ខេត្ត​កំពត​រៀបចំ​ទិវា​​អន្តជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ខេត្ត​កំពត​រៀបចំ​ទិវា​​អន្តជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន



កំពត​ ​៖ លោក​ ចាន់ ចេស្ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណៈម្មាធការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ថ្លែង​ផ្ដាំផ្ញើ​ដល់​អាណាព្យាបាល​សិស្សានុសិស្ស​ទាំងអស់ សូម​កុំ​ហាមឃាត់​កូន​ក្នុង​ការ​លេង​កីឡា ដូចជា កីឡា​បាល់ទាត់ បាល់ទះ និង កីឡា​ផ្សេងៗ​ទៀត​ឲ្យសោះ ពីព្រោះ​ការ​ញៀន​លេង​កីឡា​គឺ​ទទួលបាន​សុខភាព​ល្អ ប្រសើរ​ជាង​ញៀន​នូវ​ការប្រើប្រាស់​សារធាតុ​គ្រឿង​ជាតិ។

លោក​ចាន់ ចេស្ដា បាន​ថ្លែង​ផ្ដាំផ្ញើ​បែបនេះ​នៅក្នុង​ទិវា​​អន្ដជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ពាក្យស្លោក (​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង សហគមន៍​យើង​គ្មាន​គ្រឿងញៀន​) នៅ​រង្វង់​មូល​ធូរេន ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​មាន​ការចូលរួម​ពី លោក​ ឧត្ដមសេនីយ៍ឯក ​លី គឹម​ឡុង អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មាន​ចូលរួម​មន្ត្រី​រាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណ​២៦០០​នាក់។

លោក​យូ សុគន្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦ នេះ អាជ្ញាធរ​ខេត្ត បាន​ធ្វើ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៣៦​ករណី ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨១ ស្រី​១០​នាក់ ដោយ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា លទ្ធផល​នៃ​ការ​បង្ក្រាប​ខាង​លើ ​ដោយ​ដកហូត​វត្ថុតាង និង សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​រួមមាន ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ទឹកកក​ចំនួន ១៣៨​កញ្ចប់ និង ប្រភេទ​យ៉ាម៉ា (​មេ​ងំ​ហ្វេ​តា​មីន​)​ចំនួន​ពី​គ្រាប់ ទម្ងន់​ស្មើ​នឹង ១១៩,៥២ ក្រាម កញ្ឆា​ក្រៀម​ចំនួន​២​ថង់ ទម្ងន់ ៤៩៥,៦​ក្រាម ម៉ូតូ​ចំនួន​២១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​៣៨​គ្រឿង ជញ្ជីង​ថ្លឹង​ចំនួន ០៧​គ្រឿង ប្រាក់រៀល​ចំនួន ២៦៧,៦០០ រៀល ប្រាក់​ដុល្លារ​ចំនួន​៣៨ ដុល្លារ ប្រាក់​បាត​ចំនួន ១,២៥០​បាត និង សម្ភារៈ​ប្រើប្រាស់​មួយចំនួនទៀត។

ក្នុង​ឱកាស​នេះ​ដែរ​ក៏​មាន​ការ​ដុត​កម្ទេច​ចោល​ នូវ​សារធាតុ​គ្រឿងញៀន​ចម្រុះ​ចំនួន​១១​ករណី​ដែល​មាន​សាលក្រម​ចូល​ជា​ស្ថាពរ​មាន​ទម្ងន់ ២១,២២​ក្រាម ស្មើ​​នឹង ៣២​កញ្ចប់​តូច៕
ខេត្ត​កំពត​រៀបចំ​ទិវា​​អន្តជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន