ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

កីឡាករអន្តរជាតិដ៏ល្បីឈ្មោះ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ត្រូវបានតុលាការ​នៃ​ប្រទេស​អេស្ប៉ាញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២១ខែ ពីបទគេចវេសមិនបានបង់ពន្ធ។ ប៉ុន្តែតារា​បាល់ទាត់​រូបនេះ អាចនឹង​ជៀស​ផុត​ពីការ​ឃុំ​ខ្លួន។
ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

លីយ៉ូនែល ម៉េស៊ី កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន។ (រូបថតឯកសារ)

សាលក្រមទើបនឹងធ្លាក់ចុះមក នៅមុននេះបន្តិច ក្នុងថ្ងៃពុធទី៦ ខែកក្កដានេះ។ លីយ៉ូនែល ម៉េស៊ី (Lionel Messi) កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone - ក្នុងប្រទេសអេស្ប៉ាញ) និងឪពុករបស់កីឡាករផង ត្រូវបានតុលាការនៃក្រុងបាសឺឡូន ផ្ដន្ទា​ទោស​ម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ២១ខែ និងតម្រូងអ្នកទាំងពីរ ឲ្យបង់ប្រាក់ពិន័យ ៣,៧លានអ៊ឺរ៉ូ (ប្រមាណជា ៤លាន​ដុល្លារ) ពី​បទគេចវេស​មិនបានបង់ពន្ធ តាមច្បាប់ស្ដីពីកាតព្វកិច្ចពន្ធដារ នៅក្នុងប្រទេសអេស្ប៉ាញ។

ប៉ុន្តែការផ្ដន្ទាទោស ដែលទាក់ទងនឹងការបង់ពន្ទទៅលើតម្លៃខ្លួន (តាមរយៈការប្រើប្រាស់រូបភាពខ្លួន) រវាង​ពី​ឆ្នាំ​២០០៧ មកទល់នឹងឆ្នាំ២០០៩នោះ នឹងបញ្ជៀសកីឡាករ មិនឲ្យជាប់ឃុំបានឡើយ។ នៅក្នុងរាជាណាចក្រ​អេស្ប៉ាញ ទោសជាប់ពន្ធនាគារ ដែលមានរយៈពេលក្រោម២៤ខែ មិនសូវជាត្រូវបានអនុវត្តនោះទេ ឬតែង​ត្រូវ​បាន​ព្យួរ។

កីឡាករម្ចាស់បាល់មាសបួនជំនាន់ ម៉េស៊ី បានព្យាយាមពន្យល់ចៅក្រម នៅក្នុងសវនាការថា ខ្លួនមិនបាន​ដឹង​ពី​ការបង្កើងក្រុមហ៊ុន​ ដែលឪពុកលោក និងមេធាវីរបស់គាត់ បានរៀបចំឡើង ដើម្បីគេចវេសមិនបង់ពន្ធ ទៅឲ្យ​ប្រទេស​អេស្ប៉ាញ ចំនួន៤,១៦លានដុល្លារនោះឡើយ។ ការដោះបន្ទុកនេះ ត្រូវបានស្ថាប័នរដ្ឋអាជ្ញាជឿជាក់ និង​​បាន​ស្នើសុំឲ្យដោះលែងកីឡាករ ពីការចោទប្រកាន់ ប៉ុន្តែការដោះបន្ទុកនេះ មិនបានធ្វើឲ្យ​ចៅក្រម​កាត់​សេចក្ដី​​ជឿជាក់​នោះទេ។

សាលក្រមសម្រេចខាងលើនេះ អាចនឹងត្រូវប្ដឹងសារទុក្ខ ទៅកាន់តុលាការកំពូល របស់ប្រទេសអេស្ប៉ាញ ប្រសិន​ជាជនជាប់ចោទទាំងពីរ មិនសុខចិត្ត៕