ស៊ឹម សូលីកា ទុកចិត្ត​លើ ពាន់ ភួងបុប្ផា

ស៊ឹម សូលីកា តួឯក​ស្រី​​​ក្នុង​រឿង “នេសាទ​ក្រពើ” បាន​បង្ហើប​ឲ្យ​ដឹង​ថា​ នាង​មាន​ក្ដី​រំពឹង ក៏​ដូចជា​សង្ឃឹម​ទុកចិត្ត​​លើ​អ្នក​ដឹកនាំ​រឿង​អ្នកស្រី ពាន់ ភួងបុប្ផា ថា​អាច​​កេរ្តិ៍ឈ្មោះ​នឹង​បាន​ល្បី​សុះសាយ​ដូច​កាលពី​ជាង ១០ ឆ្នាំ​មុន​។

 

ស៊ឹម សូលីកា ទុកចិត្ត​លើ ពាន់ ភួងបុប្ផា

 

ថ្លែង​ដូចនេះ​ក្នុង​ឱកាស​ក្រុងពាលី​រឿង “ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី” ថា​ នាង​​ពិតជា​មាន​ការ​ទុកចិត្ត​លើ​ស្នាដៃ​និពន្ធ ក៏ដូចជា​ការ​ដឹកនាំ​រឿង​របស់​អ្នកស្រី ពាន់ ភួងបុប្ផា ដែល​អាច​ធ្វើឲ្យ​នាង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ម្ដង​ទៀត។ “ការ​វិល​ត្រឡប់​មក​សម្ដែង​សាជាថ្មី​នេះ​ ក៏​ព្រោះ​តែ​ជា​ស្នាដៃ​របស់​អ្នកមីង ពាន់ ភួង បុប្ផា ដែល​នាង​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ការងារ​នេះ​ជាមួយ​គាត់ កាលពី​ឆ្នាំ ២០០២ -២០០៣ ចឹង​ទៅ​ ពេល​គាត់​​​អញ្ជើញ​សាជាថ្មី ​ក៏​ចាប់ផ្ដើម​គិត​ជា​ថ្មី ព្រោះ​បាន​ស្គាល់​ពី​ស្នាដៃ​គាត់។”

 

ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​កាសែត​ថា តើ​អ្នកនាង​មាន​ការ​ជឿជាក់​លើ​អ្នកស្រី ពាន់ ភួងបុប្ផា ថា​អាច​ធ្វើឲ្យ​នាង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​រឿង “នេសាទ​ក្រពើ” ដែរ​ឬ​ទេ? ម្ចាស់​ហាង​សាឡន​រូប​នេះ​ឆ្លើយតប​យ៉ាង​រហ័ស​ថា ៖”ចា៎​នាង​ខ្ញុំ​សង្ឃឹម​បែប​នឹង​ដែរ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ ក៏​ដូចជា​ការ​ចូល Comment នៅ​ក្នុង​ប្រព័ន្ធ Facebook ឃើញ​បង​ប្អូន​ចាប់អារម្មណ៍​ច្រើន​មែនទែន ដោយ​គាត់​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​នាង​ខ្ញុំ​ទើប​ត្រឡប់​ចូល​មក​វិស័យ​ភាពយន្ត​វិញ។”

 

ស៊ឹម សូលីកា ទុកចិត្ត​លើ ពាន់ ភួងបុប្ផា

 

ស៊ឹម សូលីកា បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា​នាង​ទុកចិត្ត​លើ​អ្នកស្រី ពាន់ ភួងបុប្ផា ដូចនេះ ​ក៏​ចង់​ឲ្យ​បងប្អូន​ទស្សនិកជន​ចូល​រួម​គាំទ្រ​ភាពយន្ត​ថ្មី​អ្នក​ស្រី​ដែរ៕

 

អត្ថបទ៖ទ្រី រ៉ាវី