តំបន់​ព្រៃ​ឈើ​សហគមន៍​ការពារ​ជាង​៥០​ហិកតារ​នៅ​ខេត្ត​មណ្ឌលគិរី​ត្រូវ​គេ​ឈូស​ឆាយ​យក​ដី

សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ស្រែអំបូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា ឈើ​ក្នុង​តំបន់​ព្រៃ​ចុះ​បញ្ជី​សហគមន៍​ការពារ​ជាង ៥០​ហិកតារ ត្រូវ​បាន​គេ​ឈូស​ឆាយ​រំលំ​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន។ មន្ត្រី​ពាក់ព័ន្ធ​រក​ឃើញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ចំនួន​បី​ប្លង់ ត្រូវ​បាន​អ្នក​ឈូស​ឆាយ​ប្រើប្រាស់​សម្រាប់​ការ​ឈូស​ឆាយ​ដី​តំបន់​នោះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ពូរាដែត ក្នុង​ឃុំ​ស្រែអំបូម ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចាត់​វិធានការ​បន្ទាន់​ទៅ​លើ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ការពារ។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភូមិ​ពូរាដែត ជិត ១០០​នាក់ រួម​ជាមួយ​មន្ត្រី​ឃុំ មន្ត្រី​ព្រៃ​ឈើ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​រក​ឃើញ​ឈើ​រាប់​ពាន់​ដើម​ក្នុង​តំបន់​ព្រៃ​ស្រោង ដែល​អភិរក្ស​ដោយ​សហគមន៍​ប្រមាណ ៥០​ហិកតារ ត្រូវ​ឈ្មួញ​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលំ​ចោល​បំណង​ដុត​រាន​យក​ដី។

ប្រជាពលរដ្ឋ​ភូមិ​ពូរាដែត លោក សុខ ថេត បញ្ជាក់​ថា ការ​ឈូស​ឆាយ​នេះ​ធ្វើ​ឡើង​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ហើយ​រហូត​មក​ដល់​ដើម​ខែ​កក្កដា ទើប​អ្នក​ភូមិ​បាន​ដឹង ហើយ​ប្ដឹង​រឿង​នេះ​ទៅ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​ចុះ​ពិនិត្យ​ជាក់ស្តែង។ លោក​បញ្ជាក់​ថា ព្រៃ​ដែល​គេ​ឈូស​ឆាយ​ឋិត​ក្នុង​ផែនទី​ដី​ព្រៃ​សហគមន៍​ការពារ ក៏ប៉ុន្តែ​អ្នក​ឈូស​ឆាយ​ដី​សំអាង​ថា ដី​តំបន់​នោះ​គេ​បាន​ទិញ​ពី​ម្ចាស់​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ត្រឹមត្រូវ៖ «ដី​ហ្នឹង​គឺ​ដី​ព្រៃ​ឈរ ឥឡូវ​គេ​ឈូស​ឆាយ​អស់​ប្រហែល ៥០​ហិកតារ ហើយ​ដើរ​មួយ​ហត់។ គេ​ផ្ដួល​អស់​ហើយ​ព្រៃ​ឈើ អត់​ទាន់​ដុត​ទេ»

ព្រៃ​ការពារ​សហគមន៍​ភូមិ​ពូរាដែត មាន​ទំហំ ១.៣៣២​ហិកតារ ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ទុក​ជា​ព្រៃ​ការពារ​របស់​សហគមន៍​តាំង​ពី​ឆ្នាំ​២០០៩។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ពូរាដែត លោក ចន់ ហ្លល់ បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ថា ប័ណ្ណ​កម្មសិទ្ធិ​នោះ​ឋិត​នៅ​ចំណុច​ណា​នៅ​ឡើយ ក៏ប៉ុន្តែ​តំបន់​ដែល​ឈ្មួញ​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ គឺ​ជា​តំបន់​ព្រៃ​សុទ្ធសាធ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​សហគមន៍៖ «គេ​អត់​ឲ្យ​ធ្វើ​ទេ ព្រៃ​សហគមន៍។ ម្ចាស់​គេ​ថា​មាន​ប្លង់ អ៊ីចឹង​ខ្ញុំ​អត់​ទទួល​ស្គាល់ ចង់​ប្រគល់​ឲ្យ​សហគមន៍​វិញ​ដី​ហ្នឹង»

របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ប័ណ្ណ​កម្មសិទ្ធិ​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ឈូស​ឆាយ​ព្រៃ​ឈើ​នោះ​មាន​ចំនួន​បី​ប័ណ្ណ និង​មាន​ទំហំ​ដី​សរុប​ជាង ១១​ហិកតារ។ ប័ណ្ណ​កម្មសិទ្ធិ​ទាំង​បី​ប្លង់​ចេញ​នៅ​ឆ្នាំ​២០១២ មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ យន់ លី មាស វ៉ៃ និង​ឈ្មោះ ហូត។ ម្ចាស់​ដី​ទាំង​បី​នាក់ បាន​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មួញ​ឈ្មោះ លេង គឹមហាង។

មេ​ឃុំ​ស្រែអំបូម លោក ហុយ ប៊ុនលឿន បញ្ជាក់​ថា ឈ្មួញ​ដែល​ចូល​មក​ឈូស​ឆាយ​ព្រៃ​មិន​បាន​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ព្រៃ​ដែល​ឈ្មួញ​ឈូស​ឆាយ គឺ​ឋិត​ក្នុង​ផែនទី​ព្រៃ​អភិរក្ស​សហគមន៍៖ «ក្រុម​ការងារ​គេ​ចុះ​ទៅ​ហើយ​គ្រប់​អង្គភាព។ អត់​មាន​ទេ គ្រាន់​គេ​បង្ហាញ​ប្លង់​រឹង​ហ្នឹង​ខ្ញុំ​ឃើញ​តែ​ប្លង់​រឹង​ប៉ុណ្ណឹង​ទេ»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ប័ណ្ណ​កម្មសិទ្ធិ​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ឈូស​ឆាយ​ព្រៃ​យក​ដី ទំនង​មាន​ភាព​មិន​ប្រក្រតី និង​សង្ស័យ​ពី​ការ​ក្លែង​បន្លំ​ទីតាំង​ដី។ លោក​ថា គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ណា​មួយ​ត្រូវ​បាន​ចេញ​នៅ​លើ​ដី​ព្រៃ​ឈើ​អភិរក្ស​នោះ​បាន​ទេ។ ហេតុ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់៖ «ក្រោយ​ពី​ខ្ញុំ​ចុះ​ស៊ើប​អង្កេត​ហើយ ខ្ញុំ​ទទួល​ពាក្យ​ប្ដឹង​ពី​ប្រជាពលរដ្ឋ ហើយ​ខ្ញុំ​នឹង​សរសេរ​បទ​អន្តរាគមន៍​ជូន​គណៈ​អភិបាល​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ជា​មុន បន្ទាប់​មក​ខ្ញុំ​នឹង​តាមដាន​មើល​បទ​អន្តរាគមន៍​នេះ​មាន​ប្រសិទ្ធភាព​ត្រឹម​ណា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​ឈូស​ឆាយ​ព្រៃ គឺ​លោក លេង គឹមហាង សុំ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា។

យ៉ាង​ណា​ក៏ដោយ សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ពូរាដែត ចាត់​ទុក​ការ​ឈូស​ឆាយ​ព្រៃ​សហគមន៍ ថា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ។ ដូច្នេះ អ្នក​ឈូស​ឆាយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ អ្នក​ភូមិ​ទាមទារ​សំណង​ដាំ​ដើម​ឈើ​ឡើង​វិញ និង​សំណង​ផល​ប៉ះពាល់​ទាក់ទិន​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ជាមួយ​ព្រៃ​ឈើ រួម​ទាំង​ផ្ដន្ទាទោស​ជន​ពាក់ព័ន្ធ​តាម​ច្បាប់​ព្រៃ​ឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។