​លោក Duterte ដាក់​ការសង្ស័យ​លើ​មេ​ប៉ូលិស​៥​រូប​ពាក់ព័ន្ធ​នឹង​ការ​កាង​ឈ្មួញ​គ្រឿងញៀន​ និពន្ធដោយ : ទេព អ៊ីវិសាល       July-06-2016, 9:39 pm         419

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​លោក Duterte ដាក់​ការសង្ស័យ​លើ​មេ​ប៉ូលិស​៥​រូប​ពាក់ព័ន្ធ​នឹង​ការ​កាង​ឈ្មួញ​គ្រឿងញៀន​​មេខ្លោង និង​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​នៅ​ហ្វីលីពីន ត្រូវបាន​សម្លាប់​ជា​បន្ទាប់​បន្ត​ហើយ​ក្រោម​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស​រប​ស់លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte)​។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី ក៏​កំពុងតែ​ដាក់​សង្ស័យ​លើ​មេ​ប៉ូលិស​មួយចំនួន​ដែល​កំពុងតែ​ស្ថិត នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ពាក់ព័ន្ធ​ថា​ជាប់​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ផងដែរ​។

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ហ្វីលីពីន នៅ​ថ្ងៃទី​០៥ ខែកក្កដា ម្សិលមិញ បានបង្ហាញ និង​ចោទប្រកាន់​ជា​សាធារណៈ​លើ​មេ​ប៉ូលិស​ដែលជា​ឧ​ត្ត​ម​សេនីយ៍​ប្រាំ​រូប​ពីបទ​ពាក់ព័ន្ធ​នឹង​ការ​កាង និង​ការជួញដូរ​គ្រឿងញៀន ហើយ លោក​អះអាងថា មានតែ​លោក​នោះទេ​ដែល​ត្រូវ​ទទួល​ការខុសត្រូវ​ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​មួយ​នេះ​។

​នាឱកាស​នៃ​ខួប​លើក​ទី​៦៩​នៃ​ទ័ពអាកាស​ហ្វីលីពីន លោក​ប្រធានាធិបតី បាន​ថ្លែងថា លោក ត្រូវបាន​បង្ខំចិត្ត​តាមរយៈ​កាតព្វកិច្ច​របស់លោក​ក្នុងការ​បង្ហាញ​ពី​ប៉ូលិស​មួយចំនួន​ដែល​បាន​បង្ក​ឲ្យ​ការអនុវត្ត​ច្បាប់ និង​សន្តិសុខ​កាន់តែ​ទន់ខ្សោយ​នៅក្នុង​ប្រទេស​។ មេ​ប៉ូលិស​ដែល​លោក បាន​ចោទប្រកាន់​ជា​សាធារណៈ​នោះ មាន​បី​រូប​ជា​ឧ​ត្ត​ម​សេនីយ៍​ដែល​ចូលនិវត្តន៍​ហើយ និង​ពីររូប​ផ្សេងទៀត​កំពុងតែ​បម្រើការ​ជា​អភិបាលក្រុង​។​

​លោក បន្ថែម ថា លោក បានដឹង​លឺ​ពី​ឈ្មោះ​ប៉ូលិស​ទាំងនេះ តាំងពី​ពេល​លោក​កាន់តំណែង​ជា​អភិបាលក្រុង​ដា​វ៉ា​វ​មកម្ល៉េះ​។ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ធ្លាប់​កាន់តំណែង​ជា​អភិបាលក្រុង​ដា​វ៉ា​វ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ មុនពេល​លោក​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​នេះ​។

​ក្រៅ​ការចោទប្រកាន់​ទៅលើ​មេ​ប៉ូលិស លោក​ប្រធានាធិបតី​ដែល​ប្រជាជន​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ក៏បាន​ព្រមាន​ទៅកាន់​ស្ថាប័ន​មួយចំនួន​របស់​រដ្ឋាភិបាល​ផងដែរ​។ លោក បាន​បញ្ជាក់ថា លោក កំពុងតែ​អនុវត្ត​កាតព្វកិច្ច​របស់លោក​ដោយ​ស្របច្បាប់ តែ​លោក មិនទាន់​រួចរាល់​នោះទេ​ក្នុងការ​បោសសម្អាត​ទៅលើ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងទៀត​ដូចជា​ភា្ន​ក់​ងារ​គយ ដ្បិត លោក​ត្រូវការ​ពិនិត្យ​ជាមុនសិន​។ តែ​លោក អះអាងថា លោក មាន​ព័ត៌មាន​ក្រៅផ្លូវការ​ខ្លះៗ​ហើយ​។

​លោក​ប្រធានាធិបតី បាន​ព្រមាន និង​សង្កត់​ថា «​កុំ​បំផ្លាញ​ប្រទេស​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ នឹង​សម្លាប់​អ្នក​។ កុំ​បំផ្លាញ​យុវជន​របស់​ហ្វីលីពីន ពីព្រោះ​ខ្ញុំ នឹង​សម្លាប់​អ្នក​»​។

​សូម​ជម្រាប​ផងដែរ​ថា លោក​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ស្បថ​កាន់តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា កន្លងទៅ​។ ការឈាន​មកដល់​ការកាន់កាប់​តំណែង​នេះ បន្ទាប់ពី​លោក ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​ថ្ងៃទី​០៩ ខែឧសភា​កន្លងទៅ​។

​ក្នុង​រយៈពេល​បួន​ថ្ងៃ​ចុងក្រោយ បន្ទាប់ពី​អតីត​អភិបាលក្រុង​ដា​វ៉ា​វ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ស្បថ​កាន់តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​ជា​ផ្លូវការ យ៉ាងហោចណាស់ មាន​មនុស្ស​ប្រមាណ​៤៥​នាក់​ហើយ​ដែល​ជាប់​សង្ស័យថា​ជា​បណ្តាញ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន ត្រូវបាន​សម្លាប់​។

​លោក ឌើ​ទើ​តេ ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន​ភាគច្រើន ដោយសារ​គោលនយោបាយ​របស់លោក ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ដែល​កំពុងតែ​កើតមាន​ច្រើន​នៅក្នុង​ប្រទេស​ហ្វីលីពីន ។ ក្នុងនោះ ក៏​រួមបញ្ចូល​ទាំង​ការលុបបំបាត់​បទល្មើស និង​ការជួញដូរ​គ្រឿងញៀន​ដែល​លោក​សន្យាថា​នឹង​បង្ក្រាប​ឲ្យ​អស់​ត្រឹម​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។ មុនពេល​ការឡើង​កាន់តំណែង​នេះ លោក ឌើ​ទើ​តេ ធា្ល​ប់​បានប្រកាសថា​នៅពេល​លោក កាន់តំណែង​នឹងមាន​«​សង្គ្រាម​បង្ហូរឈាម​» និង​«​ការសម្លាប់​រង្គាល​»​។ ហើយ​នោះ​គឺ ការសម្លាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន និង​ជនល្មើស​នោះឯង​៕