ស្ត្រី​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​ពេល​ចេញ​ពី​បន្ទប់​ជួល​ទៅ​ហៅ​ប្ដី​ឲ្យ​មក​ដេក

ស្ត្រី​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​ពេល​ចេញ​ពី​បន្ទប់​ជួល​ទៅ​ហៅ​ប្ដី​ឲ្យ​មក​ដេក



ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​បាញ់​ប្រហារ​ ខណៈ​ពេល​ដែល​នាង​ចេញពី​បន្ទប់​ផ្ទះជួល​ទៅ​ហៅ​ប្តី​ឲ្យ​មក​ដេក។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​៥ ខែកក្កដា ​ឆ្នាំ​២០១៦​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២ សង្កាត់​បឹងទំពុន ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

យោងតាម​ប្រភព​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ ប្រាក់ សុខ​ហេង​ អាយុ​៥២​ឆ្នាំ​ មុខរបរ​ជា​កម្មករ​រោងចក្រ​ដែកគោល​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នាង​កំពុង​សម្រាក​ក្នុង​បន្ទប់​ជួល​ ​ហើយ​​ដោយ​ចាំ​ប្តី​យូរ​ពេក​ ខណៈ​ពេល​ដែល​ប្តី​របស់​នាង​ត្រូវ​បាន​បងប្អូន​ស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា​ហៅ​ទៅ​ផឹក​​នោះ នាង​​​​ក៏​ចេញពី​បន្ទប់​ដើម្បី​ទៅ​ហៅ​ប្ដី ​បាន​បន្តិច ​ក៏​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ ​រួច​មាន​របស់​រឹង​មក​បុក​ទម្លាយ​កែង​ជើង​ខាងឆ្វេង​ធ្វើ​ឲ្យ​គាត់​ចុកចាប់ ​និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។

ទាក់ទិន​ទៅ​នឹង​ករណី​ផ្ទុះ​អាវុធ​ត្រូវ​ចំ​ស្ត្រី​រងគ្រោះ​ខាងលើ​សមត្ថកិច្ច​បាន​សាកសួរ​ទៅ​អ្នករស់នៅ​ជិតខាង​ តែ​អ្នក​ជិតខាង​បញ្ជាក់​ថា ពុំ​មាន​ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​នោះ​ឡើយ។ ប៉ុន្តែ​បានឮ​សំឡេង​ស្ត្រី​រងគ្រោះ​ស្រែក​ឲ្យ​ជួយ ​ហើយ​ពួកគេ​នាំគ្នា​ចេញពី​បន្ទប់ដេក​ក៏​មិនមាន​អ្វី​ប្លែក​ក្រៅ​តែពី​ឃើញ​ជនរងគ្រោះ​អង្គុយ​ក្តោប​ជើង​ ដែល​មាន​ស្នាមរបួស។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​ទំនង​ក្បាល​គ្រាប់​ប្លាត​ចេញពី​កន្លែង​ផ្ទុះ​អាវុធ​ពី​កន្លែង​ផ្សេង​មក​ត្រូវ​ជនរងគ្រោះ​នោះ​ ហើយ​បើ​ថា​ជា​ករណី​បាញ់​ប្រហារ​ដោយ​គំនុំ​គឺ​មិន​អាច​ឡើយ​ ព្រោះ​ជនរងគ្រោះ​​ពុំ​ដែលមាន​ទំនាស់​ជាមួយ​អ្នកណា​ឡើយ ខណៈ​គាត់​ជា​កម្មករ​ ហើយ​ប្តី​រត់​ម៉ូតូ​ឌុប​នោះ៕