កម្មករ​រោងចក្រ​តម្បាញ ជុង ហ្វៃ ដែល​ថៅកែ​រត់​ចោល​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ

កម្មករ​រោងចក្រ​ផលិត​សម្លៀកបំពាក់​ឈ្មោះ ជុង ហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ (Chung Fai Knitwear FTY., Ltd.) នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ដែល​ថា​ថៅកែ​រត់​ចោល មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​តាម​ការ​ទាមទារ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​៦ កក្កដា។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ករណី​នេះ​នឹង​ដោះស្រាយ​តាម​នីតិវិធី​តុលាការ។

អគ្គលេខាធិការ​រង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វង្ស សុវណ្ណ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៦ កក្កដា ថា បញ្ហា​កម្មករ​នៅ​រោងចក្រ ជុង ហ្វៃ នីតវៀរ លោក​កំពុង​រង់ចាំ​ឯកសារ​ជាក់លាក់​ពី​កម្មករ ដែល​ពួក​គាត់​ចង់​ដោះស្រាយ​តាម​ផ្លូវ​តុលាការ៖ «អ៊ីចឹង​កាលណា​អនុវត្ត​តាម​នីតិវិធី​ច្បាប់ គឺ​យើង​ឲ្យ​គាត់​ដាក់​សំណើ​ជា​លាយលក្ខណ៍​អក្សរ​អី​បន្តិច​មក ហើយ​ផ្ដិត​មេដៃ​ពី​បង​ប្អូន​កម្មករ​និយោជិត​មក។ អ៊ីចឹង​ជា​នីតិវិធី យើង​នឹង​ទទួល​បាន​សំណើ​សំណូមពរ​ហ្នឹង។ យើង​នឹង​ពិនិត្យ​អនុវត្ត​បន្ត ហើយ​យើង​រង់ចាំ​ថ្ងៃ​ទី​១០ ទៀត​ដែរ។ រង់ចាំ​មើល​ថា តើ​ថៅកែ​គាត់​ចេញ​មក​ទទួល​ការ​ខុស​ត្រូវ​បែប​ណា​ទៅ​លើ​បញ្ហា​ប្រាក់​ឈ្នួល​ហ្នឹង ព្រោះ​បង​ប្អូន​យើង​ម្សិលមិញ​ហ្នឹង គាត់​ថា​សុំ​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ អ៊ីចឹង​វា​អាច​ទៅ​តាម​ប្រព័ន្ធ​តុលាការ​ជាដើម ឬ​មួយ​ទៅ​តាម​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ឬ​ទៅ​តាម​តុលាការ​នីតិវិធី​ហ្នឹង»

ការ​ថ្លែង​បញ្ជាក់​នេះ គឺ​បន្ទាប់​ពី​លោក និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ជួប​ពិភាក្សា​គ្នា​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​រោងចក្រ​នេះ រួម​ទាំង​តំណាង​កម្មករ និង​សហជីព កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៥ កក្កដា ដើម្បី​រក​ដំណោះស្រាយ។ ការ​រង់ចាំ​ពេល​រហូត​ដល់​ថ្ងៃ​ទី​១០ កក្កដា គឺ​ជា​ថ្ងៃ​ដែល​រោងចក្រ​ត្រូវ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ។

