ពលរដ្ឋ​៤៤​គ្រួសារ ប្តឹង​ទាមទារ​រក​យុត្តិធម៌​ព្រោះ​រឿង​ដីធ្លី

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​៤៤​គ្រួសារ រស់នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​ពាក្យបណ្តឹង​គ្រប់​ទិស​ទី​ដើម្បី​ស្វែងរក​យុត្តិធម៌ ប៉ុន្តែ​ស្ថា​ប​ន័​តុលាការ និង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ព្រងើយកន្តើយ​មិន​ព្រម​ធ្វើការ​ដោះស្រាយ អស់​រយៈពេល​ជា​យូ​ឆ្នាំ​មក​ហើយ ការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​នេះ ត្រូវ​បាន​ស​ង្ស​យ័​ថា នេះ​ជា​ការ​ឃុបឃិត​គ្នា​ដ៏​ធំ​មួយ​ក្នុង​ការ​សាងសង់​ប្លង់​រំលោភ​យក​ដី​ពួក​គាត់​យ៉ាង​ពិតប្រាកដ​។ អ្នកធំ​មាន​អំណាច​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដីធ្លី​របស់​ពួក​គាត់​កំពុង​រស់នៅ​អា​ស្រ​យ័​ផល​តាំងពី​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០​មក​ដល់​សព្វ​ថ្ងៃនេះ​។

លោក ហឹ​ម សុ​កល តំណាង​ប្រជាពលរដ្ឋ​៤៤​គ្រួ​សារបាន​រៀបរាប់​ថា ពួក​គាត់​បាន​រស់នៅ​ជា​អចិ​ន្ត្រៃ​ដោយ​បាន​កើតកូន​ពូន​ជា​ចៅ និង​អា​ស្រ​យ័​ផល លើ​ដីធ្លី​ទំហំ​ប្រមាណ​ជាង​១០០​ហិ​កតា​នេះ តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ ព្រមទាំង​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​តាម​ទំហំ​ដី​របស់​គ្រួសារ​នីមួយ​ៗ​ផង​ដែរ មិន​ដែល​កើត​មានរឿង​អ្វី​នោះ​ទេ លុះ​ក្រោយមក​ពួក​គាត់​ទាំង​៤៤​គ្រួសារ​នេះ​ក៏​បាន​លក់​ដី​សរុប​ប្រមាណ​ជាង​១០០​ហិ​កតា​នេះ​ឲ្យ​ទៅ​ឈ្មោះ ហុ​ក វុ​ធ​ឌី​,​ឈ្មោះ អួ​ង ទិ​ត្យ​ជេដ្ឋា​,​ឈ្មោះ អួ​ង សន​, ឈ្មោះ ហុង ស៊ី​ម អាន ដោយ​មាន​ឯកសារ​បញ្ជាក់​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​លើ​ផ្ទៃដី​សរុប​ជាង​១០០​ហិ​កតា​ខាងលើ ដោយ​មាន​មនោសញ្ចេតនា​ពី​ម្ចាស់​ដី​ទាំង​៤​រូប​ខាងលើ​បាន​សម្រេច​ឲ្យ​ពួក​គាត់​ជា​អតីត​ម្ចាស់​ដី​បាន​រស់នៅ​លើ​ដី​នេះ​ព្រមទាំង​បាន​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ​ចិញ្ចឹមជីវិត​រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​មិន​ទាម​ទាយក​កម្រៃ​អ្វី​ទាំងអស់​ទៀត​ផង​។

