ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “​ទឹកចិត្ត​ម្តាយ​សម័យថ្មី​” ពី​ផលិតកម្ម Town ចាប់ផ្ដើម​ដំណើរការ​ថត​ហើយ

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “​ទឹកចិត្ត​ម្តាយ​សម័យថ្មី​” ពី​ផលិតកម្ម Town ចាប់ផ្ដើម​ដំណើរការ​ថត​ហើយ



ភ្នំពេញ ៖ ខ្សែភាពយន្ត ខ្នាត​ធំ​មួយ គឺ​រឿង “​ទឹកចិត្ត​ម្ដាយ​សម័យថ្មី​” ពី​ផលិតកម្ម​ទីក្រុង​ភាពយន្ត (Town) បាន​ធ្វើ​ពិធី​ក្រុងពាលី ដើម្បី​ចាប់ផ្តើម​ថត​ហើយ កាលពី​ព្រឹក ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម ពី​តារា​ប្រុស​ស្រី​ជាច្រើន និង​គ្រោង​ដាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​២០១៦ ឬ​ដើម​ឆ្នាំ​២០១៧ ខាងមុខ ដោយមាន​តួ​សម្ដែង ជា​តារា​ជើងចាស់ និង​ល្បីឈ្មោះ ចំនួន​៤​ជំនាន់ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​សម្ដែង​រួមគ្នា។

លោកស្រី ពាន់ ភួង​បុប្ឆា បាន​មានប្រសាសន៍ថា ខ្សែភាពយន្ត រឿង “​ទឹកចិត្ត​ម្ដាយ​សម័យថ្មី​” នេះ គឺ​ចង់​បង្ហាញ ពី​ស្ត្រី​បី​នាក់ ដែល​ជា​មិត្តភ័ក្ដិ​ នឹង​គ្នា​ប៉ុន្តែ​ជីវភាព របស់​ពួកគេ​មិន​ដូចគ្នា​ទេ​។ ក្រៅ​ពី​នេះ ក៏​ចង់​និយាយ​ពី​ទឹកចិត្ត ទោះបី​ស្ថិត​ក្នុង​ឋានៈ បែប​ណា ក៏ដោយ ក៏​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​កូនៗ គឺ​មាន​ដូចគ្នា​។ អ្នកស្រី ពាន់ ភួង​បុប្ផា​បញ្ជាក់​ថា ខ្សែភាពយន្ត​ខ្នាត​ធំ ដែល​មាន​ចំណងជើង​ថា «​ទឹកចិត្ត​ម្តាយ​សម័យថ្មី​» គឺ​មាន​ចូលរួម​សម្ដែង ពី​តារាភាពយន្ត​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​៤ ជំនាន់ រួមគ្នា ដែល​រួមមាន​លោកស្រី ឌី សា​វ៉េ​ត អ្នកស្រី អម្ពរ ទេវី លោក ទេព រិ​ន​ដា​រ៉ូ អ្នកស្រី ស៊ឹម សូលី​កា អ្នកស្រី ស្វែង សុជាតា អ្នកស្រី សុខ សុ​ម៉ា​វ​ត្តី កញ្ញា ឌុ​ច លីដា និង​លោក យិន មាស​ឧស្សាហ៍ និង​តារា​ជាច្រើនរូប​ទៀត។

​ការដែល​លោកស្រី មក​ចូលរួម​ជាមួយ ផលិតកម្ម​ទីក្រុង​ភាពយន្ត គឺ​រួមគ្នា​ដើម្បី​ផលិត​កុន ឲ្យ​មាន​គុណ​ភាព​កាន់តែ​ល្អ ហើយ​លោកស្រី បាន​ចុះ​កុងត្រា ជាមួយ​ផលិតកម្ម ទីក្រុង​ភាពយន្ត រយៈពេល​៥​ឆ្នាំ ដើម្បី​ផលិត​ខ្សែភាពយន្ត ហើយ​ចំពោះ​រឿង “​ទឹកចិត្ត​ម្តាយ​សម័យថ្មី​” នឹង​ចាប់​ផ្តើមធ្វើ​ក្រុង​ពាលី នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​ការ​ថត​ខ្សែភាពយន្ត​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែកញ្ញា ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង នៅ​ចុង​ឆ្នាំ​២០១៦ ឬ​ដើម​ឆ្នាំ​២០១៧ ហើយ​នៅ​ក្នុង​មួយ​ឆ្នាំ លោកស្រី ផលិត​ខ្សែភាពយន្ត​មួយ​រឿង ទៅ​ពីរ​រឿង។

