សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ចោទ​មេ​ប៉ុស្តិ៍​ថា​ប្រឌិត​រឿង​ឲ្យ​ពលរដ្ឋ​ប្ដឹង​រូប​គាត់

សកម្មជន​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​សេដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចោទ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ ថា​បាន​ប្រឌិត​រឿង​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្ដឹង​រូប​គាត់។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​សកម្មជន​រូប​នោះ​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដោយ​ប្រាប់​ហេតុផល​ត្រឹមត្រូវ ប៉ុន្តែ​ក្រោយ​មក​ទទួល​ដំណឹង​ថា មេ​ប៉ុស្តិ៍​ឃុំ បាន​ហៅ​ពលរដ្ឋ​ទាំង​នោះ​ទៅ​ផ្ដិត​មេដៃ​ប្ដឹង​រូប​គេ​វិញ។ ចំណែក​មេ​ប៉ុស្តិ៍​ឃុំ​សេដា ថា​ខាង​លោក​ធ្វើ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​សេដា ហៅ​សកម្មភាព​ប្ដឹង​អ្នកស្រី ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​បាន​យល់ព្រម​ផ្ដិត​មេដៃ​រួច​ទៅ​ហើយ​នោះ ថា​ជា​រូបភាព​គំរាម​កំហែង​ពី​សំណាក់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​តែ​ម្តង។ សកម្មជន​រូប​នោះ​អះអាង​ថា អ្នកស្រី​បាន​ប្រាប់​ពី​ហេតុផល​ត្រឹមត្រូវ មុន​នឹង​ទទួល​យក​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដោយ​បញ្ជាក់​ថា យក​ទៅ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ដោះ​លែង​អ្នក​ជាប់​ឃុំ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​សេដា អ្នកស្រី សុខ ឌីន មាន​ប្រសាសន៍​ថា មេ​ប៉ុស្តិ៍​បាន​ហៅ​អ្នកស្រី​សាកសួរ​អំពី​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ហើយ​ថែម​ទាំង​តម្រូវ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ទៀត​ផង ប៉ុន្តែ​អ្នកស្រី​បដិសេធ ពីព្រោះ​អ្នកស្រី​មិន​បាន​ធ្វើ​ខុស​ឡើយ។ ប្រភព​ដដែល​អះអាង​ថា មុន​ពេល​ទទួល​យក​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ចំនួន ១៣​នាក់ គាត់​បាន​ប្រាប់​ពី​គោល​បំណង​ច្បាស់លាស់​ស្រប​តាម​ខ្លឹមសារ​ញត្តិ​នោះ ហើយ​ពលរដ្ឋ​ក៏​យល់ព្រម។ ក្រោយ​ពេល​នាយ​នគរបាល​ប៉ុស្តិ៍​បាន​ហៅ​ពលរដ្ឋ​សាកសួរ​អំពី​បញ្ហា​នេះ ថែម​ទាំង​ថត​រូប​ពួក​គាត់​ទាំង​នោះ​ផង ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៥ កក្កដា ទើប​អ្នកស្រី​ទទួល​ដំណឹង​ថា ពលរដ្ឋ​ទាំង ១៣​នាក់ សម្រេច​ប្ដឹង​អ្នកស្រី​ឲ្យ​លុប​ស្នាម​មេដៃ និង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​រៀល។ សកម្មជន​ដដែល​យល់​ថា វា​ជា​រូបភាព​គំរាម​កំហែង និង​ប្រឌិត​រឿង​ពី​សំណាក់​មេ​ប៉ុស្តិ៍​ដើម្បី​ប្ដឹង​អ្នកស្រី៖ «ពី​ដំបូង​ខ្ញុំ​គិត​ថា បើ​គេ​បញ្ឈប់ ខ្ញុំ​ក៏​មិន​បន្ត​អី​ដែរ​អូន។ ហើយ​ឥឡូវ​បើ​គេ​ធ្វើ​អ៊ីចឹង ខ្ញុំ​ក៏​គិត​ថា ខ្ញុំ​ចង់​ប្ដឹង​តបត​ចំពោះ​ប៉ុស្តិ៍​ហ្នឹង​វិញ​ដែរ»

