូន​ក្អម​ឆ្នាំង ខណៈ​ដែល​អ្នក​ភូមិ​ជាង ៧០​គ្រួសារ​បាន​ងាក​ទៅ​បើក​អាជីវកម្ម ឬ​ស៊ី​ឈ្នួល​ផលិត​ជើង​ក្រាន​លក់​នៅ​លើ​ទីផ្សារ​វិញ​ម្ដង។ អ្នក​ដែល​ប្រកាន់​ខ្ជាប់​នូវ​មុខ​របរ​ផលិត​ក្អម ឬ​ឆ្នាំង ត្អូញត្អែរ​ពី​បញ្ហា​ក្អម​ឆ្នាំង​មិន​សូវ​មាន​តម្លៃ​ដូច​ជើង​ក្រាន ហើយ​វត្ថុ​ធាតុ​ដើម​ផលិត​កាន់​តែ​អស់​ទៅ។

ចាប់​តាំង​ពី​ម៉ោង ៤​ទៀប​ភ្លឺ​រហូត​ដល់​ព្រលប់​ស្ទើរ​រៀង​រាល់​ថ្ងៃ លោក ពៅ ឋាន និង​ប្រពន្ធ​ឈ្មោះ សែម មួន ចាប់​ផ្តើម​ការងារ​រៀងៗ​ខ្លួន។ ដោយ​លោក​មិន​សូវ​មាន​សុខភាព​មាំទាំ ត្រូវ​ទទួល​ភារៈ​ជា​អ្នក​ដាំ​បបរ ឬ​បាយ​ហូប ចំណែក​ប្រពន្ធ​ចាប់​ផ្ដើម​លាយ​ច្របាច់​ដី​ដែល​ទិញ​ទុក​ក្បែរ​ផ្ទះ ដើម្បី​ធ្វើ​ក្អម​ឆ្នាំង។

លោក ពៅ ឋាន ដែល​បច្ចុប្បន្ន​មាន​វ័យ ៧៨​ឆ្នាំ និង​ប្រពន្ធ​វ័យ ៧៦​ឆ្នាំ បាន​ចាប់​យក​មុខ​របរ​ស្មូន​ក្អម​ឆ្នាំង​តាំង​ពី​ក្មេង​វ័យ ក្នុង​ចំណោម​សិប្បករ​នៅ​ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ វ័យ​ចន្លោះ​ពី ៧៥​ឆ្នាំ​ទៅ ៨០​ឆ្នាំ​ជាង ១០​នាក់​ផ្សេង​ទៀត កំពុង​ប្រកប​មុខ​របរ​នេះ។ បើ​ទោះ​ជា​វ័យ​ជរា​ទៅ​ហើយ​ក្ដី ពួក​គាត់​នៅ​តែ​បន្ត​ផលិត​ក្អម​ឆ្នាំង​ក្នុង​គោល​បំណង​រក្សា​កេរ​ដំណែល​ស្នាដៃ​ដូនតា​ផង និង​ដើម្បី​ជីវភាព​ផង។

