រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អញ្ជើញ​ក្នុង “​ពិធី​ផ្សព្វផ្សាយ​និង​បែងចែក​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​”

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អញ្ជើញ​ក្នុង “​ពិធី​ផ្សព្វផ្សាយ​និង​បែងចែក​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​”



ភ្នំ​ពេ​ញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ និង​បែងចែក​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា ក្រោម​អធិបតីភាព​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី លោក​បណ្ឌិត ត្រាន កាញ់ អ្នកនិពន្ធ​សៀវភៅ​ខាងលើ និង​ភរិយា លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អង្គភាព​ជំនាញ ហើយ​និង​និស្សិត យ៉ាងច្រើន​កុះករ។

បន្ទាប់ពី​លោក​បណ្ឌិត ត្រាន កាញ់ បាន​មាន​មតិ​ចែករំលែក​នូវ​បទពិសោធន៍ ​នៃ​ការ​បំពេញ​ការងារ និង​និពន្ធ​សៀវភៅ​រួចមក លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ដល់​លោក​បណ្ឌិត និង​ភរិយា ដែល​បាន​បង្កើត​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​នេះ ដែល​រួមមាន​បី​ភាសា​បញ្ចូល​គ្នា​គឺ បារាំង​-​អង់គ្លេស​-​ខ្មែរ ដែល​ជា​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​បី​ភាសា​ទី​មួយ ដែលមាន​សារៈសំខាន់​សម្រាប់​អ្នកបច្ចេកទេស និង​និស្សិត​ខ្មែរ ក្នុង​ការ​ប្រើប្រាស់​សព្ទ​បច្ចេកទេស​បាន​ត្រឹមត្រូវ​និង​ឯកភាព ក៏ដូចជា​ការ​ផ្តល់នូវ​ពុទ្ធិ​ផ្នែក​ធរណីវិទ្យា​។ សៀវភៅ​នេះ​នឹង​ត្រូវ​ចែក​ជូន​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ជំនាញ​នៃ​ក្រសួង គ្រឹះស្ថាន​អប់រំ​ទាំង​៣ របស់​ក្រសួង ហើយ​និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​ដី​កសិកម្ម និង​គ្រឹះស្ថាន​អប់រំ​ទាំង​៣ សហការ​គ្នា ដោយ​ស្នើសុំ​ការណែនាំ​ពី​លោក​បណ្ឌិត ត្រាន កាញ់ រៀបចំ​ផែនទី​ប្រើប្រាស់​ដី​កសិកម្ម​ខ្នាត​ធំ (​ដោយ​បញ្ចូល​គ្នា​ទាំង​កត្តា​ប្រភេទ​ដី និង​ទឹក​) សម្រាប់​ប្រើប្រាស់​អភិវឌ្ឍ​ន៍​ផលិតកម្ម​កសិកម្ម។ ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ គ្រឹះស្ថាន​អប់រំ នៃ​ក្រសួង និង​និស្សិត ដូចតទៅ ៖
-​គ្រប់​អង្គភាព​ជំនាញ ជាពិសេស​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ​កសិកម្ម និង​គ្រឹះស្ថាន​អប់រំ​ទាំង​៣ ខិតខំ​ជំរុញ​សិក្សា ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ចងក្រង​រៀបចំ​ជា​អត្ថបទ ទស្សនាវដ្ដី សៀវភៅ និង​ឯកសារ បច្ចេកទេស​-​វិទ្យាសាស្ត្រ មាន​លក្ខណៈ​បច្ចុប្បន្ន​ភាព រត់​ទាន់​សម័យកាល​។ ជា​មួយ​គ្នា​នេះ ប្រធាន​គ្រប់​អង្គភាព​ត្រូវ​ចេះ​ច្នៃប្រឌិត និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ធ្វើការ​សិក្សា​ស្រាវជ្រាវ បង្កើន​ចំណេះដឹង​វិទ្យាសាស្ត្រ ហើយក៏​ជា​គំរូ​ដល់​និស្សិត​ផង​ដែរ។

-​និស្សិត​ត្រូវ​ខិតខំ​រៀន​សូត្រ​ទាំង​ចំណេះដឹង​វប្ប​ធ​ម៌​ទូទៅ ព័ត៌មានវិទ្យា មាន​សីល​ធម៌​ល្អ ជាដើម ក្នុង​យុគសម័យ​បច្ចេកទេស បច្ចេកវិទ្យា​ព័ត៌មាន​ជឿនលឿន និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង ដើម្បី​ជីវភាព​បាន​ល្អ​ប្រសើរ​។ ទន្ទឹម​នឹង​នេះ គួរ​ចាប់​យក​អាជីព​ឯកទេស​នូវ​មុខវិជ្ជា​ដែល​ខ្លួន​រៀន​ពូកែ។

-​គ្រឹះស្ថាន​អប់រំ​ទាំង​៣​របស់​ក្រសួង ត្រូវ​បង្កើន​គុណភាព​អប់រំ ដោយ​ចាប់ផ្ដើម​ពី​ការ​បង្កើន​គុណភាព​គ្រូ ថ្នាក់ដឹកនាំ និង​បំពាក់​បរិក្ខារ​សិក្សាអប់រំ​ឲ្យ​បាន​សមស្រប និង​គ្រប់គ្រាន់ ។ បន្ថែម​លើ​នេះ ត្រូវ​ធានា​ផ្ដល់​សេវា​អប់រំ​ប្រកបដោយ​សមធម៌៕

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អញ្ជើញ​ក្នុង “​ពិធី​ផ្សព្វផ្សាយ​និង​បែងចែក​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​” រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អញ្ជើញ​ក្នុង “​ពិធី​ផ្សព្វផ្សាយ​និង​បែងចែក​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​” រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អញ្ជើញ​ក្នុង “​ពិធី​ផ្សព្វផ្សាយ​និង​បែងចែក​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​” រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​អញ្ជើញ​ក្នុង “​ពិធី​ផ្សព្វផ្សាយ​និង​បែងចែក​សៀវភៅ​សទ្ទានុក្រម​ធរណីវិទ្យា​”