តំណាង​សហជីព​សេរី​កម្មករ ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​កម្មករ​នៅ​រោងចក្រ ជុង ហ្វៃ នេះ គឺ​កញ្ញា យ៉ុង លាភ បញ្ជាក់​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​នោះ មាន​ត្រឹម​តែ​ធ្វើ​កំណត់​ហេតុ​ទេ ហើយ​ការ​រង់ចាំ​ពេល​រហូត​ដល់​ថ្ងៃ​ទី​១០ កក្កដា ដើម្បី​រក​ដំណោះស្រាយ​បន្ត​នោះ ក៏​ព្រោះ​តែ​ខាង​អាជ្ញាធរ​នៅ​មិន​ទាន់​ប្រាកដ​ថា ថៅកែ​ពិត​ជា​បិទ​រោងចក្រ​មែន ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «អ្វី​ដែល​កម្មករ​ចង់​បាន​ហ្នឹង ទី​មួយ គឺ​បើក​ប្រាក់​ឈ្នួល​ក្នុង​ខែ​មិថុនា ហើយ​និង​ប្រាក់​អតីតភាព​ការងារ​ទៅ​តាម​ផ្លូវ​ច្បាប់ ដែល​គាត់​តែង​តែ​ទាមទារ គឺ ៥​មាត្រា ដែល​ច្បាប់​បាន​កំណត់​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ។ ទី​ពីរ គាត់​សុំ​ឲ្យ​គណៈកម្មការ​ជា​អ្នក​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង ព្រោះ​អី​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម​កូដកម្ម​គ្រប់​មុខ​សញ្ញា​ហ្នឹង គឺ​មាន​មេធាវី​រដ្ឋាភិបាល ក្នុង​ហ្នឹង​រហូត​ដល់ ៩​ស្ថាប័ន​ឯណោះ មាន​ទាំង​ស្ថាប័ន​ក្រសួង​យុត្តិធម៌ ដែរ។ អ៊ីចឹង​កម្មករ​គាត់​ចង់​ឲ្យ​គណៈកម្មការ​ហ្នឹង​ចាត់ការ ហើយ​គាត់​ស្នើ​រដ្ឋាភិបាល​ធ្វើ​បុរេ​សម្បទាន ដូចជា តាក់ហ្វាត (Tak Fat) យ៉ុងវ៉ា (Yungwa) ស៊ុភើតិច (Supertex) ហើយ​បង​ប្អូន​កម្មករ​គាត់​ដល់​ថ្ងៃ​ទី​១០ ហ្នឹង បើ​អត់​បើក​លុយ​ទេ គាត់​ហែ​ទៅ​ក្រសួង​ហើយ»

ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា​ថ្លែង​ថា រោងចក្រ ជុង ហ្វៃ នេះ មិន​មាន​ដំណើរ​ការ​ផលិត​សម្លៀកបំពាក់​ទេ​នៅ​ពេល​នេះ ហើយ​ខាង​អធិការកិច្ច​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់​ទៅ​ពិនិត្យ​ម្ដង​ហើយ​កាល​ពី​ចុង​ខែ​មិថុនា។ ខាង​តំណាង​សហជីព​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ រោងចក្រ ជុង ហ្វៃ នីតវៀរ ធ្លាប់​មាន​កម្មករ​រាប់​ពាន់​នាក់ ហើយ​ធ្លាក់​មក​នៅ​ចំនួន ១៨០​នាក់។

ក្រុម​កម្មករ​ជាង ១០០​នាក់ ក្នុង​ចំណោម ១៨០​នាក់ បាន​ចេញ​លើក​បដា​ទាមទារ​ឲ្យ​ភាគី​រោងចក្រ ចេញ​ទូទាត់​ប្រាក់​ឈ្នួល និង​អតីតភាព​ការងារ​ដល់​ពួក​គាត់ នៅ​ពេល​ពួក​គាត់​ទទួល​ព័ត៌មាន​ថា រោង​ចក្រ​បិទ​ទ្វារ។

លេខា​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ ជុង ហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ កញ្ញា ជួន គីរី ថ្លែង​ថា នៅ​ពេល​នេះ កញ្ញា​កំពុង​ស្រង់​ស្ថិតិ​កម្មករ ធ្វើ​លិខិត​ផ្ដិត​មេដៃ​តាម​ការ​តម្រូវ​របស់​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។ កញ្ញា​បញ្ជាក់​ថា ការ​ធ្វើ​លិខិត​នេះ នឹង​អាច​រួច​រាល់​នៅ​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។