កំពុង​ស្មូន​ក្អម​នៅ​ក្រោម​សំយាប​ផ្ទះ​ប្រក់​ស័ង្កសី​បាំង​ជញ្ជាំង​ស្លឹក​តូច​មួយ លោកស្រី សែម មួន រៀបរាប់​ថា លោកស្រី និង​ប្ដី​បាន​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​តាំង​ពី​មុន​ហេតុការណ៍​ជម្លៀស​មនុស្ស​ចេញ​ពី​ក្រុង​ភ្នំពេញ ឆ្នាំ​១៩៧៥។ លោកស្រី​ថា ប្ដី​ប្រពន្ធ និង​កូន​ស្រី​ពីរ​នាក់ ព្រម​ទាំង​ប្រុស​ម្នាក់ បាន​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​បច្ចុប្បន្ន ពួក​គេ​មាន​ប្ដី​ប្រពន្ធ​បង្កើត​កូន​រស់នៅ​បែក​ផ្ទះ​អស់​ហើយ។ លោកស្រី សែម មួន បន្ថែម​ថា សព្វថ្ងៃ រូប​គាត់ និង​ប្ដី​ដែល​មាន​ជំងឺ​ចាស់​ជរា​ជាប់​កាយ បាន​រស់នៅ​ឯកា​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្បែរ​ផ្ទះ​ចៅ​ស្រី​នៅ​ចុង​ភូមិ​អណ្ដូងឫស្សី នៃ​ឃុំ​ស្រែថ្មី។ ចំណែក​កូនៗ​បង្កើត​រស់នៅ​បែក​ផ្ទះ​ក្នុង​ភូមិ ប៉ុន្តែ​កូន​ប្រុស​ដែល​ធ្វើ​ជា​កង​កម្លាំង​បោស​សម្អាត​មីន និង​កូន​ស្រីៗ​ពីរ​នាក់ ធ្វើ​ស្រែ​ចម្ការ ដែល​បច្ចុប្បន្ន​មាន​ជីវភាព​គ្រាន់​បើ​នោះ បាន​ផ្ដល់​លុយ​កាក់​តិចតួច​ឲ្យ​គាត់​ជា​ប្រចាំ​ដែរ៖ «ពិបាក​វា​ពិបាក​ណាស់​ហើយ​កូន​អើយ! ប៉ុន្តែ​បើ​មិន​ខំ​រក​បាន​ស្អី? ហោប៉ៅ​កូន ហើយ​តែ​បាន​កូន​ណោះ​មួយ​ម៉ឺន​អ៊ីចឹង​ទៅ។ គ្រាន់​ខ្លះ មិន​គ្រាន់​ខ្លះ​ទៅ កូន​ឲ្យ​អ៊ីចឹង​ទៅ បើ​តា​អត់​រក​អី រក​តែ​ខ្ញុំ​ម្នាក់​ឯង​គត់។ លោក ជិន ជេដ្ឋា៖ ម៉េច​បាន​តា​អត់​ជួយ​រក? ជួយ​រក​អី បើ​ចាក់​ថ្នាំ​ទើប​រួច និយាយ​ផ្ដេសផ្ដាស​ទៅ​ណា​ទៅ​ណី​អត់​កើត​ទេ»

ទោះ​បី​ជា​យ៉ាង​ណា លោកស្រី សែម មួន និង​ប្ដី​មិន​ផ្ដេកផ្ដួល​លើ​ការ​ផ្ដល់​ប្រាក់​ពី​កូនៗ​ទាំង​ស្រុង​នោះ​ទេ ដោយ​នាំ​គ្នា​ប្រឹងប្រែង​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព មើល​ជំងឺ និង​ធ្វើ​បុណ្យ​ទាន​ដោយ​ខ្លួន​ឯង។ ប្រភព​ចំណូល​សំខាន់ គឺ​បាន​មក​ពី​ម៉ូយ​ទិញ​ក្អម​ឆ្នាំង ខណៈ​រូប​គាត់​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ទិញ​ដី និង​ឧស​សម្រាប់​ដុត​ក្អម​ទៅ​វិញ​ស្ទើរ​មិន​ចំណេញ។ តែ​ពួក​គាត់​នៅ​តែ​បង្ខំ​ចិត្ត​ធ្វើ ដោយ​រក​អ្វី​មិន​បាន​ក្រៅ​ពី​របរ​ស្មូន​ក្អម​ឆ្នាំង។

កំពុង​អង្គុយ​លើ​គ្រែ​ជក់​ថ្នាំ​ខ្លាំង​មូរ​ស្លឹក​សង្កែ ក្រឡេក​មើល​ទៅ​ក្អម​ដែល​តម្រៀប​ហាល​ត្រៀបត្រា​នៅ​លើ​រាន​ហាល​ក្រៅ​ផ្ទះ លោកស្រី សែម មួន រំឭក​ថា រយៈពេល ៥​ឆ្នាំ​ទៅ ៦​ឆ្នាំ​ហើយ​ដែល​លោកស្រី និង​ប្ដី​លែង​មាន​កម្លាំង​ឡើង​ភ្នំ​ក្រាំងដីមាស ឋិត​នៅ​ក្បែរ​ភូមិ ដើម្បី​កាប់​ឧស និង​ជីក​យក​ដី​មក​ធ្វើ​ក្អម​ឆ្នាំង។ សព្វថ្ងៃ រូប​គាត់​ត្រូវ​ចំណាយ​លុយ​ទិញ​ឧស និង​ដី​គេ​មក​ធ្វើ​ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​បាន ១០​ក្អម ហើយ​ក្អម​មួយ​លក់​បាន ១.៨០០​រៀល៖ «ខ្ញុំ​ធ្វើ​ក្អម​ឆ្នាំង​តាំង​ពី​តូច​ដល់​បាន​ប្ដី ហើយ​នៅ​ធ្វើ​ទៀត តែ​ខ្ញុំ​អត់​ចេះ​ធ្វើ​វត្ថុ​បុរាណ​ដូច​គេ​ដុត​នៅ​ឡ​នោះ​ណា ព្រោះ​ពី​ម៉ែ​ពី​ឪ​ធ្វើ​តែ​អា​នេះ។ (ដំបូង) ធ្វើ​ដី​ឲ្យ​សព្វ​ច្របាច់​យក​គ្រោះ​ចេញ បើ​លាយ​មិន​សព្វ​ផ្ទុះ​ខូច។ ក្រោយ​មក​បាន​ប៉ែន បន្ទាប់​បើក​ឲ្យ​ប៉េង ហើយ​ភ្ជិត​គូថ ក្រោយ​មក​ទៀត​ហាល​ថ្ងៃ​ឲ្យ​ស្ងួត រួច​យក​ទៅ​ដុត»

