រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំណាយ​លុយ​ជាង​១១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ ទៅ​លើ​ទីប្រឹក្សា​ជិត​៣០០​នាក់​


​គិត​ត្រឹម​ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ យោង​តាម​ឯកសារ​ជា​ព័ស្តុតាង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​សោះ​(​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣)​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មាន​ទីប្រឹក្សា​ចំនួន​២៦២​នាក់​ ក្នុង​នោះ​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ចំនួន​០៤​នាក់​,​ ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ចំនួន​០៦​នាក់​,​ ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​៩៦​នាក់​,​ ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន​៥៣​នាក់​ និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​១០៣​នាក់​ (០១​នាក់​មិន​ទទួល​ប្រាក់បៀវត្សរ៍​)​ ។​

​ចំណោម​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ជិត​៣០០​នាក់​នោះ​ គឺ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ចំណាយ​ប្រាក់​ចំនួន​យ៉ាងតិច​៤៦៣.០៥០.០០០​រៀល​ (​ឬ​ប្រមាណ​១១៥.៧៦២​ដុល្លារ​អា​មេ​រិ​ក​)​ក្នុង​១​ខែ​ ឬ​ចំណាយ​ថវិកាជាតិ​ចំនួន​ប្រមាណ​១.៣៨៩.១៤៤​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ថា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំនួន​ច្រើន​នាក់​ ត្រូវ​បាន​ប្រមូល​យក​មក​ពី​មន្ត្រី​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន​នានា​កាលពី​អាណត្តិ​ទី​៤​ និង​អ្នកខ្លះ​ទៀត​ត្រូវ​បាន​ប្រមូល​មក​ពី​មនុស្ស​ដែល​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ចំនួន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ដ៏​ច្រើន​គ​គោក​បែប​នេះ​ មិន​ត្រឹម​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ប៉ុណ្ណោះ​ទេ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ចំណុច​អសមត្ថភាព​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទៀត​ផង​ ។​

​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា​ ដើម្បី​និរន្តរភាព​អំណាច​របស់​ខ្លួន​ និង​បក្ខពួក​នោះ​ បុរស​ខ្លាំង​មិន​ខ្ចី​ខ្វល់​នឹង​ការ​រិះគន់​ថា​ រាជរដ្ឋាភិបាល​អសមត្ថភាព​ ទើបត្រូវ​ការ​ទីប្រឹក្សា​ច្រើន​គ​គោក​ និង​មិន​ខ្ចី​ញញើត​ក្នុង​ការ​ចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​ទៅ​លើ​ចំនួន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ឡើយ​ (​មិន​ទាន់​គិត​ទៅ​ដល់​ចំនួន​ទីប្រឹក្សា​ក្រសួង​-​ស្ថាប័ន​ និង​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ផង​)​ តាម​រូបមន្ត​ "​សិល្បៈ​នៃ​ការ​ចែករំលែក​"​ គឺ​កៀរគរ​ប្រមែប្រមូល​ក្រុម​មន្ត្រី​ដែល​ស្ម័គ្រ​ដង្ហែ​តាម​ខ្លួន​ឲ្យ​មក​ទទួលផល​ប្រយោជន៍​ក្រោម​ម្លប់​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ឋានានុក្រម​រៀងៗ​ខ្លួន​ នៅ​លើ​គំនរ​ញើស​ឈាម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ៕​

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំណាយ​លុយ​ជាង​១១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ ទៅ​លើ​ទីប្រឹក្សា​ជិត​៣០០​នាក់​

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំណាយ​លុយ​ជាង​១១​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ ទៅ​លើ​ទីប្រឹក្សា​ជិត​៣០០​នាក់​

Related