អ្នកស្រី សុខ ឌីន ជា​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ឃុំ​សេដា ដែល​មាន​ប្រជាប្រិយភាព​ម្នាក់។ បញ្ហា​នេះ សកម្មជន​រូប​នោះ​យល់​ថា អាច​ជា​ការ​បំបាក់​ស្មារតី​មិន​ឲ្យ​អ្នកស្រី​ចូលរួម​ក្នុង​កិច្ចការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​សេដា លោក យូ ទូច បញ្ជាក់​នៅ​ថ្ងៃ​ទី​៦ កក្កដា ថា​ខាង​លោក​ធ្វើ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ពីព្រោះ​សមត្ថកិច្ច​មិន​អាច​ញុះញង់​ឲ្យ​ពលរដ្ឋ​ប្ដឹង​នរណា​ម្នាក់​បាន​ទេ។ លោក​បន្ថែម​ថា មូលហេតុ​ពលរដ្ឋ​ប្ដឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​អ្នក​ភូមិ​ទាំង​នោះ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​យក​ស្នាម​មេដៃ​របស់​ពួក​គាត់​ទៅ​ធ្វើ​រឿង​ខុស​ពី​គោល​បំណង​ដើម។ លោក​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​អ្នក​ភូមិ ១៣​នាក់​នោះ គឺ​មាន​ពីរ​នាក់​ប្ដឹង​ឲ្យ​លុប​ស្នាម​មេដៃ ព្រម​ទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​រៀល។ ក្រៅ​ពី​នោះ គឺ​ប្ដឹង​ឲ្យ​លុប​តែ​ស្នាម​មេដៃ​ចេញ​វិញ​ប៉ុណ្ណោះ៖ «សមត្ថកិច្ច​មាន​តួនាទី​ទៅ​តាម​បណ្ដឹង​របស់​ពលរដ្ឋ ហើយ​ចាត់ការ​បណ្ដឹង​ឲ្យ ហើយ​ខ្ញុំ​ថ្នាក់​ប៉ុស្តិ៍ ខ្ញុំ​មិន​មាន​សិទ្ធិ​ទៅ​អារ​កាត់​អី​ទេ»

នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ដដែល​បញ្ជាក់​ថា ពាក្យ​បណ្ដឹង​ពលរដ្ឋ ខាង​លោក​បាន​បញ្ជូន​ទៅ​ដល់​លោក​អធិការ​ស្រុក​រួច​រាល់​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៣​នាក់ ដែល​បាន​ប្ដឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា មុន​ពេល​អ្នកស្រី​ផ្តល់​ស្នាម​មេដៃ​ឲ្យ​ទៅ​អ្នកស្រី សុខ ឌីន គឺ​គាត់​បាន​ដឹង​គោល​បំណង​ច្បាស់លាស់​ហើយ ប៉ុន្តែ​មូលហេតុ​អ្នកស្រី​សម្រេច​ចិត្ត​ប្ដឹង​សកម្មជន​គណបក្ស​ប្រឆាំង​រូប​នោះ គឺ​ដោយសារ​មេ​ប៉ុស្តិ៍​បាន​ស្គាល់​មុខ​អ្នក​ផ្តល់​ស្នាម​មេដៃ​ឲ្យ​គណបក្ស​ប្រឆាំង ម្យ៉ាង​ឃើញ​អ្នក​ផ្សេង​យល់ព្រម​ប្ដឹង​អស់​ទៅ​ហើយ៖ «បើ​គេ​ទាំងអស់​គ្នា​អ៊ីចឹង​ដែរ បើ​ខ្ញុំ​តែ​ម្នាក់​ឯង​ក៏​មិន​កើត​ដែរ»

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត សង្ស័យ​ថា ករណី​នេះ​ធ្វើ​ឡើង​ដោយសារ​ពលរដ្ឋ​ទាំង​នោះ​រង​សម្ពាធ​ពី​នាយ​នគរបាល​ប៉ុស្តិ៍​ច្រើន​ជាង ពីព្រោះ​លោក​មិន​ជឿ​ថា ពលរដ្ឋ​អាច​ប្ដឹង​សកម្មជន​គណបក្ស​ប្រឆាំង​ដោយ​ចិត្ត​ឯង​ទេ៖ «ប៉ុន្តែ​អាជ្ញាធរ ខ្ញុំ​សង្ស័យ​ថា មាន​ការ​គាប​សង្កត់​ពី​អាជ្ញាធរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្ដឹង​អ្នក​ដើរ​ប្រមូល​ស្នាម​មេដៃ»

លោក​បន្ថែម​ទៀត​ថា ករណី​នេះ​គប្បី​មាន​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ត្រឹមត្រូវ ពីព្រោះ​មាន​ការ​ចោទ​ប្រកាន់ គឺ​ត្រូវ​មាន​ភស្តុតាង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បង្ហាញ​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។