លោកស្រី ពាន់ ភួង​បុ​ប្ឆា បាន​បញ្ជាក់​ថា លោកស្រី នឹង​ជំរុញ​វិស័យ​ភាពយន្ត និង​ចម្រៀង​ផលិតកម្ម ទីក្រុង​ភាពយន្ត ឲ្យ​ទៅមុខ​ព្រម​គ្នា គឺ​ផលិត​ដោយ​ខ្លួនឯង មិន​ចម្លង​ពី​គេ ឬ​ពី​បរទេស​។ ដោយ​លោក​ស្រី​មើល​ឃើញ​ថា ការផលិត​ខ្សែភាពយន្ត កន្លងមក គឺ​ធ្វើ​រួច​តែ​ពី​ដៃ មិន​មាន​គុណភាព និង​ប្រឹងប្រែង​ផលិត ដោយ​ស្នាដៃ​ខ្លួនឯង បង្ហាញ​ឲ្យ​គេ​ឃើញ​ពី​ស្នាដៃ​ខ្មែរ និង​ការ​ថត គឺជា​រឿង​ខ្មែរ មិន​យក​ពី​បរទេស​ជិតខាង​ឡើយ។

​ចំណែក​លោក ប៊ុន រតនា នាយក​គ្រប់គ្រង​ផ្នែក​ភាពយន្ត របស់​ក្រុមហ៊ុន ថោ​ន​គ្រុប បាន​មានប្រសាសន៍ថា សក្តានុពល និង​តម្រូវ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គឺជា​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ថោ​ន គ្រុប រៀបចំ​ផលិត​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ​។ លោក ប៊ុន រតនា ជឿ​ជាក់​ថា គុណភាព​ផលិតភាព​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​កាន់តែ​ប្រសើរ អាច​ប្រជែង​មិន​ត្រឹមតែ​ទីផ្សារ​ក្នុងស្រុក​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ផងដែរ ដោយសារតែ​ការចូលរួម​របស់ កវីនិពន្ធ និង​អ្នកដឹកនាំ​រឿង អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​ផលិតកម្ម​ទីក្រុង​ភាពយន្ត​ចាត់ទុកជា​ធនធាន​ដ៏​ពិសេស​មួយទៀត បូក​ផ្សំ​នឹង​ធនធាន​បច្ចេកទេស និង​ឧបករណ៍​ទំនើបៗ​ដែល​ផលិតកម្ម​ទីក្រុង​ភាពយន្ត​មាន​ស្រាប់។

លោក ប៊ុន រតនា ចាត់ទុកថា វត្តមាន​របស់​លោក​ស្រី ពាន់ ភួង​បុប្ផា ជា​ធនធាន​សំខាន់​មួយទៀត បន្ថែម​លើ​ធនធានមនុស្ស​ល្អៗ ដែល​មាន​ស្រាប់ នៅក្នុង​ផលិតកម្ម​ថោ​ន​។ ហើយ​លោក ប៊ុន រតនា ជឿ​ជាក់​ថា វត្តមាន​របស់​អ្នកដឹកនាំ​រឿង ជើងចាស់​ខាងលើ នឹង​ធ្វើ​ឱ្យ​ផលិតផល​ភាពយន្ត កាន់តែ​ប្រសើរ​៕

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “​ទឹកចិត្ត​ម្តាយ​សម័យថ្មី​” ពី​ផលិតកម្ម Town ចាប់ផ្ដើម​ដំណើរការ​ថត​ហើយ