ស្លាក​សញ្ញា​បក្ស​ប្រឆាំង​ពីរ​ផ្ទាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បំផ្លាញ​សាជាថ្មី

ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​ផ្ទាំង ដែល​ដាក់​តាំង​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ក្នុង​ឃុំ​អូរជីក និង​ភូមិ​ថ្នល់កែង នៃ​ស្រុក​អន្លង់វែង ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ចោល​ជា​ថ្មី​ទៀត។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា កន្លង​ទៅ ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​ផ្ទាំង ដែល​ដាក់​តាំង​នៅ​ភូមិ​ត្រពាំងត្រាវ និង​ភូមិ​អូរបាត់ដាវ សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ត្រូវ​បាន​មេ​ភូមិ ២​នាក់​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច ទៅ​ដក​បំផ្លាញ​ម្ដង​មក​ហើយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ត្រូវ​តែ​វែក​រក​មុខ​ជន​ដៃ​ដល់​ដែល​បាន​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​ប្រឆាំង​ចំនួន ២​ផ្ទាំង ដែល​ជា​អំពើ​ខុស​ច្បាប់ និង​ជា​ការ​សំអប់​ខាង​នយោបាយ​ផង​នោះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​អន្លង់វែង គឺ​លោក នូ ភិរម្យ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៦ ខែ​កក្កដា ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​កក្កដា កន្លង​ទៅ ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទំហំ​ទទឹង ០,៧០​ម៉ែត្រ​គុណ​នឹង​បណ្ដោយ​ជាង ១​ម៉ែត្រ​ចំនួន ២​ផ្ទាំង ត្រូវ​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ឲ្យ​ខូចខាត​ខ្ទេចខ្ទី។ សកម្មជន​ដដែល​បញ្ជាក់​ថា ស្លាក​សញ្ញា​ទាំង​ពីរ​ផ្ទាំង​នោះ គឺ​លោក​ទើប​តែ​យក​ទៅ​ដាក់​នៅ​កន្លែង​ពីរ​ផ្សេង​គ្នា ដោយ​មួយ​ផ្ទាំង​នៅ​ក្នុង​ភូមិ​ថ្នល់កែង និង​មួយ​ផ្ទាំង​ទៀត​នៅ​ផ្លូវ​ចូល​ទៅ​អតីត​ផ្ទះ​តា ម៉ុក ក្នុង​ឃុំ​អូរជីក៖ «គេ​យក​ទៅ​បោះ​ចោល​នៅ​ក្នុង​សាលា​រៀន​មួយ និង​គេ​បោះ​ទម្លាក់​ទឹក​អូរ​ជីក​មួយ។ គេ​ដក​ជិត​ហ្នឹង គេ​ទម្លាក់​ចោល​នៅ​ក្បែរ​ហ្នឹង»

ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ឆ្លើយ​ថា គេ​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ផ្ទាំង​នោះ​នៅ​ឡើយ​ទេ។

អធិការ​នគរបាល​ស្រុក​អន្លង់វែង លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ។ លោក​អធិការ​ដដែល​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​មិន​ព្រងើយ​កន្តើយ​ក្នុង​ការ​ស្រាវជ្រាវ​ករណី​នេះ​ទេ ប្រសិន​បើ​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បណ្ដឹង​មក​ដល់​អធិការដ្ឋាន៖ «ប្រសិន​ជា​បទល្មើស​ជាក់ស្ដែង គឺ​សមត្ថកិច្ច​អាច​ឃាត់​ខ្លួន​ជន​ប្រព្រឹត្តិ ហើយ​ប្រសិន​ជា​អត់​ជាក់ស្ដែង​ដូច​នេះ បើ​គណបក្ស​មក​ប្ដឹង ប៉ូលិស​នៅ​តែ​ធ្វើ​ការ​ស្រាវជ្រាវ»

ទោះ​បី​ជា​យ៉ាង​ណា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​អន្លង់វែង ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា កន្លង​ទៅ គេ​បាន​អញ្ជើញ​អធិការ​រង​ម្នាក់​ឲ្យ​ទៅ​ពិនិត្យ​មើល ព្រម​ទាំង​ថត​រូបភាព​ស្លាក​សញ្ញា​ដែល​គេ​បំផ្លាញ​នោះ​ផង ក៏ប៉ុន្តែ​នៅ​ឡើយ​តែ​មិន​ទាន់​ដាក់​ពាក្យ​បណ្ដឹង​ផ្លូវ​ការ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៦ នេះ នៅ​ខេត្ត​ឧត្តរមានជ័យ គឺ​មាន​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​លើក​ហើយ។ លោក ស្រី ណារ៉េន អំពាវនាវ​ឲ្យ​សមត្ថកិច្ច គួរ​តែ​យក​ចិត្ត​ទុក​ដាក់​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​ត​ទៅ​ទៀត។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ចោទ​ប្រកាន់​បុរស ២​នាក់​ឈ្មោះ ភួង ភឿន ជា​មេ​ភូមិ​អូរបាត់ដាវ និង​ឈ្មោះ ម៉ោន គឹមយ៉ាន ជា​មេ​ភូមិ​ត្រពាំងត្រាវ ថា​បាន​ទៅ​ដក​បំផ្លាញ​ស្លាក​សញ្ញា​ចំនួន ២​ផ្ទាំង​នៅ​ក្នុង​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ម្ដង​មក​ហើយ។

បញ្ហា​នៅ​សង្កាត់​បន្សាយរាក់ នោះ គឺ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បាន​ត្រឹម​តែ​កោះ​ហៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សាកសួរ ប៉ុន្តែ​ចំណាត់​ការ​ហាក់​មិន​បាន​ផល​អ្វី​ទេ បន្ទាប់​ពី​ប៉ូលិស​បាន​កោះ​ហៅ​មេ​ភូមិ​ទាំង​ពីរ​ទៅ​សាកសួរ ប៉ុន្តែ​មេ​ភូមិ​ទាំង​ពីរ​មិន​បាន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ ដោយ​សំអាង​ថា​កំពុង​ជាប់​រវល់​ធ្វើ​ស្រែ និង​ចម្ការ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។