ចំណែក​លោក ពៅ ឋាន ដែល​ជា​ប្ដី​មាន​ភារៈ​ដាំ​ស្ល​នោះ ក៏​ខ្នះខ្នែង​ជួយ​ប្រពន្ធ​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ដែរ។ តែ​លោក​មិន​អាច​ជួយ​បាន​ច្រើន​ណាស់​ណា​ទេ ព្រោះ​មាន​ជំងឺ​ចាស់​ជរា​ប្រចាំ​កាយ។

កំពុង​បង្កាត់​ភ្លើង​ចៀន​ត្រី​ប្រឡាក់​ដើម្បី​ពិសា​ជាមួយ​បាយកក​នៅក្នុង​ផ្ទះបាយ​ក្បែរ​កន្លែង​យាយ​ស្មូន​ក្អមឆ្នាំង លោក ពៅ ឋាន មាន​ប្រសាសន៍​ថា អាការៈ​ឈឺ​ឆ្អឹងឆ្អែង ចុក​ពោះ និង​វិល​មុខ​ដែល​ជា​ជំងឺ​ចាស់​ជរា បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​សុខភាព និង​ការ​ហូប​ចុក​របស់​លោក។ ប៉ុន្តែ​ជា​ទៀងទាត់ លោក​ត្រូវ​យក​អង្ករ​មួយ​កំប៉ុង​ចម្អិន​បបរ ឬ​បាយ​រាល់​ពេល មុន​ជួយ​ការងារ​ធ្វើ​ក្អម​ឆ្នាំង​ប្រពន្ធ៖ «បាទ! គ្រាន់​តែ​បាន​ជួយ​ដាំ​បាយ ឬ​ពេល​យាយ​ដុត​ក្អម ជួយ​ជញ្ជូន​ក្អម​ទៅ​ដុត​បន្ទាប់បន្សំ ជញ្ជូន​ក្អម​យក​ទៅ​ដុត រួច​រៀប​ឧស​ជា​ទី​ធំ»

លោក ពៅ ឋាន និង​លោកស្រី សែម មួន មិន​បាន​ខក​ចិត្ត​នឹង​វាសនា ឬ​ត្រូវ​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​ពេញ​ក្នុង​ការ​ប្រកប​មុខ​របរ​ធ្វើ​ក្អម​ឆ្នាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​ត្រេកអរ​ចំពោះ​ដំណើរ​ជីវិត​នេះ។ លោក ពៅ ឋាន ថា​ប្ដី​ប្រពន្ធ​លោក​រំពឹង​លើ​កូនៗ​ទាំង​បី​នាក់​ចិញ្ចឹម​បីបាច់​ពេល​សុខភាព​ទ្រុឌទ្រោម​ខ្លាំង ប៉ុន្តែ​លោក និង​ប្រពន្ធ​តស៊ូ​រក​ស៊ី​ចិញ្ចឹម​ជីវិត​តែ​ពីរ​នាក់ រហូត​ដល់​នាទី​ចុង​ក្រោយ​នៃ​ជីវិត។

ប្ដី​ប្រពន្ធ​វ័យ​ចាស់​នេះ មាន​ការ​អៀនប្រៀន​ចំពោះ​ការ​គាស់​រំលើង​អនុស្សាវរីយ៍​ស្នេហា​ពី​ក្មេង​វ័យ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ថ្លែង​បែប​អឹមអៀម​ថា សព្វថ្ងៃ​គាត់​ស្រឡាញ់​គ្នា និង​ជួយ​ទុក្ខធុរៈ​គ្នា​ជាង​ពី​ក្មេង​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។