ស្ត្រី​មេម៉ាយ​កូន ៥ នាក់ សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន

6 Videos


ពិតជាគួរឲ្យសង្វេគ និង អាណិតអាសូរពន់ពេកណាស់ បន្ទាប់ពីបានស្តាប់ការដង្ហោយរបស់ស្ត្រីមេម៉ាយកូន ៥ នាក់ មួយរូប រស់នៅលំបាកវេទនាក្នុងផ្ទះស្លឹក ធ្លុះធា្លយ និង ស្ទើតែរលំទៅហើយ បានលើកដៃសំពះសុំក្តីមេត្តាពីសប្បុរសជនទាំងឡាយឱ្យជួយគាត់ផងនោះ ។

P9

ស្ត្រី​មេម៉ាយ​កូន ៥ នាក់ សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន

ស្ត្រី អ៊ុន គឹមស្រ៊ុន អាយុ ៣៥ ឆ្នាំ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ ១៩៩៩ គាត់បានរៀការជាមួយបុរសឈ្មោះ ចាន់ រតនា អាយុ ៣៤ ឆ្នាំ ។ ក្រោយពីបានគ្នាជាប្តីប្រពន្ធ ពួកគាត់បានកូន ៥ នាក់ ប្រុសទាំង ៥ ដែលកូនបងពេលនេះអាយុ ១៥ ឆ្នាំហើយ ចំណែកកូនពៅអាយុ ៣ឆ្នាំប៉ុណ្ណោះ ។ ប្តីគាត់បានបោះបង់គាត់ជាង ២ ឆ្នាំមកហើយ គឺចាប់តាំងពីពេលកូនពៅកើតបានជិតមួយឆ្នាំមកម្លេះ ។

សព្វថ្ងៃគាត់គ្មានមុខរបរអ្វីក្រៅតែពីដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះគេនោះទេ ថ្ងៃណាមានខោអាវបោកឱ្យគេទៅ បានប្រាក់ទិញអង្ករ និង ម្ហូបសម្រាប់ចិញ្ចឹមកូនប្រចាំថ្ងៃ បើថ្ងៃណាគ្មានខោអាវបោក ក៏នាំគ្នាអត់ទៅ ។

ស្ត្រី​មេម៉ាយ​កូន ៥ នាក់ សំពះ​សុំ​ជំនួយ​ពី​សប្បុរសជន

ក្នុងមួយថ្ងៃគាត់បោកខោអាវឱ្យគេបានប្រាក់ ៥០០០ ទៅ ៨០០០ រៀលប៉ុណ្ណោះ ប្រាក់នេះគាត់លៃលកចាយវាយបានពីរថ្ងៃ គឺទុកខ្លះបម្រុងសម្រាប់ថ្ងៃដែលគ្មានខោអាវបោក ។ ពេលខ្លះគាត់ត្រូវដើរទៅបោកខោអាវឱ្យគេដល់ភូមិខ្សាម ចម្ងាយជាង ៣ គីឡូ ម៉ែត្រពីផ្ទះរបស់គាត់ឯណោះ ។ ចំណែកផ្ទះគាត់វិញ ដំបូលជញ្ជាំងធ្លុះធ្លាយអស់ហើយ និង ជិតរលំទៀតផង ។ ហេតុនេះគាត់លើកដៃសំពះសូមអង្វរសប្បុរជនទីជិតឆ្ងាយ ពិសេសសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្តាជួយឧបត្ថមដល់រូបគាត់ដែលកំពុងជួបការលំបាកនេះផង ។

លោក ស្រី សែម រីយ៉ា ជំនួយការភូមិឃ្លាំប្រាក់ សង្កាត់ប្អេរ បានបញ្ជាក់ថា ស្ត្រីអ៊ុន គឹមស្រ៊ុន ត្រូវបានប្តីបោះបង់ចោល និង ក្រីក្រពិតមែន ក្នុងនាមលោកស្រីជាជំនួយការភូមិ ក៏សូមអំពាវនាវដល់សប្បុសជន សូមមេត្តាជួយដល់គ្រួសារស្ត្រីក្រខ្សត់នេះផង ៕

                                                                                                          សុថាត់