ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​រិះគន់​អាជ្ញាធរ​ថា​យឺតយ៉ាវ​ក្នុង​ការ​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាច្រើន​គ្រួសារ រិះគន់​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត ថា​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស​ឡើយ។ អ្នក​ភូមិ​កំពុង​ខ្វល់ខ្វាយ​ខ្លាច​ក្រែង​កូន​ចៅ​របស់​ពួក​គាត់ មិន​អាច​ដាក់​ពាក្យ​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​ផ្សេងៗ​បាន​នៅ​ថ្ងៃ​អនាគត ដោយសារ​គ្មាន​សំបុត្រ​បញ្ជាក់​កំណើត។ ប៉ុន្តែ​ស្មៀន​សង្កាត់​ប៉ោយប៉ែត បញ្ជាក់​ថា អាជ្ញាធរ​ដំណើរ​ការ​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​ជូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ស្នើ​អាជ្ញាធរ​សង្កាត់ ពន្លឿន​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ពួក​គាត់​យក​ទៅ​ប្រើប្រាស់​ទាន់​ពេលវេលា។

ពលរដ្ឋ​រស់នៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត លោក រឿន ប៊ុនរិទ្ធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កក្កដា ថា កូន​របស់​លោក​អាយុ ៤​ឆ្នាំ​ទៅ​ហើយ នៅ​មិន​ទាន់​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​បាន​នៅ​ឡើយ។ លោក​អះអាង​ថា លោក​បាន​នាំ​កូន​ទៅ​សុំ​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​នៅ​សាលា​សង្កាត់​ប៉ោយប៉ែត ជាច្រើន​លើក​ច្រើនសា​មក​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​រុញ​ពី​មួយ​ទៅ​មួយ ដោយ​មិន​ព្រម​ធ្វើ​ឲ្យ​នោះ​ទេ៖ «ព្រោះ​កូន​បង​ខ្ញុំ​មាន​ម្នាក់​ដែរ ដែល​អាជ្ញាធរ​មិន​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​ឲ្យ​តាំង​ពី​តូច​រហូត​ដល់​អាយុ ៧​ឆ្នាំ។ អាជ្ញាធរ​និយាយ​ថា ចាំ​ធំ​បន្តិច​តិច​ទៀត​ចាំ​ធ្វើ​ក៏​បាន​ដែរ នៅ​មិន​ទាន់​ហួស​ពេល​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ម្នាក់​ទៀត លោក ជួង គិមហ៊ាង អះអាង​ថា លោក​មាន​លិខិត​បញ្ជាក់​ពី​មេ​ភូមិ​ត្រឹមត្រូវ ដើម្បី​យក​ទៅ​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​ឲ្យ​កូន​របស់​លោក​អាយុ ១១​ឆ្នាំ ប៉ុន្តែ​ឲ្យ​អាជ្ញាធរ​ធ្វើ​រយៈពេល ២​ឆ្នាំ​មក​ហើយ ពុំ​ទទួល​បាន​លទ្ធផល​ឡើយ។ លោក​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ក្មេង​មិន​អាច​ដាក់​ពាក្យ​ចូល​ធ្វើ​ការងារ​រដ្ឋ និង​ឯកជន​នៅ​តាម​ក្រុមហ៊ុន​ផ្សេងៗ​បាន ពីព្រោះ​គ្មាន​សំបុត្រ​បញ្ជាក់​កំណើត៖ «ខ្ញុំ​កាន់​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​របស់​ខ្ញុំ​យក​ទៅ តែ​ធ្វើ​អត់​បាន។ គេ​ថា​ចាំ​វគ្គ​ក្រោយៗ​រាប់​ឆ្នាំ​មក​ហើយ។ គាត់​បដិសេធ​ថា​អត់​ទាន់​ដល់​ពេល​គេ​ធ្វើ បើ​សិន​គេ​ចុះ​ធ្វើ គេ​នឹង​ប្រាប់​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្មៀន​សង្កាត់​ប៉ោយប៉ែត លោក ពុំ សុភិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត បាន​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​ជួយ​សម្រួល​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​ជូន​ប្រជាពលរដ្ឋ​រៀង​រាល់​ថ្ងៃ។ លោក​អះអាង​ថា ពលរដ្ឋ​មាន​ចំនួន​តិចតួច​ដែល​មិន​ទាន់​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត​នោះ៖ «ក្មេង​ដែល​ទើប​កើត​បាន​ក្រោម ៣០​ថ្ងៃ លោក​ចៅ​សង្កាត់ អាំង គីហេង គាត់​ចុះ​ធ្វើ​ដល់​ផ្ទះ​ពលរដ្ឋ ហើយ​ថែម​ទាំង​យក​ទៅ​ជូន​ដល់​ផ្ទះ​ទៀត។ ដល់​តែ​និយាយ​ធ្វើ​មិន​បាន​អ៊ីចឹង មិន​ដឹង​ថា​គាត់​មក​ជួប​ជាមួយ​អ្នក​ណា​ទេ ដូច​មិន​យល់​គាត់​ដែរ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ត្អូញត្អែរ​ជួប​ការ​លំបាក​ដោយសារ​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត ពុំ​មាន​រាប់​ពាន់​នាក់​ឯណោះ៖ «ចៅ​សង្កាត់​គាត់​ទទួល​ធ្វើ​ឲ្យ ហើយ​ដេញ​ពលរដ្ឋ​ឲ្យ​ទៅ​បញ្ជាក់​ពី​មេ​ភូមិ ហើយ​មេ​ភូមិ​ក៏​ទុក​ចោល ២​អាទិត្យ​ទៅ​ទម្រាំ​បញ្ជូន​ទៅ​សាលា​សង្កាត់។ ហើយ​សាលា​សង្កាត់​មិន​ហៅ​គាត់​ទៅ​ធ្វើ​ទេ។ ដល់​ពេល​គាត់​បាន​ប្រញាប់ ត្រូវ​ចំណាយ​ប្រាក់​រត់​ការ​ថ្មី​ទើប​ធ្វើ​បាន»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន លើក​ឡើង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់​អំពី​នីតិវិធី​ធ្វើ​សំបុត្រ​បញ្ជាក់​កំណើត ដើម្បី​សម្រួល​ការងារ​នេះ​ជូន​ពួក​គាត់​បាន​ឆាប់​រហ័ស។

របាយការណ៍​ស្មៀន​សង្កាត់​ប៉ោយប៉ែត ឆ្នាំ​២០១៦ បង្ហាញ​ថា នៅ​ក្នុង​សង្កាត់​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៤​ម៉ឺន ៤​ពាន់​នាក់ (៤៤.២៦១​នាក់) ក្នុង​នោះ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ជិត ២​ម៉ឺន ៥​ពាន់​នាក់ (២៤.៧៨៩​នាក់)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។