គ.ជ.ប មិន​អាច​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​បោះឆ្នោត​នៅ​បរទេស​តាម​សំណើ​បក្ស​ប្រឆាំង​ទេ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ថា​មិន​អាច​ជួយ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត​ជូន​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ ឬ​កំពុង​រស់នៅ​បរទេស​ដូច​ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ រីឯ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ គ..ប និង​រដ្ឋាភិបាល​មាន​ឆន្ទៈ។

មូលហេតុ​ដែល​មិន​អាច​ជួយ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត​ជូន​ពលករ​ខ្មែរ​នៅ​បរទេស​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ពន្យល់​ថា កម្ពុជា មាន​ឃុំ​ចំនួន ១.៦៣៣។ ដូច្នេះ មាន​បញ្ហា​ស្មុគស្មាញ​ផ្នែក​បច្ចេកទេស​ច្រើន ដោយ​មិន​ដឹង​ថា ត្រូវ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​បែប​ណា​នៅ​ក្រៅ​ប្រទេស និង​ថា​តើ​បោះឆ្នោត​សំដៅ​លើ​ឃុំ​ណា​នោះ​ទេ?

លោក ហង្ស ពុទ្ធា បន្ថែម​ថា ចំពោះ​បញ្ហា​ផ្លូវ​ច្បាប់​វិញ ក៏​មិន​បាន​បើក​ផ្លូវ​ឲ្យ គ..ប បំពេញ​តួនាទី​ដូច្នេះ​ដែរ ប៉ុន្តែ​លោក​ថា គ..ប នឹង​អាច​ពិចារណា​ជួយ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការិយាល័យ​បោះឆ្នោត​ជូន​ពលករ​ខ្មែរ​នៅ​បរទេស​បាន លុះត្រា​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់ គ..ប ថ្មី​នេះ៖ «សូម​ជម្រាប​ជូន​ថា ទី​មួយ​មាន​ភាព​ស្មុគស្មាញ​ខាង​ផ្នែក​បច្ចេកទេស។ ទី​ពីរ ផ្លូវ​ច្បាប់​អត់​បាន​បញ្ជា​ឲ្យ គ..ប ត្រូវ​ធ្វើ​ដូច្នេះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ គ..ប នៅ​តែ​ទទួល​នូវ​អនុសាសន៍ និង​គំនិត​ទាំងឡាយ​ដើម្បី​ធ្វើ​ការ​ពិចារណា»

ការ​ឆ្លើយ​បដិសេធ​នេះ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូន គ..ប កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ស្នើ គ..ប ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​សែន​នាក់​កំពុង​បំពេញ​ការងារ និង​រស់នៅ​ប្រទេស​ថៃ អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​ត្រឹម​ទឹក​ដី​ខ្មែរ​ក្បែរ​ព្រំដែន។ សម្រាប់​បណ្ដា​ប្រទេស​ឆ្ងាយៗ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បង្កើត​ការិយាល័យ​នៅ​តាម​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ខ្មែរ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​មន្ត្រី​ស្ថានទូត​អាច​ចូលរួម​ចុះ​ឈ្មោះ និង​បោះឆ្នោត​ដែរ។

លិខិត​ដាក់​ជូន គ..ប នោះ ឲ្យ​ដឹង​ថា សំណើ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ គឺ​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​ពលករ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​ធ្វើ​ក្នុង​ការ​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដូចជា​មាន​ចែង​ក្នុង​មាត្រា​៣៣ និង​មាត្រា​៣៤ នៃ​រដ្ឋធម្មនុញ្ញ។

រីឯ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​តាម​ព្រំដែន និង​តាម​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​បរទេស​នោះ អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពិត​ជា​មាន​ឆន្ទៈ៖ «ថ្មីៗ​នេះ ភូមា ប្រជាពលរដ្ឋ​របស់​គេ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ដែរ​តើ! ដូចជា​សាំងហ្គាពួរ (សិង្ហបុរី) ថៃ នៅ​កូរ៉េ និង​ជប៉ុន។ គ្រប់ៗ​គ្នា​គេ​ធានា គេ​ចង់​បាន​ឲ្យ​ប្រជាពលរដ្ឋ​របស់​គេ​នៅ​ក្រៅ​ប្រទេស​បាន​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​គ្រប់ៗ​គ្នា។ ខ្ញុំ​គិត​ថា អត់​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ»

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច​រូប​នេះ​យល់​ថា មូលហេតុ​ដែល​មិន​អាច​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នេះ អាច​ពាក់ព័ន្ធ​នឹង​និន្នាការ​គាំទ្រ​នយោបាយ​ទៅ​វិញ​ទេ ពោល​គឺ​ប្រហែល​ជា​បញ្ហា​ផ្លូវ​ច្បាប់ និង​បញ្ហា​ស្មុគស្មាញ​ផ្នែក​បច្ចេកទេស មិន​មែន​ជា​ឧបសគ្គ​ធំ​ដុំ​នោះ​ទេ៖ «ច្បាប់​បោះឆ្នោត គឺ​ទាក់ទង​នឹង​នយោបាយ​ច្រើន ចំណែក​ច្បាប់​ព្រហ្មទណ្ឌ​វា​ទាក់ទង​នឹង​សង្គម​ច្រើន។ ដូច្នេះ​ខ្ញុំ​និយាយ​តែ​រឿង​ច្បាប់​បោះឆ្នោត គឺ​ថា​ច្បាប់​បោះឆ្នោត។ កាល​ណា​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត​នៅ​តាម​ស្ថានទូត​បណ្ដា​ប្រទេស​នានា គឺ​វា​ទាក់ទង​នឹង​ការ​គាំទ្រ និង​សន្លឹក​ឆ្នោត ព្រោះ​អី​ខ្មែរ​យើង​ដូចជា​ពលករ​នៅ​ក្រៅ​ប្រទេស​ក្តី ធម្មតា​គាត់​រស់នៅ​ប្រទេស​គេ​ស៊ីវិល័យ ដូច្នេះ​គាត់​មាន​គំនិត​ទូលំទូលាយ។ គាត់​អត់​មាន​ការ​គាប​សង្កត់ ឬ​ក៏​ស្អីៗ​ទាំងអស់។ គាត់​មាន​សេរីភាព​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត​ការ​បោះឆ្នោត»

លោក សំ គន្ធាមី លើក​ឡើង​ថា ប្រសិន​បើ​មិន​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ និង​បោះឆ្នោត សូម្បី​នៅ​តាម​ព្រំដែន​ក្តី​នោះ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាត់បង់​សិទ្ធិ​នយោបាយ ជាពិសេស​ការ​ចូលរួម​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។