លោក​កឹម សុខា ថា ខ្លួន​ចង់បាន​សេចក្តី​សុខ

លោក​កឹម សុខា ថា ខ្លួន​ចង់បាន​សេចក្តី​សុខ



ភ្នំពេញ ​៖ ​ការលើកឡើង​របស់លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ដែល​លោក​បាន​ដឹកនាំ​ប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​ខួប​លើក​ទី​១៩ នៃ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៥-០៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

លោក កឹម សុខា លើកឡើងថា ការរៀបចំ​ពិធី​បង្សុកូល​នេះ គឺ​យើង​អត់​ចង់​ឃើញ​ការបង្ហូរ​ឈាម​កើតឡើង​នៅលើ​ទឹកដី​កម្ពុជា​ទៀត​ទេ ហើយ​ចង់​រំលឹក​ថា ទោះជា​យើង​ធ្វើ​អ្វី នៅ​ទីណា​កុំ​ឲ្យ​ជ្រុលជ្រួស​ទៅដល់​ព្រឹត្តិការ​ថ្ងៃ​០៥-០៦ ខែកក្កដា នោះ​ទៀត។ ជាមួយគ្នា​នោះ លោក​ក៏បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​នេះ ជូន​ទៅដល់​បុព្វការី​ជន ដែល​បាន​បាត់បង់​ជីវិត ឲ្យ​ទៅកាន់​សុគតិភព​ផង​ដែរ។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ប្រាថ្នា​នូវ​សុខ​សន្តិភាព ពឹង​លើ​ឆន្ទៈ ពឹង​លើ​ពិភពលោក ដើម្បី​ជ្រោមជ្រែង​កម្ពុជា​ឲ្យ​បាន​សុខសាន​ត​ទៅ។

ទាក់ទង​​នឹង​បញ្ហា​នយោបាយ លោក កឹម សុខា លើកឡើង​ដោយ​ប្រយោល​ថា រាល់​បញ្ហា​អ្វីមួយ នឹង​អាច​ដោះស្រាយ​បាន ពីព្រោះ​មនុស្ស​មា​ន​សម្បជញ្ញៈ​ក្នុង​ខ្លួន សំខាន់​គឺ​យើង​ចង់​ដោះស្រាយ​បញ្ហា​។ លោក​បន្ត​ថា មាន​ប្រជាពលរដ្ឋ មាន​អ្នកនយោបាយ​ខ្លះ គាត់​បាន​សេចក្តីសុខ​ហើយ គាត់​ធ្វើទុក្ខ​ដល់​អ្នកដទៃ ដូច្នេះ​សេចក្តីសុខ​នេះ​មិន​ស្ថិតស្ថេរ​យូរ​អង្វែង​ទេ ហើយ​លោក​ស្នើ​ឲ្យ​ខ្មែរ​ទាំងអស់​ជួយ​គ្នា ធ្វើយ៉ាងណា ដើម្បី​ឲ្យ​បាន​សុខ​ទាំងអស់គ្នា។

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​យើង​មិនអាច​សុំ​ការបញ្ជាក់​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ ប៉ុន្តែ​ការ​លើកឡើង​របស់​លោក កឹម សុខា បើ​ទោះបីជា​លោក​មិន​និយាយ​ឲ្យ​ចំ​ក៏ដោយ តែ​អាច​បញ្ជាក់​ថា លោក​កំពុង​រស់​ដោយ​មិនបាន​សុខ​ទេ ដូច្នេះ​លោក​ចង់បាន​សេចក្តីសុខ​។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ លោក កឹម សុខា បាន​លាក់ខ្លួន​នៅក្នុង​ទីស្នាក់ការ​កណ្តាល នា​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ជាង​១​ខែ​មកហើយ ដោយ​លោក​ខ្លាច​ពី​ការ​តាម​ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ទាក់ទង​សំណុំរឿង​មួយចំនួន ហើយ​នៅក្នុង​​​ទីស្នាក់ការ​កណ្តាល​នោះ លោក កឹម សុខា បានរៀបចំ​ពិធីសូត្រមន្ត​សុំ​សេចក្តីសុខ​ជា​ញឹកញាប់​ផងដែរ។

ទាក់ទង​ទៅដល់​ការរៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​ខួប​លើក​ទី​១៩ នៃ​ព្រឹត្តិការណ៍​ថ្ងៃទី​០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា នោះ លោក ញឹក ប៊ុនឆៃ អតីត​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ថ្លែងថា ការរៀបចំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ដើម្បី​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ៕

លោក​កឹម សុខា ថា ខ្លួន​ចង់បាន​សេចក្តី​សុខ