លោក ហឹ​ម សុ​កល  តំណាង​ពលរដ្ឋ​៤៤​គ្រួសារ​ខាងលើ​បាន​បន្ត​ថា នៅ​ក្ន​ង​អំឡុង​ឆ្នាំ​២០១១ ស្រាប់តែ​មានឈ្មោះ អ៊ុ​ង ថា​វី​,​ឈ្មោះ យេ ម៉ី ហុង​,​ឈ្មោះ​តាំង អៀង ទី​,​ឈ្មោះ អ៊ា​ប ហ៊​ឈ​ន​,​ឈ្មោះ​លឹ​ម ហៀ​ក​និង​ឈ្មោះ​ឡាំ អ៊ី​ង​បាន​មក​អះអាង​ថា​ដី​ខាងលើ​នេះ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​ទៅ​វិញ ពួក​គេ​បាន​មក​កាប់​បំផ្លាញ​ដំណាំ​ដាំ​ដុះ និង​រុះរើ របង​ការពារ​ផ្ទះសម្បែង​តាម​គ្រួសារ​ចោល​ខ្ទេចខ្ទី អស់​ទៀត​ផង​។ ទ​ង្វើ​ខាងលើ​នេះ​ត្រូវ​បាន​ពលរដ្ឋ​ចោទ​ថា​មាន​ចេតនា​ទុច្ចរិត ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​របស់​ពួក​គាត់ ជា​ពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ និង​ជា​ម្ចាស់​កាន់កាប់​ដីធ្លី​ដោយ​សុច្ចរិត​យ៉ាងធ្ងន់ធ្ងរ​។

លោក ហឹ​ម  សុ​កល តំណាង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​អំពី​ជំហរ​បស់​ពួក​គាត់​ថា ពួក​គាត់​មិន​បាន​លួច​ដី​របស់​ជន​ណា​ម្នាក់​នោះ​ទេ ហើយ​ពួក​គាត់​ក៏​នឹង​ប្តូរជីវិត​នៅ​លើ​ដី​នេះ​ដែរ ព្រោះ​ការ​រស់នៅ​លើ​ដី​នេះ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ​។ តំណាង​ពលរដ្ឋ​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃអាទិត្យ ទី​៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ សំណុំរឿង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ ត្រូវ​បាន​ធ្លាក់​ដល់​ដៃ​គណៈកម្មការ​ដោះស្រាយ​ជម្លោះដីធ្លី ដែល​មាន​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ​ជា​ប្រធាន ដើម្បី​ចុះ​មក​ធ្វើការ​ដោះស្រាយ ប៉ុន្តែ​នៅ​ព្រឹក​នោះ​លោក​អភិបាលខេត្ត​បាន​ចាត់​ឲ្យ​លោក​អភិបាលរង​ខេត្ត​ម្នាក់​ឈ្មោះ គង់ វី​វឌ្ឍនៈ ចុះ​ធ្វើការ​ដោះស្រាយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ប្លែក​នោះ គឺ​លោក អភិបាលខេត្ត​រង​ម្នាក់​នោះ​មិន​អនុញ្ញាតិ​ឲ្យ​អ្នកកាសែត បាន​ចូល​ជិត​នោះ​ទេ ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា គឺជា​ការ​គៀបសង្កត់​ផ្នែក​បញ្ចេញមតិ​ប្រជាពលរដ្ឋ មិន​ឲ្យ​មានការ​តវ៉ា​។

ដោយសារ​តែ​ហេតុផល ប្រជាពលរដ្ឋ​ប្តឹង​មានការ​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​ធ្វើការ​ដោះស្រាយ រីឯ​អ្នកធំ​មាន​អំណាច និង​ទ្រព្យសម្បត្តិ​ប្តឹង​រាស្ត្រ​វិញ មន្ត្រី​តុលាការ មន្ត្រី​សាលាខេត្ត​ញាប់​ជើង​ញាប់ដៃ​ចុះ​មក​ដោះស្រាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ទៀត​ផង  ប្រការ​នេះ​ហើយ​ពួក​គាត់​ជា​ពលរដ្ឋ​សូម​ធ្វើការ​អំពាវនាវ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ អន្តរាគមន៍​ជូន​ពួក​គាត់​ជា​ជន​ក្រីក្រ​ផង ៕