រឿង​ពលរដ្ឋ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី ​ត្រូវ​មន្ត្រី​ពាក់ព័ន្ធ​ឆ្លើយ​ដាក់គ្នា​យក​រួច​ខ្លួន

រឿង​ពលរដ្ឋ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី ​ត្រូវ​មន្ត្រី​ពាក់ព័ន្ធ​ឆ្លើយ​ដាក់គ្នា​យក​រួច​ខ្លួន



តាកែវ ​៖​ ករណី​ប្រជាពលរដ្ឋ​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី​កំពុង​ជួប​រឿង​ចម្រូងចម្រាស​ ខណៈ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត​តាកែវ​ឆ្លើយ​ដាក់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​តាកែវ​ថា​ មានការ​ពាក់ព័ន្ធ​​ទៅ​នឹង​ជំនាញ​របស់​គាត់។

លោក​កេ​ត ព្រង់ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត​តាកែវ​ បាន​ប្រាប់​អ្នកយកព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ឲ្យ​ដឹង​ថា លោក​ទទួលស្គាល់ ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី ខេត្ត​តាកែវ គឺ​ពិតជា​បាន​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មែន​ ​ចំនួន​១៥​គ្រួសារ។ លោក​បាន​បន្ដទៀតថា ការ​ដែលពលរដ្ឋ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​គឺ​ពួកគាត់​លួច​ផលិត​ដោយ​ខ្លួនឯង​មិនមែន​មាន​មេ​ឈ្មួញ​បោះ​ទន់​ឲ្យ​ពួកគាត់​ផលិត​នោះ​ទេ ថែមទាំង​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​គាត់​ទៀតផង។ តែ​វា​ជាប់​ពាក់ព័ន្ធ​ជា​មួន​នឹង​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ទៅវិញ​ទេ​ ដែលជា​អ្នក​ចុះទៅ​ត្រួតពិនិត្យ​ជាក់ស្ដែង ដូច​ច្នេះ​អ្នក​យក​ព័ត៌មាន​​​គួរ​សួរ​ទៅ​លោក​ប្រធាន​សាខា​កាំកុងត្រូល​នៃ​ខេត្តតាកែវ​តែម្ដងទៅ។

ជុំវិញ​ការ​លើកឡើង​របស់​លោក​កេ​ត ព្រង់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្តតាកែវ​អ្នកយកព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​លោក លៀង ប៉ោ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​នៅឡើយ​ទេ​ ដោយ​ទូរស័ព្ទ​គាត់​ត្រូវ​បាន​បិទ។

គួរ​បញ្ជាក់​ផង​ដែរថា​ ជុំវិញ​ពលរដ្ឋ​នៅ​ភូមិ​ឃុំ​ខាងលើ​អាច​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​ទៅបាន​គឺ ពួកគាត់​លើក​ឡើង​ថា​ពួកគាត់​ទទួល​វត្ថុធាតុដើម​ក្នុងការ​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​នេះ​ពី​ថៅកែ​ម្នាក់​នៅ​ខណ្ឌ​ច្បារអំពៅ​ ហើយ​លោក​ថៅកែ​ម្នាក់​នេះ​មិនបាន​ប្រាប់​ឈ្មោះ​ឲ្យ​ពួកគាត់​ស្គាល់​ឡើយ។

ពលរដ្ឋ​បន្ត​ទៀត​ថា​ ពួកគាត់​ទទួលយក​ស្ករស​អំបិល​ប្រេងឆា​ពី​លោក​ថៅកែ​ដែល​បោះ​ទុន​ឲ្យ​ពួកគាត់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ ហើយ​ក្រោយពេល​ផលិត​រួច ​លោក​ថៅកែ​ខាងលើ​បញ្ជា​កូនចៅ​របស់​គាត់​ឲ្យ​មក​ដឹក​ស្ករត្នោត​ឡើងទៅ​ច្បារអំពៅ ហើយ​ពេលខ្លះ​ខាង​ថៅកែ​គេ​ត្រូវការ​បន្ទាន់​ពលរដ្ឋ​ដែល​ផលិត​បាន​ច្រើន​គឺ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​ទៅដោយ​ខ្លួនឯង​វិញ​ក៏មាន។ ដូច្នេះហើយ​ក្រោយ​ពេលដែល​ពួកគាត់​ទទួលបាន​ទុន​ដើម្បី​ផលិត​ស្ករត្នោត​ក្លែងក្លាយ​សម្រាប់​ចរាចរណ៍​កន្លងមក​ទើប​ពេលនេះ​ពួកគាត់​មាន​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង ព្រោះ​ក្នុង​១​​ថ្ងៃៗ​​​ពួកគាត់​ផលិត​ស្ករ​ត្នោត​ក្លែងក្លាយ​បាន​រាប់​តោន​ឯនោះ៕
​​រឿង​ពលរដ្ឋ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី ​ត្រូវ​មន្ត្រី​ពាក់ព័ន្ធ​ឆ្លើយ​ដាក់គ្នា​យក​រួច​ខ្លួន