បើក​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​ឡិច​ស៊ី​ស​៥៧០​បុក​ស្លាប់​ពេល​ដឹក​ទៅ​ពេទ្យ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ  ហើយ​បាន​ស្លាប់​តាម​ផ្លូវ ពេល​ដឹក​ទៅ​សង្គ្រោះ នៅមន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ  បន្ទាប់​ពី​ត្រូវ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស​៥៧០ បុក​ពេញទំហឹង​គ្រា​ដែល ជន​រង​គ្រោះ​ជិះ ម៉ូតូ​ឆ្លងថ្នល់ ។ ហេតុការណ៍ នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ផ្លូវបំបែក ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​។សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សួន ឈាង អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ជិត​កន្លែង​កើតហេតុ ។

ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ឆ្វេង​ឆ្លងថ្នល់ មិន​ប្រយ័ត្ន ក៏​ស្រាប់តែ​មាន​រថយន្ត មួយ​គ្រឿង​ម៉ាក ឡិច​ស៊ី​ស​៥៧០ ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4699 បើក​មក​ពីមុខ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បុក​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ ប៉ើង​ខ្ទាត​ជាង​២០​ម៉ែត្រ រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​បាក់​ខ្ទេច​ជើង​ខាងស្តាំ​ម្ខាង ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង ។ ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ខេត្ត បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត មិន​បានរ​ត់ទៅ​ណា​ទេ​ព្រោះ​ទំនងជា​ខ្សែ​អ្នកធំ និង​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ទើប​ត្រឡប់​មក​ពី​ហែរ​ទានវស្សា នៅ​ខេត្តបាត់ដំបង និង​សូម​ឲ្យ​សមត្ថកិច្ច ធ្វើការ​តាម​និ​តិ​វី​ធី​ចុះ បន្ទាប់​មក​ស​ត្ថ​កិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុកនៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី​តាម​ក្រោយ ៕