តារាបាល់ទាត់​Messi និង​ឪពុក ​ត្រូវ​តុលាការ​អេស្ប៉ាញ​ពិន័យ្យ​៣,៧​លាន​អឺរ៉ូ ​ពីបទ​គេច​ពន្ធ

កំពូលតារាបាល់ទាត់ នៃក្រុមជំរើសជាតិអាហ្សង់ទីន និងក្លឹបបាសេឡូន Lionel Messi រួមទាំងឪពុក ត្រូវបានតុលាការប្រទេសអេស្ប៉ាញ កាត់ទោសឲ្យជាប់ពន្ធធនាគារ២១ថ្ងៃ ព្រមទាំងត្រូវបង់ប្រាក់ពិន័យសរុបចំនួន ៣លាន ៧សែនអឺរ៉ូ ពីបទកិបកេង មិនព្រមបង់ពន្ធជូនរដ្ឋ។ យ៉ាងណាក៏ដោយ គេមិនសង្ឃឹមថា ពីរនាក់ឪពុកកូននេះ នឹងត្រូវចូលគុកទេ ដោយសារជាទូទៅនៅអេស្ប៉ាញ ទោសពន្ធនាគារ ក្រោមពីរខែ គឺគេមិនអនុវត្តទេ។

តុលាការក្រុងបាសេឡូន ប្រទេសអេស្ប៉ាញ បានចេញសាលក្រមកំណត់ទោសទៅលើកំពូលតារាបាល់ទាត់ Lionel Messi ឲ្យត្រូវបង់ប្រាក់ពិន័យចំនួន ២លានមួយសែនអឺរ៉ូ និងឪពុកកីឡាករនេះចំនួន ១លាន៦សែនអឺរ៉ូ។ ទាំងពីរនាក់ឪពុកនិងកូន ជាប់ទោសពីបទកិបកេង លាក់ប្រាក់ចំណូល ដើម្បីបញ្ចៀសមិនបង់ពន្ធជូនរដ្ឋអេស្ប៉ាញ។

ប្រាក់ចំណូលដែលបានលើកឡើងក្នុងសំណុំរឿង គឺជាប្រាក់ចំណូលដែលបានមកពីការលក់សិទ្ធិផ្សព្វផ្សាយរូបភាព របស់កីឡាករតារាបាល់ទាត់ Lionel Messi នៅរវាងឆ្នាំ២០០៧-២០០៩។ កាលនោះកីឡាករនេះ បានថតផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនធំៗជាច្រើន ដូចជាក្រុមហ៊ុន Adidas Konami Pepsi និងDanone ជាដើម។ ឪពុករបស់កីឡាករLionel Messi ត្រូវបានតុលាការចោទថាបានឃុបឃិត ដោយមានជំនួយពីមេធាវី និងអ្នកជំនាញហិរញ្ញវត្ថុ ថាបានរៀបចំល្បិច យកលុយទៅបង្កើតក្រុមហ៊ុនខ្មោច មួយចំនួននៅអង់គ្លេស នៅស្វីស និងនៅអ៊ុយរុយហ្កាយ ដើម្បីបំបែងដានពីអាជ្ញាធរពន្ធដារបស់អេស្ប៉ាញ។ យ៉ាងណាក៏ដោយ កីឡាករLionel Messi ផ្ទាល់ បានឆ្លើយថាខ្លួនមិនបានដឹងពីការរៀបចំរបស់ឪពុកខ្លួនទេ។

ដោយឡែក ក្នុងចំណោមរឿងអាស្រូវគេចពន្ធ Panama Papers ក៏មានឈ្មោះតារាបាល់ទាត់រូបនេះ និងឪពុកផងដែរ ដែលរឿងអាស្រូវត្រូវបានលាតត្រដាង ដោយពីរនាក់ឪពុកកូននេះ បានយកលុយទៅបង្កើតក្រុមហ៊ុនខ្មោចមួយឈ្មោះថា ក្រុមហ៊ុន Mega Stars នៅឆ្នាំ២០១៣ ដែលជាក្រុមហ៊ុនមួយចុះបញ្ជីរដោយ ក្រុមហ៊ុន Mossack Fonsecaនៅប្រទេសប៉ាណាម៉ា។

គួរបញ្ជាក់ផងដែរថា សាលក្រមតុលាការ ព្រមទាំងរឿងអាស្រូវលាក់លុយរបស់កីឡាករ Lionel Messi បានចេញផុសឡើងផ្ទួនៗគ្នា បន្ទាប់ពីកីឡាកររូបនេះ បានសម្រេចចិត្តដើរចេញពីក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីថ្ងៃទី២៩ មិថុនា ថ្មីៗនេះ។ ស្ថិតក្នុងវ័យ២៩ឆ្នាំ និងធ្លាប់បានពានរង្វាន់បាល់មាសដល់ទៅ៥លើក កីឡាករនេះ គឺជាកំពូលតារានិងជាមនុស្សល្បីបំផុតសម្រាប់ប្រជាជនអាហ្សង់ទីន។ ប្រធានាធិបតីអាហ្សង់ទីន ថែមទាំងបានទូរស័ព្ទទៅអង្វរដោយផ្ទាល់ ឲ្យកីឡាករនេះប្តូរចិត្ត ត្រលប់មកក្រុមជម្រើសជាតិអាហ្សង់ទីនវិញទៀតផង៕

ប្រភពៈ RFI


Related Posts