Messi នឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសឲ្យជាប់គុក២១ខែ ជុំវិញការបន្លំមិនបង់ពន្ធ

ក្រោយពីតុលាការអេស្ប៉ាញ កាលពីថ្ងៃពុធ បានសម្រេចកាត់ទោសខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Barcelona និងឪពុករបស់គេ ឲ្យចាប់គុករយៈពេល២១ខែពីបទបន្លំមិនបង់ពន្ធ កីឡាករឆ្នើមរូបនេះបានសន្យាថា នឹងធ្វើការប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ដើម្បីបង្ហាញពីភាពស្អាតស្អំ។

Lionel-Messi-ft16

ការកាត់ទោសឲ្យជាប់គុកនេះ អាចនឹងត្រូវព្យួរទាំងអស់ ដោយសារតែវាករណីដ៏សាមញ្ញក្នុងប្រទេសអេស្ប៉ាញ សម្រាប់ការព្រឹត្តល្មើសជាលើកដំបូងចំពោះបទឧក្រិដ្ឋដោយគ្មានអំពើហិង្សា ដែលនាំឲ្យមានការកាត់ទោសឲ្យជាប់គុកតិចជាងរយៈពេល២ឆ្នាំ។ មេធាវីរបស់ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះ ជឿជាក់ថា បណ្តឹងឧទ្ធរណ៍នឹងទទួលបានជោគជ័យក្នុងការធ្វើឲ្យតុលាការមានការជឿជាក់ថា Messi និងឪពុករបស់គេ បានប្រព្រឹត្តយ៉ាងត្រឹមត្រូវ។ នេះបើយោងទៅតាមភ្នាក់ងារតំណាងឲ្យ Messi ក្នុងសេចក្តីថ្លែងការណ៍មួយ។

តុលាការទីក្រុង Barcelona បានរកឃើញថា Messi និងឪពុករបស់គេគឺលោក Jorge Horacio Messi បានប្រព្រឹត្តល្មើសក្នុងការប្រើប្រាស់ក្រុមហ៊ុនផ្សេងៗក្នុងប្រទេសបែលីស ចក្រភពអង់គ្លេស ស្វ៊ីស និងអ៊ុយរូហ្គាយ ដើម្បីគេចផុតពីការបង់ពិន្ទុនៅលើទឹកប្រាក់៤,៦លានអឺរ៉ូ (ស្មើនឹង៥,១លានដុល្លារអាមេរក) នៃប្រាក់ចំណូលរបស់ Messi ដែលទទួលបានមកពីការលក់សិទ្ធិរូបភាពរបស់គេចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ ចំណូលនេះ បានជាប់ទាក់ទងនឹងសិទ្ធិលក់រូបភាពដែលត្រូវបានលាក់បាំងក្រោមកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Danone, Adidas, Pepsi-Cola, Procter & Gamble និងក្រុមហ៊ុន Kuwait Food Company៕

ប្រភពព័ត៌មាន៖ Channel News Asia