គ.ជ.ប មិន​អាច​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​បោះឆ្នោត​នៅ​បរទេស​តាម​សំណើ​បក្ស​ប្រឆាំង​ទេ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាមិនអាចជួយរៀបចំឲ្យមានការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោតជូនពលករខ្មែរដែលកំពុងបំពេញការងារ ឬកំពុងរស់នៅបរទេសដូចការស្នើសុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នោះទេ។ រីឯសង្គមស៊ីវិលលើកឡើងថា ការរៀបចំឲ្យមានការបោះឆ្នោតនៅក្រៅប្រទេស អាចធ្វើទៅបានប្រសិនបើ គ.ជ.ប និងរដ្ឋាភិបាលមានឆន្ទៈ។

មូលហេតុដែលមិនអាចជួយរៀបចំឲ្យមានការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោតជូនពលករខ្មែរនៅបរទេសនេះ ត្រូវបានអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ពន្យល់ថា កម្ពុជា មានឃុំចំនួន ១.៦៣៣។ ដូច្នេះ មានបញ្ហាស្មុគស្មាញផ្នែកបច្ចេកទេសច្រើន ដោយមិនដឹងថា ត្រូវរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតបែបណានៅក្រៅប្រទេស និងថាតើបោះឆ្នោតសំដៅលើឃុំណានោះទេ?

លោក ហង្ស ពុទ្ធា បន្ថែមថា ចំពោះបញ្ហាផ្លូវច្បាប់វិញ ក៏មិនបានបើកផ្លូវឲ្យ គ.ជ.ប បំពេញតួនាទីដូច្នេះដែរ ប៉ុន្តែលោកថា គ.ជ.ប នឹងអាចពិចារណាជួយរៀបចំឲ្យមានការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោតជូនពលករខ្មែរនៅបរទេសបាន លុះត្រាតែធ្វើវិសោធនកម្មច្បាប់ គ.ជ.ប ថ្មីនេះ៖ «សូមជម្រាបជូនថា ទីមួយមានភាពស្មុគស្មាញខាងផ្នែកបច្ចេកទេស។ ទីពីរ ផ្លូវច្បាប់អត់បានបញ្ជាឲ្យ គ.ជ.ប ត្រូវធ្វើដូច្នេះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ គ.ជ.ប នៅតែទទួលនូវអនុសាសន៍ និងគំនិតទាំងឡាយដើម្បីធ្វើការពិចារណា»។

ការឆ្លើយបដិសេធនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូន គ.ជ.ប កាលពីថ្ងៃទី៥ ខែកក្កដា ស្នើ គ.ជ.ប ជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនសែននាក់កំពុងបំពេញការងារ និងរស់នៅប្រទេសថៃ អាចចុះឈ្មោះ និងបោះឆ្នោតនៅត្រឹមទឹកដីខ្មែរក្បែរព្រំដែន។ សម្រាប់បណ្ដាប្រទេសឆ្ងាយៗ តំណាងរាស្ត្របក្សប្រឆាំងស្នើឲ្យបង្កើតការិយាល័យនៅតាមស្ថានទូត និងស្ថានកុងស៊ុលខ្មែរ ដើម្បីឲ្យពលរដ្ឋខ្មែរ ក៏ដូចជាមន្ត្រីស្ថានទូតអាចចូលរួមចុះឈ្មោះ និងបោះឆ្នោតដែរ។

លិខិតដាក់ជូន គ.ជ.ប នោះ ឲ្យដឹងថា សំណើរបស់តំណាងរាស្ត្របក្សប្រឆាំងនេះ គឺធ្វើឡើងតាមសំណូមពររបស់ពលករ និងប្រជាពលរដ្ឋខ្មែរនៅបរទេស ហើយក៏ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើក្នុងការធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដូចជាមានចែងក្នុងមាត្រា៣៣ និងមាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ។

រីឯនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ការរៀបចំការិយាល័យចុះឈ្មោះ និងបោះឆ្នោតនៅតាមព្រំដែន និងតាមស្ថានទូត និងស្ថានកុងស៊ុលខ្មែរប្រចាំនៅបរទេសនោះ អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាមានឆន្ទៈ៖ «ថ្មីៗនេះ ភូមា ប្រជាពលរដ្ឋរបស់គេបោះឆ្នោតនៅក្រៅប្រទេសដែរតើ! ដូចជាសាំងហ្គាពួរ (សិង្ហបុរី) ថៃ នៅកូរ៉េ និងជប៉ុន។ គ្រប់ៗគ្នាគេធានា គេចង់បានឲ្យប្រជាពលរដ្ឋរបស់គេនៅក្រៅប្រទេសបានប្រើប្រាស់សិទ្ធិបោះឆ្នោតគ្រប់ៗគ្នា។ ខ្ញុំគិតថា អត់មានបញ្ហាអីធ្ងន់ធ្ងរនោះទេ គឺវាអាស្រ័យទៅលើឆន្ទៈ»។

នាយកប្រតិបត្តិអង្គការនិកហ្វិចរូបនេះយល់ថា មូលហេតុដែលមិនអាចរៀបចំឲ្យមានការបោះឆ្នោតនៅក្រៅប្រទេសនេះ អាចពាក់ព័ន្ធនឹងនិន្នាការគាំទ្រនយោបាយទៅវិញទេ ពោលគឺប្រហែលជាបញ្ហាផ្លូវច្បាប់ និងបញ្ហាស្មុគស្មាញផ្នែកបច្ចេកទេស មិនមែនជាឧបសគ្គធំដុំនោះទេ៖ «ច្បាប់បោះឆ្នោត គឺទាក់ទងនឹងនយោបាយច្រើន ចំណែកច្បាប់ព្រហ្មទណ្ឌវាទាក់ទងនឹងសង្គមច្រើន។ ដូច្នេះខ្ញុំនិយាយតែរឿងច្បាប់បោះឆ្នោត គឺថាច្បាប់បោះឆ្នោត។ កាលណាបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៅតាមស្ថានទូតបណ្ដាប្រទេសនានា គឺវាទាក់ទងនឹងការគាំទ្រ និងសន្លឹកឆ្នោត ព្រោះអីខ្មែរយើងដូចជាពលករនៅក្រៅប្រទេសក្តី ធម្មតាគាត់រស់នៅប្រទេសគេស៊ីវិល័យ ដូច្នេះគាត់មានគំនិតទូលំទូលាយ។ គាត់អត់មានការគាបសង្កត់ ឬក៏ស្អីៗទាំងអស់។ គាត់មានសេរីភាពច្រើនក្នុងការសម្រេចចិត្តការបោះឆ្នោត»។

លោក សំ គន្ធាមី លើកឡើងថា ប្រសិនបើមិនសម្រួលឲ្យប្រជាពលរដ្ឋចុះឈ្មោះ និងបោះឆ្នោត សូម្បីនៅតាមព្រំដែនក្តីនោះ គឺប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ ព្រោះមានប្រជាពលរដ្ឋរាប់លាននាក់បាត់បង់សិទ្ធិនយោបាយ ជាពិសេសការចូលរួមដំណើរការបោះឆ្នោតនាពេលខាងមុខនេះ៕

ប្រភពៈ RFA


គ.ជ.ប មិន​អាច​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​បោះឆ្នោត​នៅ​បរទេស​តាម​សំណើ​បក្ស​ប្រឆាំង​ទេ

អ្នកជំនាញ៖ ​កម្ពុជា​គួរ​កាន់​ជំហរ​សន្តិភាព​អំពី​បញ្ហា​សមុទ្រ​ចិន

គ.ជ.ប មិន​អាច​រៀបចំ​ឲ្យ​ពលករ​ខ្មែរ​បោះឆ្នោត​នៅ​បរទេស​តាម​សំណើ​បក្ស​ប្រឆាំង​ទេ

គណបក្ស​ប្រឆាំង​ចំនួន​ពីរ​ធ្វើបុណ្យ​បង្សុកូល​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