រថយន្ត​ក្រុង​បុក​ស្ត្រី​ម្នាក់​របួស​ធ្ងន់​ ហើយ​ទៅ​បុក​រថយន្ត​ក្រុង​មួយ​គ្រឿង​ទៀត ​ខូចខាត​សងខាង

រថយន្ត​ក្រុង​បុក​ស្ត្រី​ម្នាក់​របួស​ធ្ងន់​ ហើយ​ទៅ​បុក​រថយន្ត​ក្រុង​មួយ​គ្រឿង​ទៀត ​ខូចខាត​សងខាង



ពោធិ៍សាត់ ​៖ ​រថយន្ត​ទេសចរណ៍​មួយ​គ្រឿង​ បាន​បើក​​​ទៅ​បុក​ស្ត្រី​ម្នាក់​របួស​ធ្ងន់​ ហើយ​ក៏​ទៅ​បុក​រថយន្ត​ក្រុង​នៅ​ខាង​មុខ​មួយ​គ្រឿង​ទៀត​ ខូចខាត​សងខាង​ បណ្ដាល​ឲ្យ​អ្នកដំណើរ​​​ភ័យ​យ៉ាង​រន្ធត់។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៥ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​សារវ័ន្ត ឃុំ​ស្នាអន្សា​ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​នួន សុភាព​ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ពី​ឧប្បត្តិហេតុ​នេះ​ថា ​៖ ​នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ស្ត្រី​រងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ដែល​គេ​សង្ស័យ​ថា ជា​មនុស្សវិកលចរិត ​បាន​ដើរ​លើ​ទ្រូងផ្លូវ​ជាតិ​លេខ​០៥​ទាំង​កណ្ដាល​ស្បៃ​រាត្រី​ម្នាក់ឯង​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច។ ខណៈ​ពេល​នោះ ​ក៏​មាន​រថយន្ត​ទេសចរណ៍​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង​បើក​ស្រប​ទិស​គ្នា​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ​ដោយ​រថយន្ត​ទេសចរណ៍​របស់​ក្រុមហ៊ុន​KSO ពាក់​ស្លាកលេខ​ភ្នំពេញ​3A.92-77 បាន​ចរាចរ​​ខាងមុខ​គេ​ ពេល​ដែល​ដល់​ចំណុច​កើតហេតុ​ខាងលើ​ត្រង់​គីឡូម៉ែត្រ​លេខ​១៥៩​និង​១៦០​ ក៏​បាន​ឃើញ​ស្ត្រី​រងគ្រោះ​នោះ​ដើរ​ម្នាក់​ឯង​កណ្ដាល​ទ្រូងផ្លូវ​ ​ទើប​រថយន្ត​បើក​មុខ​គេ​នោះ​​ ​បន្ថយល្បឿន ​ហើយ​បើក​គេច​ទៅ​ផុត។ ភ្លាម​នោះ​​ ​​រថយន្ត​ទេសចរណ៍​មួយ​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​KIA​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.24-20 បាន​បើក​ពីក្រោយ ​ដោយ​ល្បឿន​លឿន​ក៏បាន​វាក់​នឹង​ស្ត្រី​នោះ​​ ហើយ​​ព្យាយាម​បើក​គេច ​តែ​មិន​ផុត​ក៏បាន​បុក​ចំ​ជើង​ស្ត្រី​នោះ​របួស​បាក់ជើង​យ៉ាង​ធ្ងន់ធ្ងរ។ រំពេច​នោះ ​អ្នកបើកបរ​ព្យាយាម​យក​ចង្កូត​មក​ខាងស្ដាំ​ដៃ​វិញ​ក៏បាន​ទៅ​បុក​គូទ​រថយន្តក្រុង​KSO​នោះ​ពីក្រោយ​ធ្លាក់​ចេញពី​ផ្លូវ​ពាក់កណ្ដាល​រថយន្ត​ខូចខាត​​​សងខាង​ និង​បណ្ដាល​ឲ្យ​អ្នកដំណើរ​ទាំងពីរ​រថយន្ត​នោះ​ភិតភ័យ​​យ៉ាង​ខ្លាំង។ ប៉ុន្តែ​សំណាងល្អ​មិន​មាន​នរណា​គ្រោះថ្នាក់​ ហើយ​អ្នក​បើកបរ​រថយន្ត​បង្ក​ក៏បាន​ចុះ​រត់​គេច​ខ្លួន​បាត់។ ដោយឡែក​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​ដើម្បី​សង្គ្រោះ​ ដោយ​មកដល់​ថ្ងៃ​ទី​០៦ ខែ​កក្កដា​នេះ ​មិន​ទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ។ ចំណែក​​វត្ថុតាង ​ ​ភាគី​របស់​ក្រុមហ៊ុន​សងខាង​កំពុង​ធ្វើ​​​​​​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់៕