កូនឈើ​៣​ពាន់​ដើម​ បាន​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​ស្រុក​កែវ​សីមា

កូនឈើ​៣​ពាន់​ដើម​ បាន​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​ស្រុក​កែវ​សីមា



មណ្ឌលគិរី ​៖​ ពិធី​បុណ្យ​រុក្ខទិវា​៩​​កក្កដា នា​ថ្ងៃ​ទី​៥ ​ខែ​កក្កដា ​​ឆ្នាំ​២០១៦​​ ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ស្រុក​កែវ​សីមា​ ​ដោយ​លោក​ស្វាយ សំ​អ៊ាង ​អភិបាល​ខេត្ត​មណ្ឌលគិរី បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ការពារ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​ ដើម្បី​ឲ្យ​ធនធានធម្មជាតិ​កើន​ឡើង​ក្នុង​ប្រទេស ក៏​ដូចជា​ការ​ចូលរួម​ដាំ​ដើមឈើ​បង្កើន​នូវ​សម្បត្តិ​ធម្មជាតិ។

លោក​អភិបាល​បាន​លើក​ឡើង​បែបនេះ​ ក្នុង​កម្ម​ពិធីបុណ្យ​រុក្ខទិវា ដាំ​ដើមឈើ​ប្រភេទ​ឈើ​ប្រណីត​ប្រមាណ​៣​ពាន់​ដើម​នៅ​ទីតាំង​សួន​អាពាហ៍ពិពាហ៍​ក្បែរ​ស្នាក់​ការ​អភិរក្ស​ជីវចម្រុះ​សីមា ដែល​ទើប​បង្កើត​លើ​ផ្ទៃដី​ចំនួន​១០​ហិក​តា។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ ​ដាំ​បាន​ចំនួន​២​ហិកតា​ក្នុងចំណោម​ផ្ទៃដី​១០​ហិកតា ​ដែល​គ្រោងទុក ស្ថិត​ក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដោយ​មាន​ការចូលរួម​ពី​សំណាក់​ព្រះសង្ឃ មន្ដ្រី​រាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់។

លោក​ស្វាយ សំ​អ៊ាង បាន​មានប្រសាសន៍​បន្ដ​ថា ដើម្បី​ធានា​ឲ្យ​មាន​នូវ​ការគ្រប់គ្រង​ព្រៃឈើ​មាន​ភាពជា​និរន្តរភាព​ ផ្ដល់​ផលប្រយោជន៍​សម្រាប់​សង្គម​ជាតិ សេដ្ឋកិច្ច និង​បរិស្ថាន ក៏​ដូចជា​បញ្ចៀស​នូវ​រាល់​បញ្ហា គ្រោះ​រាំងស្ងួត គ្រោះធម្មជាតិ ចូល​យើង​ទាំង​អស់គ្នា​រួម​ដាំ​ឈើ​ឡើងវិញ និង​រួមគ្នា​ទប់ស្កាត់​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​គ្រប់​សកម្មភាព។

លោក​បាន​ផ្ដាំផ្ញើ​​ដល់​គ្រប់​មន្ត្រី​ជាន់ថ្នាក់ ក៏​ដូចជា អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ថែរក្សា​ការពារ​ព្រៃឈើ​ដើម្បី​អភិវឌ្ឍន៍ ព្រោះ​ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​មួយ​ដ៏​មានតម្លៃ​របស់​ជាតិ​យើង។ ដើម្បី​ឲ្យ​មានការ​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ និង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានឱកាស​ទទួល​បាន​ផល​ពី​ព្រៃឈើ លោក​បានសម្រេច​កំណត់​យក​ទីតាំងនៅ សួន​អាពាហ៍ពិពាហ៍​កែវ​សីមា ស្ថិត​ក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​រុក្ខា​ទិវា ដែល​មាន​ការ​ដាំ​កូនឈើ​ជា​ប្រភេទ​ដូចជា បេង នាងនួន ក្រញូង ធ្នង់ គគីរ កកោះ ឈើទាល ផ្អៀក ​​ចំនួន​៣០០​ដើម និង​ដាំ​នៅ​លើ​ផ្ទៃដី​ចំនួន​២​ហិកតា​ផងដែរ។

ជា​ចុងក្រោយ​នៃ​កម្ម​ពិធី លោក​ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ធនធាន​ព្រៃឈើ​ប្រកបដោយ​សមធម៌​នោះ ​ត្រូវ​មាន​ការ​ចូលរួម​ពី​សមាជិក​សហគមន៍ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​​បង្កើន​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៅ​ជនបទ។ កន្លងមក​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ព្រៃឈើ អង្គភាព​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​អន្តរជាតិ​នានា ដោយ​បាន​ឧបត្ថម្ភ​ទាំង​ថវិកា សម្ភារៈ និង​ការ​ផ្សព្វផ្សាយ​ចំណេះដឹង ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​នូវ​បញ្ហា​ថែរក្សា​ព្រៃឈើ​ទាំងនេះ។

លោក វង្ស សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​បាន​ថ្លែង​ប្រាប់​ថា កូនឈើ​ជាច្រើន​ប្រភេទ​ ដែល​ត្រូវ​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​នា​ព្រឹក​មិញ​នេះ​ចំនួន​៣ពាន់​ដើម​គឺ​ចូលរួម​ដាំ​ពី​សំណាក់​មន្ត្រីរាជការ ប្រជាជន ជាពិសេស គូ​ស្វាមី​ ដែល​រៀបការ​ថ្មោងថ្មី​គឺ​ត្រូវ​នាំគ្នា​ដាំ​កូនឈើ​ទុកជា​អនុស្សាវរីយ៍ ហើយ​ជាង​នេះ​ទៅទៀត​សួន​អាពាហ៍ពិពាហ៍​នេះ​នៅ​មណ្ឌលគិរី​ទើបបាន​បង្កើតឡើង​មួយ​កន្លែង​គឺ​នៅ​ស្រុក​កែវ​សីមា។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​លើក​ឡើង​ផង​ដែរ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ចេះ​ស្រឡាញ់​ព្រៃឈើ​ ដែល​ជា​ធនធាន​ធម្មជាតិ​មានតម្លៃ​ធំធេង​របស់​ជាតិ​យើង​ទាំង​អស់​គ្នា៕

កូនឈើ​៣​ពាន់​ដើម​ បាន​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​ស្រុក​កែវ​សីមា
កូនឈើ​៣​ពាន់​ដើម​ បាន​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​ស្រុក​កែវ​សីមា

កូនឈើ​៣​ពាន់​ដើម​ បាន​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​ស្រុក​កែវ​សីមា

កូនឈើ​៣​ពាន់​ដើម​ បាន​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​ស្រុក​កែវ​សីមា

កូនឈើ​៣​ពាន់​ដើម​ បាន​ដាំ​នៅ​សួន​អាពាហ៍ពិពាហ៍​ស្រុក​កែវ​សីមា