ជុំវិញ​ករណី​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ អា​រក​សម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​គេហទំព័រ កោះសន្តិភាព បាន​ចុះ​ផ្សាយ​រួច​ម្ដង​ហើយ​ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​ស្លាប់​របស់​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​និស្សិត​ម្នាក់ បាន​យក​កាំបិត​អា​រក​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម ស្ថិត​នៅផ្ទះ​បន្ទប់​ឡៅតឿ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ប្រភព​ឱ្យ​ដឹង​ថា យុវជន​ដែល​ស្លាប់​ឈ្មោះ​កែ វុ​ទ្ធី អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ ។

បើ​តាម​ប្រភព​ពី​អ៊ំ​របស់​យុវជន​រង​គ្រោះ​ថា ប៉ុន្មាន​ថ្ងៃមុន គឺ​មាន​ទំនាស់​ពាក្យ​សម្តី​បន្តិចបន្តួច​ជាមួយ​ឪពុក ពាក់ព័ន្ធ​រឿង​មិនដឹង​ថា ត្រូវ​ជ្រើស​យក​ផ្នែក​ជំនាញ​ណា​មក​សិក្សា​បន្ត រវាង​ជំនាញ​ពេទ្យធ្មេញ និង​ជំនាញ IT ។ រហូត​មក​ដល់​ព្រលប់​ថ្ងៃខែ​ឆ្នាំ​ដដែល ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ សហការ​ជាមួយ​ពេទ្យ​តុលាការ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ ទោះបីជា​សមត្ថកិច្ច​ជំនាញ​អះអាង​បែប​នេះ​ក៏​ដោយ ក៏​មជ្ឈដ្ឋាន​ខាងក្រៅ​នៅ​តែ​ដាក់​ការ​សង្ស័យ ទៅ​លើ​រឿង​ផ្សេង​ដដែល ៕