បត់​ត្រឡប់​ក្រោយ​មិន​ប្រ​យ​ត្ន័ គេ​បុក​ពីក្រោយ​រង​របួស

ខេត្តព្រះវិហារ ៖ នៅ​វេលា​ម៉ោង ០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​កំពង់ចម្លង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​បុ​គ​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ម្នាក់​។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​នេះ​កើតឡើង​ពីព្រោះ បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​សង់​កូរ៉េ ពេល​បើកបរ​ម៉ូតូ​សុខ​ៗ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ស្រាប់តែ​បត់​ត្រឡប់​ក្រោយ​ដោយ​មិន​មើល​ឆ្វេង​ស្ដាំ​សោះ ក៏​ធ្វើ​ឲ្យ​អ្នកបើកបរ​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា គេច​មិន​ទាន់​បាន​ជ្រុល​បុក​ចំ​ពីក្រោយ តែ​ក្រោយ​តែ​ម្ដង ទើប​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​ពីរ​ដួល​ដួល ហើយ​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ បាន​រង​របួស ចំណែក​ភាគី​ម្ខាង​ទៀត មិន​មាន​រង​របួស​នោះ​ទេ ។

ប្រភព​ផ្ដល់​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា បុរស​ដែល​រង​របួស​ជិះ​ម៉ូតូ​សង់​កូរ៉េ​ឈ្មោះ បៀ​ន ច​ន្ថា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ រីឯ​បុរស​ខាង​ម៉ូតូ​មួយ​ផ្សេង​ទៀត​ឈ្មោះ មាន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បុស្ស ឃុំ​ព្រៃម្លូ​២ ស្រុក​ឆែប តែ​បុរស​នេះ​មិន​បណ្ដាល​ឲ្យ​រង​របួស​នោះ​ទេ ។ ក្រោយ​ពី​កើតហេតុ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ បាន​នាំ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​ទាង​ពីរ​គ្រឿង​ត្រូវ​បាន សមត្ថកិច្ច សង្កាត់​កំពង់​ប្រណាក យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ ៕