​កម្ពុជា​អរគុណ​អាមេរិក ដែល​ផ្តល់​ចំណាត់ថ្នាក់​លេខ ២ ផ្នែក​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ និពន្ធដោយ : រុង រឿង       July-06-2016, 7:39 pm         105

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​កម្ពុជា​អរគុណ​អាមេរិក ដែល​ផ្តល់​ចំណាត់ថ្នាក់​លេខ ២ ផ្នែក​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ជួបពិភាក្សា​ជាមួយ​លោក William A. Heidt  ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ៥ ខែកក្កដា នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​។ នៅក្នុង​ជំនួប​នោះ លោក ប្រាក់ សុខុន បាន​អរគុណ​រដ្ឋាភិបាល​អាមេរិក ដែល​ផ្តល់​ចំណាត់ថ្នាក់​លេខ ២ ដល់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​។​

​លោក​រដ្ឋមន្ត្រី​ក្រ​សូង​ការបរទេស ប្រាក់ សុខុន បាន​អរគុណ​រដ្ឋាភិបាល​អាមេរិក​តាមរយៈ លោក William A. Heidt  ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជុំវិញ​ចំណាត់ថ្នាក់​លេខ ២ ផ្នែក​ប្រឆាំង​ការជួញដូរ​មនុស្ស ដែល​អាមេរិក​ផ្តល់​ដល់​កម្ពុជា​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី ៦ ខែកក្កដា លោក ប្រាក់ សុខុន បាន​លើកឡើងថា ចំណាត់ថ្នាក់​នេះ មិន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការទទួលស្គាល់​របស់​អា​មេ​រិ​ក​ចំពោះ​ការខិតខំ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​អាមេរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​។ 

​របាយការណ៍​ស្តីពី​ការវាយតម្លៃ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក លើ​ការខិតខំ​របស់គេ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប (TIP)  ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការបទេស​អាមេរិក កាលពី​ថ្ងៃទី ៣០ មិថុនា ហើយ​ផ្តល់​ដល់​កម្ពុជា​នូវ​ចំណាត់​លេខ ២ គឺ​ផ្អែក​តាម​ការខិតខំ​គួរសម​របស់​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស នៅក្នុង​ឆ្នាំ​កន្លងទៅ​។ របាយការណ៍​ដដែល​នេះ ក៏បានផ្តល់​អនុសាសន៍ និង​ចំណុច​កែលំអ​មួយចំនួន​ដែរ ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ទាសភាព​សម័យ​ទំនើប​នេះ​។  របាយការណ៍ TIP ប្រចាំឆ្នាំ​លើក​ទី ១៦ នេះ មានការ​រៀបរាប់​ពី​ប្រទេស និង​ទឹកដី​ចំនួន ១៨៨ ដោយ​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ នៅក្នុង​ពិធី​ប្រកាស​របាយការណ៍​នេះ លោក ឃឺ​រី ថែមទាំង​បានផ្តល់​កិត្តិយស​ដល់​វីរៈជន ក្នុង​របាយការណ៍ TIP ឆ្នាំ ២០១៦ គឺ​មនុស្ស​ប្រុស ស្រី ដែលមាន​ការខិតខំ​ផ្ទាល់ខ្លួន​របស់គេ បានធ្វើ​ឲ្យ​គេ​មាន​ស្នាដៃ​លេចធ្លោ នៅក្នុង​ការប្រយុទ្ធ​ជា​សាកល ប្រឆាំងនឹង​ទាសភាព​សម័យ​ទំនើប​នេះ​។​

​ដោយឡែក នៅក្នុង​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​មន្ត្រី​ទូត​អាមេរិក​នេះ កាលពី​ថ្ងៃ​អង្គារ ក៏​ពិភាក្សា​ពី​ការសម្រេច​របស់​រដ្ឋាភិបាល​អាមេរិក ក្នុងការ​ពង្រីក​ច្រកចូល​ទៅកាន់​ទីផ្សារ​រប​ស់​អាមេរិក​សម្រាប់​មុខទំនិញ​កម្ពុជា​ផងដែរ​។ ហើយ​បញ្ហា​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា ក៏ត្រូវ​លោក​រដ្ឋមន្ត្រីការបរទេស​ប្រាក់ សុខុន ពិភាក្សា​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត William A. Heidt ។ តែ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស មិនបាន​លម្អិត​ពី​ការលើកឡើង​របស់​អ្នក​ទាំងពីរ​ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ទេ​៕