បើក​រថយន្ត​បត់​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បើក​មកពី​ក្រោយ​បុក​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់

បើក​រថយន្ត​បត់​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បើក​មកពី​ក្រោយ​បុក​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់



បន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​បើក​មិន​ប្រយ័ត្ន​ត្រូវ​បាន​ម៉ូតូ​ជិះ​មកពី​ក្រោយ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ និង អ្នក​រួមដំណើរ​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​ ត្រង់​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ​ឈ្មោះ​រតនា ស្ថិត​ក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី​ភឿ​ក ​ព្រហ្ម ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​CAMARY ពណ៌​សំបក​ឪឡឹក​ស៊េ​រី​១៩៩៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-5280 បើក​ដោយ​ឈ្មោះ​ប៉ូ សំអុល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ​រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​តាមផ្លូវ​លេខ​៥៦​ ពី​ជើង​ទៅ​ត្បូង​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ ​ស្រាប់តែ​បត់​ឆ្វេង​មិនបាន​មើល​ឆ្វេង​ស្តាំ​បណ្ដាល​ឲ្យ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​C125​ ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1B-3454 បើក​ពីក្រោយ​បុក​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ​និង​អ្នក​រួមដំណើរ​របួសស្រាល​។

លោក​ភឿ​ក ​ព្រហ្ម ​បាន​បញ្ជាក់​ទៀត​ថា ​ជន​រ​ង​គ្រោះ​មានឈ្មោះ ហួត សានិ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ របួសធ្ងន់ និង​អ្នក​រួម​ដំណើរ ឈ្មោះ បូ ពៅ​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ របួសស្រាល​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​សែន​សុខ​។ ចំណែក​រថយន្ត​បង្ក ​និង ​ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