លោក​ជា សុផារ៉ា សន្យា​ជំរុញ​ការចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​លឿន​បំផុត

លោក​ជា សុផារ៉ា សន្យា​ជំរុញ​ការចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​លឿន​បំផុត



ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​លើកឡើង​ថា ពាក់ព័ន្ធ​នឹង បញ្ហា​ចុះបញ្ជី​ដីធ្លី ក្រសួង​នឹង​ជំរុញ​ចុះ​អនុវត្តន៍​ឲ្យ​បាន​លឿន​បំផុត ដើម្បី​ការ​បន្ថយ​នូវ​ជម្លោះ​លើ​បញ្ហា ដីធ្លី​នេះ។

នេះ​ជា​ការ​លើកឡើង​របស់​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង នៅ​ក្នុង​កិច្ច​ជួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Victoria Kwakwa អនុប្រធាន​ធនាគារ​ពិភពលោក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ច នៅ​ទីស្តីការ​ក្រសួង ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ ២០១៦​។

លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី ជា​ផែនការ​ក្រសួង ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ គឺ​ក្រសួង អនុវត្តន៍​កិច្ចការ​នេះ​ឲ្យ​បាន​លឿន​បំផុត ដោយ​មិន​អាច​រង់ចាំ​ពេល​វេលារ​តទៅទៀត ដើម្បី​កាត់បន្ថយ នូវ​ជម្លោះដីធ្លី​ដែល​កំពុង​កើតមាន​សព្វថ្ងៃ។

លោក​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​បន្ត​ថា កាលណា​យើង​អនុវត្តន៍​ការ​ចុះ​បញ្ជី​ជូន​ប្រជាពលរដ្ឋ​បាន​នោះ គឺ​ចាត់​ជា​ទុន​មួយ​យ៉ាង​ល្អ​ប្រសើរ និង​ ជា​ជំនឿ​ជឿជាក់​របស់​ក្រុម​អ្នក​វិនិយោគ ព្រោះថា ប្រជាពលរដ្ឋ​មាន​ទុន គឺ​អាច​លក់ ឬ​ អនុវត្តន៍​តាម​កិច្ចព្រមព្រៀង​គ្នា​ផ្សេងៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​កាន់​តែមាន​ជីវភាព​ល្អប្រសើរ។

ចំណែក​បញ្ហា​ចុះបញ្ជី​ដីធ្លី​របស់​បងប្អូន​ជនជាតិភាគតិច​វិញ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​អះអាង​ផង​ដែរ​ថា នឹង​ជំរុញ​ការ​អនុវត្តន៍​ចុះបញ្ជី​ឲ្យ​បាន​លឿន​ដូចគ្នា ជាក់​ស្តែង​មកដល់​ពេល នេះ​សហគមន៍​ទាំង​១១​កន្លែង​របស់​បងប្អូន​ជនជាតិភាគតិច គឺ​កំពុង​បាន​រៀប​ចំ​អនុវត្តន៍ ហើយ​នៅ​ចុង​ឆ្នាំ​២០១៦​ខាងមុខនេះ ក្រសួង​គ្រោង​អនុវត្តន៍​២​សហគមន៍​ទៀត​ផង​ដែរ។

ទាក់ទិន​នឹង​ការចុះបញ្ជី​ដីធ្លី​នេះ លោកស្រី Victoria Kwakwa អនុប្រធាន​ធនាគារ​ពិភពលោក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ច បាន​ថ្លែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង លើ​កិច្ច​សហ ប្រតិបត្តិការ ការចុះបញ្ជី​ដីធ្លី លោកស្រី​នឹង​ចាត់​ឲ្យ​មាន​ក្រុមការងារ​របស់​ធនាគារ​ពិភពលោក​ចូលរួម ជាមួយ​នឹង​មន្ត្រី​ជំនាញ​របស់​ក្រសួង ដើម្បី​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំងនោះ ឲ្យ​បាន​ល្អ ប្រសើរ ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប៕